ស្មាតហ្វូន​ជំនាន់​ថ្មី HTC ចេញហើយ ប៉ុន្តែស្ទើរគ្មាន​ចំណុច​ទាក់ទាញ

  • 2017-01-12 11:21:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញនេះក្រុមហ៊ុន HTC បាន​បង្ហាញចេញស្មាតហ្វូនម៉ូដែល HTC U Ultra សម្រាប់​ប្រកួតលើទីផ្សារនៅឆ្នាំ ២០១៧ ប៉ុន្តែវត្តមានស្មាតហ្វូនជំនាន់ថ្មីនេះហាក់បានធ្វើឲ្យអ្នកគាំទ្រខកចិត្តខ្លាំង។

ការរចនារូបរាងហាក់មានភាពសាមញ្ញ​ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺតួ​ខ្លួនរបស់ស្មាតហ្វូន​​ស្រោប​ដោយ​កញ្ចក់ត្បូង​កណ្ដៀង ដែលកម្រឃើញមានលើស្មាតហ្វូន​លើ​ទីផ្សារបច្ចុប្បន្ន។ ចំណុច​ខ្លាំងរបស់កញ្ចក់ត្បូងកណ្ដៀងនេះគឺអាចធន់នឹងភាពឆ្កូតបាន។ យ៉ាងណាក្ដីសម្បកកញ្ចក់ត្បូង​កណ្ដៀង​នេះនឹងមានតែនៅលើ HTC U Ultra ប្រភេទ​មាន​ចំនួន​កំណត់ (Limited Edition) ប៉ុណ្ណោះ ដែលនឹងចេញលក់ចុងឆ្នាំនេះ។

ក្រឡេកមើលលក្ខណៈសម្បត្តិ U Ultra ឯណោះវិញគឺមានអេក្រង់ពីរ​ដោយ​អេក្រង់មេទំហំ ៥,៧ អ៊ីញ​ ប្រភេទ QuadHD និង អេក្រង់មួយខ្សែទៀតនៅផ្នែកខាងលើ​ ប្រៀប​ដូចជា LG V20 ដែរ។ បន្ទះឈីបគឺជាប្រភេទ Snapdragon 821 មិន​មែន Snapdragon 835 ដូចពាក្យចចាមអារ៉ាមផ្សាយកន្លងមកឡើយ។ ចំពោះ RAM មាន​ទំហំ 4 GB រួមនឹងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 64 GB/128 GB ហើយក៏មានរន្ធសម្រាប់បន្ថែមទំហំតាមមេមរូរីកាតផងដែរ។

កាមេរ៉ាខាងក្រោយមានកម្រិត 12 MP ដែលមាន Pixel ទំហំ 1.55µm, Aperture f/1.8, មុខងារ Phase Detection ដែលអាច Focus បានល្អ រួមជាមួយបច្ចេកវិទ្យារក្សាលំនឹង​រូបភាព OIS។ ចំណែកកាមេរ៉ាខាងមុខវិញមានកម្រិតដល់ 16 MP អាច Selfie បានធំទូលាយ។ ថាមពលថ្មមានទំហំ 3000 mAh ដែលនឹងត្រូវសាកតាមរន្ធ USB Type-C ហើយ U Ultra នេះ​​មិនមានរន្ធដោតកាសប្រភេទ 3.5 mm ឡើយ។

HTC នឹងបញ្ចេញលក់ U Ultra នៅត្រីមាសទីមួយនេះដោយមិនបញ្ជាក់ពេលជាក់លាក់ឡើយ ហើយតម្លៃលក់លើទីផ្សារសហរដ្ឋអាមេរិកនឹងមានចាប់ពី ៧៤៩ ដុល្លារក្នុងមួយគ្រឿង៕

ប្រភព៖ GSMarena | Androidauthority   ប្រែ​សម្រួល៖ សុខហេង