Sadio Mane ​ស៊ុត​ឲ្យ​សេណេហ្គាល់ ​ឡើង​វគ្គ​៨​ក្រុម​ Africa Cup of Nations ​មុន​គេ

  • 2017-01-20 03:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sadio Mane ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ក្រុម​ហង្ស​ក្រហម​ Liverpool ​បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ ជួយ​ឲ្យ​ក្រុម​​ជម្រើស​ជាតិ​សេណេហ្គាល់​ ឈ្នះ​ស៊ីមបាបវេ​ ២-០ ​កក់​កៅអី​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ពាន​រង្វាន់​ Africa Cup of Nations​​ មុន​គេ ​កាល​ពី​យប់​មិញ។

Sadio Mane (លេខ​១០-ស្តាំ)

Mane ​​ស៊ុត​គ្រាប់​បើក​ឆាក​នៅ​នាទី​ទី​១០ ​មុន​ពេល​មិត្ត​រួម​ក្រុម​ Henri Saivet ​ស៊ុត​បាល់​ហ្វ្រីឃីក​​យ៉ាង​អស្ចារ្យ​នៅ​៣​នាទី​បន្ទាប់។ ក្នុង​ពូល​ B ​សេណេហ្គាល់ ​ប្រកួត​២​ដង​កន្លង​មក ឈ្នះ​ទាំង​២​ប្រកួត ​(ប្រកួត​មុន​ឈ្នះ​ទុយណេស៊ី ២-០) មាន​៦​ពិន្ទុ​ ឈរ​លេខ​១ ​ឡើង​វគ្គ​៨​ក្រុម​មុន​គេ​ ដោយ​​ស្វ័យ​ប្រវត្តិ ទោះ​ប្រកួត​ក្រោយ​ចាញ់​អាល់ហ្សេរី​ក៏​ដោយ។ ពួកគេ​ នឹង​ឡើង​ប៉ះ​ក្រុម​លេខ​២ ក្នុង​ពូល​ A នៅ​វគ្គ​៨​ក្រុម​ជា​បន្ត។

សម្រាប់​ Mane ដែល​ជា​កីឡាករ​​មាន​តម្លៃ​ខ្លួន​​ថ្លៃ​បំផុត​នៅ​​ទ្វីប​អាហ្វ្រិក​ ៣៥​លាន​​ផោន​កាល​ផ្ទេរ​ទៅ​ Liverpool ដើម​រដូវ​កាល​នេះ​ ពិត​ជា​​បង្ហាញ​ទម្រង់​លេង​ល្អ​មែន​ទែន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់។ ប្រកួត​មុន​ កីឡាករ​រូប​នេះ ក៏​ស៊ុត​បញ្ចូល​ទី​ ដោយ​ទាត់​​បាល់​ពិន័យ​១១​ម៉ែត្រ បាន​១​គ្រាប់​ផង​ដែរ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម