យានយន្ត​បំពាក់​អំពូល​ឡាស៊ែរ និង LED អាច​រង​ការ​ផាក​ពិន័យ​ឬ​ទេ?

  • 2017-01-16 06:14:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យានយន្ត​ស៊េរី​ទំនើប​មួយ​ចំនួន បាន​បំពាក់​អំពូល​ឡាស៊ែរ និង LED ដើម្បី​បំភ្លឺ​ផ្លូវ​បាន​ច្បាស់ និង​ជា​ផ្នែក​មួយ​នៃ​ការ​លម្អ ប៉ុន្តែ​អំពូល​ខ្លះ​បាន​ប៉ះ​ពាល់​ដល់​អ្នក​បើកបរ​បញ្ច្រាស​ទិស​គ្នា រហូត​មើល​ផ្លូវ​មិន​ឃើញ​ក៏​មាន។ តើ​ការ​បំពាក់​អំពូល​ឡាស៊ែរ និង LED ដែល​ចាំង​ខ្លាំង​ពេក អាច​រង​ការ​ផាក​ពិន័យ​ឬ​ទេ?

រូបភាព៖ ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ទំព័រ​ហ្វេសប៊ុក​របស់​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​យ៉ាង​លម្អិត អម​ដោយ​មាត្រា​ច្បាប់​ថា ការ​ប្រើ​អំពូលLaser ឬ LED មាន​ពន្លឺ​ចាំង​ខ្លាំង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​បញ្ជា​យានយន្ត​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា។ ជា​រឿយៗ​ករណី​នេះ​បាន​ធ្វើ​ឲ្យ​កើត​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស ព្រម​ទាំង​ខូចខាត​នូវ​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ធំ ។

ក្នុង​រយៈពេល​កន្លង​ទៅ ឧត្ដមសេនីយ៍​ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង បាន​បញ្ជា​ឲ្យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក កាក់​ត្រួត​ពិនិត្យ​យានយន្ត​ដែល​ធ្វើ​ចរាចរណ៍​ពេល​យប់ មាន​បំពាក់​អំពូល Laser ឬ LED ត្រូវ​ដោះ​ចេញ​ហើយ​ផាក​ពិន័យ​តាម​ផ្លូវ​ច្បាប់។ ករណី​នេះមិន​មែន​ជា​ករណីទី១​ទេ ដែលនគរ​បាល​​បាន​​ធ្វើ ​ហើយ​​ចំណាត់​ការ​កន្លង​ទៅ ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ទូទៅ និង​ស្រប​តាម អនុក្រឹត្យ​លេខ ៨៥ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា៣០ នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តាម​មាត្រា៣០ នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​កម្ពុជា បាន​ចែង​ថា ការ​បំពាក់​សួរសព្ទ ភ្លើង​បំភ្លឺ ឬ​ភ្លើង​លំអ​ផ្សេង​ៗ​ទៀត ក្រៅ​ពី​ការ​កំណត់​លក្ខណៈ​បច្ចេកទេស​របស់​យាន​ជំនិះ ត្រូវ​ហាម​ឃាត់។

ទោះ​បែប​នេះ​ក្ដី សមត្ថកិច្ច​ខេត្ត​បាត់​ដំបង​បាន​បញ្ជាក់​រួច​ហើយ​ថា ប្រសិន​បើ​​​អំពូល Laser ឬ LED ទាំង​នោះ ត្រូវ​បំពាក់​ចេញ​ពី​រោងចក្រ​ផ្ទាល់ នឹង​មិន​មាន​ការ​ផាក​ពិន័យ​ឡើយ៕

ចំណែក​មាត្រា៨ នៃ​អនុក្រឹត្យ​លេខ​៨៥​ អនក្រ.បក ចុះ​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៥ ស្ដីពី​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក បាន​ចែង​ថា ត្រូវ​ពិន័យ​អន្តរការណ៍​ចំពោះ​អ្នក​បើកបរ​ទោច​ចក្រ​យានយន្ត ឬ​ទោចក្រយានយន្ត​សណ្ដោង​រ៉ឺម៉ក ឬ​ត្រី​ចក្រយានយន្ត​ចំនួន​ទឹក​ប្រាក់ ២៥០០០(ពីរ​ម៉ឺន​ប្រាំ​ពាន់) រៀល អ្នក​បើកបរ​យានយន្ត​ធុន​ស្រាល​ចំនួន​ទឹក​ប្រាក់ ៥០០០០​(ប្រាំ​ម៉ឺន) រៀល និង​អ្នក​បើក​បរ​យានយន្ត​ធុន​ធ្ងន់​ចំនួន​ទឹក​ប្រាក់ ១០០ ០០០​រៀល(មួយ​សែន) ចំពោះ​អំពើ​ល្មើស​ដូច​ខាង​ក្រោម៖

ចំណុច ឆ៖ អ្នក​បើកបរ​យានយន្ត​ល្មើស​នឹង​ការ​ប្រើ​ប្រាស់​ភ្លើង​បំភ្លឺ ឬ​កែច្នៃ​ភ្លើង​បំភ្លឺ ឬ​ភ្លើង​សញ្ញា​នៃ​យាន​មិន​ត្រឹមត្រូវ៕ ​

អត្ថបទ៖ គង់ វិសាល

អត្ថបទថ្មី