ទស្សនៈ​គ្រូ​២នាក់​ចំពោះ​​​យុវជន​​ច្រើន​​នាក់​ក្នុង​ក្រុម​​ជម្រើស​ជាតិ ប៉ះ​​អារ៉ាប់​ប៊ីសាអូឌីត​

  • 2017-01-12 10:29:55
  • ចំនួនមតិ

ចន្លោះមិនឃើញ

ថ្ងៃ​ទី​១៤​ ខែ​មករា​ ចុង​សប្តាហ៍​នេះ​​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់​នឹង​ម្ចាស់​ផ្ទះ​អារ៉ាប់​ប៊ីសាអូឌីត​​​ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អាស៊ី​ ​និង​មាន​​កម្រិត​សមត្ថភាព​ខ្ពស់​ជាង​កម្ពុជា​ឆ្ងាយ។ ការ​ប្រកួត​នេះ​​ពិត​ជា​​​សំខាន់​ណាស់​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដែល​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ផ្សេង​ៗ​ដូច​ជា​កីឡា​ស៊ីហ្គេម​​ ឆ្នាំ​២០១៧​នេះ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

បើ​ក្រឡេក​មើល​សមាសភាព​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​វិញ​មាន​កម្លាំង​យុវជន​ច្រើន​​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​អារ៉ាប់​ប៊ីសាអូឌីត​​ ប៉ុន្តែ​កម្លាំង​សំខាន់​ៗ​ជា​ច្រើន​មិន​បាន​រួម​ដំណើរ​ជា​មួយ​ជម្រើស​ជាតិ​ឡើយ។ កម្លាំង​យុវជន​មាន​ដូច​ជា​​ អ្នក​ចាំ​ទី​ អ៊ុំ សេរីរ័ត្ន​ មក​ពី​ក្រសួង​ការពារ​ជាតិ​ ខ្សែ​បម្រើ​​ ​ឆេង ម៉េង មក​ពី​ណាហ្គាវើល​ ​ខ្សែ​ការពារ​ លី​ ​វ៉ាហេទ​ មក​ពី​បឹងកេត​អង្គរ​ ខណៈ​​អ្នក​ចាំ​ទី​ កែវ សុខសិលា​ ខ្សែ​បម្រើ​ អ៊ិន សុដាវិត​ និង​ខ្សែ​ការពារ​ សឿត​ បារាំង​ មក​ពី​​ភ្នំពេញ​ក្រោន។ ​នេះ​ជា​ឱកាស​របស់​ពួក​គេ​​បង្ហាញ​សមត្ថភាព​ និង​ទទួល​បាន​បទ​ពិសោធន៍​ពី​ការ​ប្រកួត​អន្តរជាតិ​​ទល់​នឹង​ក្រុម​ខ្លាំង។ ពួក​គេ​នឹង​​ក្លាយ​ជា​កម្លាំង​ស្នូល​សម្រាប់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ​ដែល​ត្រៀម​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នា​ខែ​សីហា​ ខាង​មុខ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី។

​បើ​និយាយ​ពី​​​កម្លាំង​សំខាន់​ៗ​ដែល​ជា​ក្តី​សង្ឃឹម​​​​​សម្រាប់​ជម្រើស​ជាតិ​កម្ពុជា​​កន្លង​មក​មិន​បាន​រួម​ដំណើរ​ជា​មួយ​ជម្រើស​ជាតិ​ឡើយ​ដោយ​សារ​ពួក​គេ​មាន​របួស​ និង​ជាប់​​រវល់។ កីឡាករ​ទាំង​នោះ​មាន​​ខ្សែ​បម្រើ​ប្រយុទ្ធ​លេច​ធ្លោ​ ចាន់ វឌ្ឍនាកា ខ្សែ​ការពារ រស់ ​សំអឿន​​ ខ្សែ​ការពារ​សំខាន់​ ​សុខ​ សុវណ្ណ​ និង​​អ្នក​ចាំ​ទី​ល្បី​ឈ្មោះ​ ស៊ូ យ៉ាទី​ មក​ពី​បឹងកេត​អង្គរ​ ខណៈ​ខ្សែ​ប្រយុទ្ធ​​ល្បី​ ​ប្រាក់ មុន្នីឧត្តម​ មក​ពី​ព្រះ​ខ័នរាជ​ស្វាយរៀង ព្រម​ទាំង ធារី ចន្ថាប៊ីន ដែល​ស្ថិត​នៅ​ទឹក​ដី​ថៃ។

