បន្តិច​ទៀត​! ត្រឹម ១០វិនាទី​​ សមត្ថកិច្ច​អាច​រក​ឃើញ​ផ្ទះ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​

  • 2017-01-18 02:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្តិច​ទៀត​នេះ​ សមត្ថកិច្ច​នឹង​​ប្រើ​ពេល​ត្រឹម​១០​វិនាទី​ប៉ុណ្ណោះ​ ដើម្បី​ដឹង​​ពី​​អាសយដ្ឋានរបស់​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ តាម​រយៈ​កាមេរ៉ាបំពាក់​​តាម​ភ្លើង​ស្តុប។​ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្ដម​ រុន​ រ័ត្ន​វាសនា​ បាន​​លើក​ឡើង​ថា​ ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ ​ពេល​ដែល​​​ក្រសួង​មហាផ្ទៃ​​​​ដំឡើង​ ប្រព័ន្ធកាមេរ៉ា​រួច​​ហើយ​នោះ​​​ សមត្ថកិច្ច​នឹង​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​​ក្នុង​ការ​ស្វែង​រក​អ្នក​ល្មើស​​​ច្បាប់​​ចរាចរណ៍​​នៅ​លើ​​ដង​ផ្លូវ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​​។​ លោក​បាន​បន្ត​ថា​ កាមេរ៉ា​​​ជិត​​១០០០​គ្រឿង​​​នឹង​​​ត្រូវ​បាន​ដំឡើង​ដើម្បី​​​អាច​​ត្រួត​ពិនិត្យ​ និង តាម​ដាន​សកម្មភាព​​ជន​ល្មើស​បាន​យ៉ាង​​ងាយ​។​

ឯកឧត្ដម​ រុន​ រ័ត្ន​វាសនា​

​​លើស​ពី​នេះ​ទៀត​ លោក​បាន​ពន្យល់​ថា​​ កាមេរ៉ា​ទាំង​នោះ​​មាន​សមត្ថភាព​ពិសេស​គឺ​អាច​ Zoom មើល​បាន​រហូត​ដល់​ចម្ងាយ​ ២ ទៅ ៣​ គីឡូម៉ែត្រ​ឯ​ណោះ។​ ​ដូចនេះ​វា​ផ្ដល់​​នូវ​រូប​ភាព​ច្បាស់​​​​ ​ក្នុង​ការ​​ថត​​យក​​​ផ្លាក​លេខ​យានយន្ត​របស់​ជន​ល្មើស និង រូប​ជន​ល្មើស​​​ផ្ទាល់​ដែល​រត់​គេច​ខ្លួន​។

បន្ទាប់​មក​​សមត្ថកិច្ច​នឹង​​ធ្វើ​ការ​​​​ស្វែង​រក​អាសយដ្ឋាន​របស់​ម្ចាស់​យាន​យន្ត​នោះ​​​ដោយ​ចំណាយ​ពេល​ត្រឹម​តែ​​១០​វិនាទី​ប៉ុណ្ណោះ​ តាម​រយៈ​​​ម៉ាស៊ីន​​​កុំព្យូទ័រ​​របស់​ក្រសួង​ ដែល​​បាន​​ផ្ទុក​​ទិន្នន័យ​​ផ្លាក​លេខ​យានយន្ត​​​។​ ជាងនេះទៅទៀត សមត្ថកិច្ច​ក៍​នឹង​មាន​បញ្ជូន​ជា​​លិខិត​​ផាក​ពិន័យ​​ទៅ​ដល់​ផ្ទះ​​ម្ចាស់​យាន​យន្ត​ទៀត​ផង​។

ជា​ចុង​ក្រោយ​​​ លោក​បាន​ស្នើ​​អោយ​​ម្ចាស់​យាន​​​យន្ត​​ទាំង​អស់​ប្រញាប់​ប្រញាល់​​ទៅ​​​កាត់​ឈ្មោះ​ ​និង ផ្ទេរ​សិទ្ធ​កាន់​កាប់​អោយ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​​​កុំ​​អោយ​ជាប់​ឈ្មោះ​ក្នុង​បទ​​ល្មើស​​យានយន្ត​នានា​ដោយ​មិន​ដឹង​ខ្លួន​៕

អត្ថបទ៖ ចន្ថា