​​ប្រធាន​​សហព័ន្ធ​វាយ​កូន​បាល់​អន្តរជាតិ​​​មក​​​​​កម្ពុជា​លើ​កត្តា​សំខាន់​ពីរ

  • 2017-01-12 06:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក David Haggerty ​ប្រធាន​សហព័ន្ធ​កីឡា​វាយ​​បាល់​អន្តរជាតិ​​ (ITF ) ​បាន​មក​ទស្សនកិច្ច​កម្ពុជា​លើក​​ទី​១​កាល​ម្សិល​មិញ​​ដើម្បី​​​​ជួយ​​​រៀប​ចំ​កម្ពុជា​លើ​​ផែន​ការ​អភិវឌ្ឍ​​​​ទីលាន​​វាយ​កូន​បាល់​ និង​នាំ​​គ្រូ​ល្អ​ៗ​មក​ពី​ក្រៅ​ស្រុក​មក​​ជួយ​បង្ហាត់​​ជម្រើស​ជាតិ​កម្ពុជា។

លោក David Haggerty

​​បន្ទាប់ពី​បញ្ចប់​ការ​​ទស្សនកិច្ច​​ទៅ​លើ​ការ​រៀប​ចំ​ប្រព័ន្ធ​កីឡាករ ​និង​ថ្នាល​យុវជន ប្រធាន​​សហព័ន្ធ​​វាយ​កូន​បាល់​អន្តរជាតិ​រូប​នេះ​​អះអាង​ថា កម្ពុជា​ត្រូវ​ការ​ទីលាន​បន្ថែម​ទៀត​​ និង​គ្រូ​​ល្អៗ​​ ​ពី​ព្រោះ​កម្ពុជា​មាន​ថ្នាល​យុវជន​ជា​ច្រើន​រហូត​ដល់​១ម៉ឺន​នាក់​ ដែល​ប្រទេស​នៅ​លើ​ពិភព​លោក​មិន​ទាន់​មាន។ ​លោក​សង្ឃឹម​ថា ​ថ្ងៃ​អនាគត​កម្ពុជា​នឹង​ក្លាយ​ជា​​ប្រទេស​សំបូរ​​កីឡាករ​ខ្លាំង​ៗ​ជាក់​ជា​មិន​ខាន។

លោក David Haggerty បាន​ស្វែង​យល់​ពី​កម្រិត​​សមត្ថភាព​កីឡា​​វាយ​កូន​បាល់​កម្ពុជា​បច្ចុប្បន្ន​ថា មាន​​កម្រិត​​ខ្ពស់​ និង​អាច​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន​​បាន​ ​ប៉ុន្តែ​​ដើម្បី​ចង់​បាន​​លទ្ធផល​កាន់​តែ​ប្រសើរ​ជាង​នេះ​​ ត្រូវ​បន្ត​ការ​ខំ​ប្រឹងប្រែងឲ្យ​ខ្លាំង​បច្ចុប្បន្ន​ទៀត។

ក្រៅ​ពី​ការ​សម្លឹង​ឃើញ​ចំណុច​​គួរ​​អភិវឌ្ឍ​ទាំង​នេះ​ ​លោក​កំពុង​រៀប​ចំ​គម្រោង​សហការ​ជា​មួយ​កម្ពុជា​​​​​​ ជួយ​ជ្រោមជ្រែង​លើ​ថ្នាល​​យុវជន ​ត្រៀម​​ដណ្ដើម​មេដាយ​ឲ្យ​បាន​ច្រើន​នា​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម។ អ្វី​ដែល​ពិសេស​ទៀត​នោះ ​លោកនឹង​ប្រឹងប្រែង​ឲ្យ​អស់​​ពី​សមត្ថភាព​​ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​កម្ពុជា។ ​

ជា​មួយ​គ្នា​នោះ​លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ​នៃ​សហព័ន្ធ​​កីឡា​វាយ​កូន​បាល់​កម្ពុជា​​ សម្ដែង​ការ​សប្បាយ​​ចិត្ត​ជា​ខ្លាំង​​ចំពោះ​វត្តមាន​របស់​​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អន្តរជាតិ​។ ​ក្នុង​នាម​ជា​ថ្នាក់​ដឹក​នាំ​​ផ្នែក​នេះ​មួយ​រូប​​លោក​នឹង​ប្រឹង​ប្រែង​បន្ថែម​ទៀត​ ដើម្បី​មុខ​មាត់​ប្រទេស​ជាតិ។

ទេព រិទ្ធីវិទ្ធ

​លោក David Haggerty ធ្លាប់​ទៅ​ទស្សនកិច្ច​​​​ប្រទេស​មួយ​ចំនួន​ក្នុង​អាស៊ាន​ ដែល​ពាក់ព័ន្ធ​កីឡា​វាយ​កូន​បាល់​នេះ​គឺ​ វៀតណាម សិង្ហបុរី​ ​ឡាវ ម៉ាឡេស៊ី​ ​និង​ឥណ្ឌូណេស៊ី​​ជា​ដើម៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី