ល្អ​មើល​ទៀត​ហើយ! Pacquiao ​​ព្រម​​វ៉ៃ​ជាមួយ​កីឡាករ​អូស្ត្រាលី ​Jeff Horn ​នៅ​ខែ​មេសា

  • 2017-01-12 10:04:55
  • ចំនួនមតិ

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​អាស៊ី​ Manny Pacquiao ​បាន​យល់​ព្រម​​​ឡើង​សង្វៀន​​​​វ៉ៃ​ជាមួយ​អ្នក​ប្រដាល់​វ៉ៃ​ក្មេង​របស់​អូស្ត្រាលី​ Jeff Horn នៅ​ខែ​មេសា​ខាង​មុខ​នេះ។

Pacquiao (ឆ្វេង) និង​ Jeff Horn (ស្តាំ)

អ្នក​​ផ្គូផ្គង​រៀប​ចំ​ការ​ប្រកួត​របស់​ PacMan លោក​ Bob Arum ​និង​លោក​​ Dean Lonergan ​​​អ្នក​តំណាង​ក្នុង​ព្រឹត្តិការណ៍​ Duco Events ​បាន​ព្រមព្រៀង​​រៀប​ចំ​ការ​ប្រកួត​រវាង Manny Pacquiao ​វ៉ៃ​ជាមួយ​ ​Jeff Horn ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។ បើ​តាម​លោក​ Dan Rafael ​របស់​សារព័ត៌មាន​ ESPN បាន​ឲ្យ​ដឹង​បន្ថែម​ថា ​​​ការ​ប្រកួត​នេះ​ នឹង​ធ្វើ​ឡើង​នៅ​​​ប្រទេស​អូស្ត្រាលី ឬ​អារ៉ាប៊ីសាអ៊ូឌីត នៅ​ថ្ងៃ​ទី​២២ ខែ​មេសា​ ឆ្នាំ​២០១៧។

Pacquiao វ័យ​៣៨​ឆ្នាំ​ ​​ឡើង​សង្វៀន​ប្រដាល់​ចុង​ក្រោយ​កាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ បន្ទាប់​ពី​វ៉ៃ​ឈ្នះ​ Jessie Vargas ​ដណ្តើម​បាន​ខ្សែ​ក្រវាត់ WBO Welterweight។ Pacman ​បច្ចុប្បន្ន​​កាន់​តែ​កើន​កំណត់ត្រា​ល្អ​ ដោយ​វ៉ៃ​ឈ្នះ​៥៩ ស្មើ​៦ និង​ចាញ់​២​ដង។

តើ​ Jeff Horn ជា​នរណា?

Jeff Horn ​វ័យ​២៨​ឆ្នាំ ជា​អតីត​សមាជិក​​កីឡាករ​ប្រដាល់​​អូឡាំពិក​របស់​អូស្ត្រាលី​កាល​ឆ្នាំ​២០១២ មុន​ពេល​​ក្លាយ​ជា​អ្នក​ប្រដាល់​កម្រិត​អាជីព​ កាល​ឆ្នាំ​២០១៣។

Horn ​ឡើង​វ៉ៃ​១៦​ដង ឈ្នះ​ទាំង​១៦​ដង មិន​ទាន់​ស្គាល់​ពាក្យ​ថា "ចាញ់" ទេ និង​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​១១​ដង។ ប្រកួត​ចុង​ក្រោយ​ឈ្នះ​អ្នក​ប្រដាល់​​ Ali Funeka ​ដោយ​វ៉ៃ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​៦ ​កាល​ខែ​​ធ្នូ។ អ្នក​ប្រដាល់​វ័យ​ក្មេង​រូប​នេះ​ បច្ចុប្បន្ន​ជាប់​ឈ្មោះ​ជា​កីឡាករ​លំដាប់​លេខ​២ ​ក្នុង​ World Boxing Organization (WBO)'s Welterweight។ ប៉ុន្តែ Horn ​​មិន​ដែល​ធ្លាប់​វ៉ៃ​លក្ខណៈ​អាជីព​ក្រៅ​ទឹក​ដី​អូស្ត្រាលី​ និង​នូវែលហ្សេឡង់​នោះ​ទេ៕


ប្រភព៖ CNN ប្រែ​សម្រួល៖ វិន ជីវ័ន្ត​