លោក ទេព ឡុងរចនា
  • លោក​ ទេព ឡុងរចនា គ្រូ​បង្វឹក​ក្លឹប​ក្រសួង​ការពារ​ជាតិ​​​​មើល​មិន​ឃើញ​ច្រើន​អំពី​កម្រិត​សមត្ថភាព​របស់​យុវជន​ទាំង​នោះ​ទេ​ដោយ​សារ​ពួក​គេ​មួយ​ចំនួន​អាច​នឹង​មិន​កើន​ឡើង​ខ្លាំង​ឡើយ​ បើ​ទោះ​ជា​មាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ឆាក​អន្តរជាតិ​ក៏​ដោយ។ លោក​បាន​និយាយ​ថា​ ៖«ការ​លេង​របស់​ពួក​គេ​នៅ​មាន​កម្រិត​ទាប​ បើ​ទោះ​ជា​ពួក​គេ​បាន​ឱកាស​លេង​ជា​មួយ​ក្រុម​​អារ៉ាប់​ប៊ីសាអូឌីត​​ក៏​ដោយ​ ក៏​នឹង​មិន​មាន​អ្វី​ជួយ​ច្រើន​ដល់​ជម្រើស​ជាតិ​ដែរ»។
លោក ប្រាក់ សុណ្ណារ៉ា
  • ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ​ លោក​ ប្រាក់​ សុវណ្ណារ៉ា អតីត​គ្រូ​បង្វឹក​ជម្រើស​ជាតិ​កម្ពុជា​ និង​​បឹងកេត​អង្គរ​​បាន​លើក​ឡើង​ថា​ លោក​យល់​ឃើញ​ផល​ប្រយោជន៍​ពី​ចំណុច​សម្រាប់​ការ​ប្រកួត​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អារ៉ាប់​ប៊ីសាអូឌីត​​។ ទី​១​ការ​ប្រកួត​នេះ​បង្កើន​រឹត​ចំណង​មិត្តភាព​ជា​មួយ​ក្រុម​អារ៉ាប់​ប៊ីសាអូឌីត​​​ដែល​​ជា​​ក្រុម​ខ្លាំង​នៅ​អាស៊ី។ទី​២ យុវជន​មួយ​ចំនួន​ដែល​មាន​ឈ្មោះ​ជា​មួយ​ជម្រើស​ជាតិ​​លើក​នេះ​កាន់​តែ​មាន​បទ​ពិសោធន៍ យល់​ដឹង​ច្រើន និង​មាន​ទំនុក​ចិត្ត​សម្រាប់​​​ក្រុម​ជម្រើស​ជាតិ​ដែល​កំពុង​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​​​ស៊ីហ្គេម និង​ពាន​អន្តរជាតិ​ផ្សេង។ នេះ​ជា​ឱកាស​របស់​ពួក​គេ​ដើម្បី​កែ​ខៃ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន។
លោក​ ប៉ែន ផាត (ស្តាំ)
  • ទន្ទឹម​នេះ​ដែរ​ លោក​ ប៉ែន​ ផាត​ អតីត​កីឡាករ​ល្បី​​សម័យ​​មុន​​មាន​ប្រសាសន៍​ថា​ វា​ជា​ការ​ល្អ​ណាស់​ដែល​ផ្តល់​ឱកាស​ដល់​យុវជន​បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ។ ប៉ុន្តែ​លោក​មិន​ចង់​ឃើញ​​ពួក​គេ​បាន​ត្រឹម​អង្គុយ​មើល​គេ​លេង​ឡើយ​ នៅ​ពេល​ពួក​គេ​មាន​ឱកាស​ចូល​រួម​ជា​មួយ​ជម្រើស​ជាតិ​ហើយ​នោះ​៕
បញ្ជី​ឈ្មោះ​ជម្រើស​ជាតិ ប៉ុន្តែ​កីឡាករ​មួយ​ចំនួន​មិន​បាន​ទៅ​ជា​មួយ​

អត្ថបទ៖ ជាន ចាន់រ៉ា