គំនូរ​ជីវចលស្នាដៃ​​​ខ្មែរ​​​ "ចៅ​​កូរ" បណ្ដុះ​​គំនិត​​កុមារ​កម្ពុជា​​​​ស្រលាញ់​​​បរិស្ថាន​​តាំង​​ពី​ក្មេង​

  • 2017-01-12 07:17:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាព​យន្ត​គំនូរ​ជីវចល​កម្សាន្ត​​​​ខ្លី​ៗ​តែ​​បង្កប់​អត្ថន័យ​អប់​រំ​ពី​បរិស្ថាន​ ចំនួន​ ១៨​​​ភាគ​ ផលិត​ដោយ​ស្នាដៃ​​​ជន​ជាតិ​ខ្មែរ​ នឹង​ចាក់​បញ្ចាំង​ផ្សាយ​​តាម​កញ្ចក់​​ទូរទស្សន៍​​ ជា​សារ​អប់​រំ​ដល់​សាធារណជន​ ជា​ពិសេស​ប្អូន​កុមារ​ៗ​ ឲ្យ​ចេះ​ស្រលាញ់​ការពារ​បរិស្ថាន​​ជុំ​វិញ ដែល​ខ្លួន​រស់​នៅ។

តាម​​ការ​ថ្លែង​របស់​ ឯកឧត្ដម​ សាយ​ សំអាល់​​ រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន​ គំនូរ​ជីវចល​ខាង​លើ​ គឺ​​បាន​​ផលិត​ឡើង​ដោយ​​វិចិត្រ​ករ​ខ្មែរ ដែល​បាន​គូរ​រូប​តួអង្គ​នី​មួយ​ៗ​ តាម​​​​​រចនា​បថ​ខ្មែរ​ សម​ស្រប​តាម​​​សង្គម​កម្ពុជា​​។ អ្វី​ដែល​ពិសេស​ទៅ​ទៀត​នោះ គឺ​​គំនូរ​ជីវចល​ទាំង​នោះ​នឹង​​ជួយ​​ផ្លាស់​ប្ដូរ​ផ្នត់​ ពលរដ្ឋ​កម្ពុជា​ឲ្យ​ស្រលាញ់​បរិស្ថាន ជា​ពិសេស​កុមារ​​​កម្ពុជា​តូច​ៗ​។

ចំពោះ​តួ​អង្គ​​សំខាន់​ៗ ក្នុង​រឿង​ "ចៅ​កូរ" គឺ​មាន​ ចៅ​កូរ​ កូន​ទាហាន និង​អា​សង្ហា ដែល​សម្ដែង​​ក្នុង​សាច់​រឿង​​ផ្សេង​ៗ​ពាក់​ព័ន្ធ​ នឹង​បរិស្ថាន​​សង្គម​ដូច​ជា​​​ ការ​បំពុល​​ពី​ផ្សែង​​ចេញ​ពី​យាន​យន្ត និង​ការ​បោះ​សំរាម​​​ចោល​​រាយ​ប៉ាយ បង្រៀន​ប្រជាជន​ឲ្យ​ចេះ​ដាំ​ដើម​ឈើ​ជា​ជម្រក​សត្វ​ ទប់​ស្កាត់​​​ការ​បរ​បាញ់​សត្វ​ព្រៃ​ខុស​ច្បាប់​។​​​​

ឯកឧត្ដម​ សាយ​ សំអាល់​​ រដ្ឋ​មន្ត្រី​​ក្រសួង​បរិស្ថាន​

ចំពោះ​​ការ​ ខ្សែ​​ភាព​យន្ត​គំនូរ​ជីវចល​នោះ នឹង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ក្នុង​មួយ​ថ្ងៃ​ ១០​ដង សម្រាប់​រយៈ​ពេល​ ៦​ខែ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី លោក លឹម​ ឃុន​ស្រ៊ុន អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​ MY TV។

រំលឹក​ផង​ដែរ​ថា លោក​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ថ្លែង​អំពី​ គំនូរ​ជីវចល​ខាង​លើ នៅ​ក្នុង​ពិធី​​កម្មវិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​​​នៃ​ការ​យោគ​យល់​គ្នា រវាង​ក្រសួង​បរិស្ថាន​ និង​ដៃ​គូ​​​សហការ​ផលិត​គំនូរ​ជីវចល​៕ ​​​​​

អត្ថបទ៖ មាន រតនា

អត្ថបទពេញនិយម