ព័ត៌មាន​បន្ថែម​ ជុំវិញ​ដំណឹងមរណភាព​អ្នក​​គ្រប់គ្រង​ទូទៅ​​​ផលិតកម្ម​ថោន អ៊ា វឌ្ឍនា សាច់​ញាតិ​អះអាង​​ផ្ទុយគ្នា

  • 2017-01-18 04:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំវិញ​ដំណឹង​​មរណភាពអ្នក​គ្រប់​គ្រង​ទូទៅ​នៅ​ផលិតកម្ម​ថោន​ អ៊ា វឌ្ឍនា មាន​ព័ត៌មាន​ផ្ទុយ​គ្នា​នៅ​ឡើយ ដោយ​ដំបូង​ឡើយ មិត្តភ័ក្ដិ និង​សាច់​ញាតិ​ម្នាក់​របស់​លោក​ផងបាន​បញ្ចេញ​ឲ្យ Sabay ដឹង​ថា អ្នក​គ្រប់​គ្រង​រូប​នេះ​ស្លាប់​ហើយ។ ប៉ុន្តែ​ភរិយា​របស់​លោក​បាន​បញ្ចេញ​ថា ស្វាមី​អ្នក​ស្រី មិនទាន់​មរណភាព​ទេ។

កាល​ពី​ព្រឹក​មិញ​នេះ ដំណឹង​មរណភាព​របស់ អ៊ា វឌ្ឍនា បាន​ធ្វើ​​ឲ្យ​រញ្ជួយ​ក្នុង​ចង្កោម​សិល្បៈ និង​មិត្តភក្ដិ ដោយ​សារ​តែ​ប្រភព​ដែល​ជា​មិត្ត​ភក្ដិ​ជិត​ស្និទ្ធ ក្នុង​នោះ​មាន​បង​ថ្លៃ​លោក​ផង​ឈ្មោះ ប្រាក់ ចន្ធុល រស់​នៅ​ប្រទេស​បារាំង បាន​បញ្ចេញ​ឲ្យ​ដឹង​ថា មិត្តភ័ក្ដិ និង​សាច់​ញាតិ​របស់​ពួក​គេ បាន​ធ្វើ​មរណកាល​ទៅ​ហើយ។

មិត្តភ័ក្ដិ​រួម​ជំនាន់ និង​រួម​ការងារ​របស់​លោក​ផង ជា​ច្រើន​បាន​បញ្ចេញ​សារ​ចូល​រួម​សោក​ស្ដាយ និង​រំលែក​ទុក្ខ​ព្រោង​ព្រាតជាមួយ​គ្រួសារ​នៃ​សព​​នៅ​លើ​បណ្ដាញ​សង្គម។ យ៉ាង​នេះ ប៉ុន្មាន​នាទី​មុន​នេះ ព័ត៌មាន​អកុសល​ខាង​លើ ត្រូវ​បាន​ទាត់​ចោល​ដោយ​ស្រ្តី​ម្នាក់​ឈ្មោះ Raxmy Muol ដែល​អះអាង​ថា​ជា​ភរិយា​លោក អ៊ា វឌ្ឍនា។

ស្រី្ត​វ័យ​កណ្ដាល​បញ្ចេញ​សារ​នៅ​ហ្វេសប៊ុក​របស់​ខ្លួន​ថា "អរគុណ​ចំពោះ​ទឹក​ចិត្ត​អ្នក​ទាំង​អស់​គ្នា នាង​ខ្ញុំ​ជា​ភរិយា​លោក សូម​បញ្ជាក់​ថា គាត់​មិន​ទាន់​ចាក​ចេញ​ពី​ពួក​យើង​ទេ"។ ប្រិយមិត្ត​ដែល​ជាប់​ទាក់​ទង​ និង​ស្គាល់ ក៏​បាន​ចូល​រួម​អបអរ​ឡើង​វិញ និង​ជូន​ពរ​ឲ្យ​លោក ឆាប់​សះស្បើយ បន្ទាប់​ពី​ឃើញ​សារ​ខ្លី​នេះ ពី​ស្ត្រី​ដែល​អះអាង​ថា​ជា​ភរិយា​លោក អ៊ា វឌ្ឍនា។

ជុំវិញ​បញ្ហា​នេះ​ដែរ លោក ប្រាក់ ចន្ធុល ជា​បង​ថ្លៃ​លោក វឌ្ឍនា ដែល​បាន​ប្រាប់​ Sabay ពី​មុន​ថា ប្អូន​ថ្លៃ​លោក​ស្លាប់​ហើយ​នោះ បាន​បញ្ជាក់​ប្រាប់​​ម្ដង​ទៀត​ថា សាច់​ថ្លៃ​របស់​លោក​រូប​នេះ មិន​ទាន់​ផុត​ដង្ហើម​ទេ។

ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា លោក វឌ្ឍនា ដែល​ជាប់​ជាមួយ​បំពង់​អុកស៊ីហ្សែន ស្ថិត​ក្នុង​អការ​មិន​ដឹងខ្លួន​ឡើយ និង​មាន​សង្ឃឹម​តិច​តួច​បំផុត។

Sabay នឹង​រាយ​ការណ៍​បន្តបន្ទាប់​ជុំវិញ​ករណី​នេះ ប្រសិន​បើ​មាន​ព័ត៌មាន​វិវត្តន៍​ថ្មី

អត្ថបទ៖ ខុត សីហា