​គន្លឹះ​សំខាន់ៗ​ដើម្បី​​ឲ្យ​បុគ្គលិក​ធម្មតា​​ចំណាយ​ពេល​ត្រឹម​១​ឆ្នាំ ក្លាយ​ជា​ថ្នាក់​ដឹក​នាំ​ក្នុង​ក្រុមហ៊ុន​មួយ​

  • 2017-01-20 07:09:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​អភិវឌ្ឍ​ខ្លួនឯង​ក្នុង​នាម​ជា​បុគ្គលិក​ធម្មតា​ម្នាក់ ឱ្យ​មាន​ដំណែង​ខ្ពស់​ក្នុង​ក្រុមហ៊ុន​មួយ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ​ហើយ​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ក្នុង​ក្រុមហ៊ុន​ត្រឹម​រយៈពេល​ខ្លី​កាន់​តែ​ពិបាក​ទៀត​។ តើ​មាន​គន្លឹះ​សំខាន់ៗ​អ្វី​ខ្លះ ដើម្បីក្លាយ​ជា​បុគ្គលិក​មាន​ដំណែង​ខ្ពស់​ក្នុង​ក្រុមហ៊ុន​មួយ​ត្រឹម​រយៈ​ពេល​ខ្លី​?

អ្នក​ស្រី​ យូ បូរី អគ្គ​នាយិកា​ក្រុមហ៊ុន Top Talent Consulting ​ធ្លាប់​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​មួយ​ ជា​បុគ្គលិក​ធម្មតា​ត្រឹម​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ បន្ទាប់​មក​អ្នក​ស្រី​បាន​ក្លាយ​ជា​ថ្នាក់​ដឹក​នាំ​ក្នុង​ក្រុមហ៊ុន​មួយ​ បាន​ចែក​រំលែកបទពិសោធន៍ដូចខាងក្រោម៖

១. ត្រូវ​បង្កើត​គោលដៅ​ខ្លួន​ឯង

ដើម្បី​ឆាប់​ឡើង​ដំណែង​នៅ​ក្នុង​ក្រុមហ៊ុន​មួយ អ្នក​ស្រី​ យូ បូរី អគ្គ​នាយិកា​ក្រុមហ៊ុន Top Talent Consulting ​​បាន​ប្រាប់​ថា ​ជា​បុគ្គលិក​ដ៏​ឆ្លាត​វៃ គឺ​ត្រូវ​ចេះ​កំណត់​គោលដៅ​ដោយ​ខ្លួន​ឯង​ថា​ចង់​មាន​ដំណែង​តួនាទី​អ្វី​នៅ​ក្នុង​ក្រុមហ៊ុន​នោះ​។ ជាក់​ស្ដែង​តាម​បទពិសោធន៍​របស់​អ្នក​ស្រី​ផ្ទាល់​ធ្លាប់​ធ្វើ​ការ ជា​បុគ្គលិក​ធម្មតា​រយៈពេល​ត្រឹម​តែ ១​ឆ្នាំ​ប៉ុណ្ណោះ​តែ​អាច​ក្លាយ​ជា​ថ្នាក់​ដឹកនាំ​ក្នុង​ក្រុមហ៊ុន គឺ​មក​ពី​អ្នក​ស្រី​បាន​កំណត់​ខ្លួន​ឯង​ថា​ត្រូវ​តែ​ធ្វើ​ការ​ក្នុង​តួនាទី​នោះ​ឱ្យ​បាន។ ប្រសិន​បើ​ពុំ​មាន​គោលដៅ​ច្បាស់ លាស់​ក្នុង​ការ​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ណា​មួយ​នោះ​ទេ គឺ​មិន​ងាយ​នឹង​ឡើង​ដំណែង​តួនាទី​ឡើយ​។​​​

២. ការ​តាំង​ចិត្ត​

គ្រប់​ការងារ​​ដែល​ថ្នាក់​ដឹក​នាំ​ប្រគល់​ឱ្យ​ធ្វើ ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​សម្រេច​ តាម​រយៈ​ការ​តាំង​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​ឱ្យ​បាន​ល្អ​កុំ​ឡេះឡោះ​លេង​សើច​។ អគ្គ​នាយិកា​ក្រុមហ៊ុន Top Talent Consulting បន្ត​ទៀត​ថា ទោះបី​ជា​សមត្ថភាព​មិន​ខ្លាំង​​ណាស់ណា ប៉ុន្តែ​ប្រសិន​បើ​មាន​ការ​តាំង​ចិត្ត​គឺ​អាច​ធ្វើ​បាន​ដូចគ្នា​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ការ​តាំង​ចិត្ត​គឺ​បង្ហាញ​អំពី​គុណ​តម្លៃ​នៃ​បុគ្គលិក​នោះ​ ដែល​ស្រឡាញ់​ការងារ​ខ្លាំង​ទើប​តាំង​ចិត្ត​ធ្វើ​រហូត​បាន​សម្រេច និង​មាន​លទ្ធផល​ល្អ​។

៣.ជួយ​ការ​ងារ​អ្នក​ដ៏​ទៃ

តាម​រយៈ​បទពិសោធន៍​របស់​អ្នក​ស្រី​ផ្ទាល់ ដើម្បី​ក្លាយ​ជា​បុគ្គលិក​ជោគជ័យ​ប្រើ​រយៈ​ពេល​ខ្លី​ដើម្បី​ឆាប់​ឡើង​ដំណែង​នោះ គឺ​ការ​ជួយ​ការងារ​បុគ្គលិក​ដូចគ្នា​ក្នុង​ក្រុមហ៊ុន​។ ចេះ​ជួយ​ការងារ​អ្នក​ដទៃ​មិន​ត្រឹម​តែ​បង្ហាញ​ថា​ជា​មនុស្ស​ដែល​មាន​គុណធម៌ សីលធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​បង្ហាញ​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​ក្នុង​ក្រុមហ៊ុន ឱ្យ​មើល​ឃើញ​ពី​សមត្ថភាព​របស់​ខ្លួន​មិន​ត្រឹម​តែ​អាច​ធ្វើ​ការងារ​របស់​ខ្លួន​បាន​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​អាច​ជួយ​ការងារ​អ្នក​ដទៃ​បាន​ទៀត​។

៤. ជួយ​ធ្វើ​ការ​មេ

ត្រង់​ចំណុច​នេះ​អ្នក​ស្រី យូ បូរី ​ប្រាប់​ថា​ ត្រូវ​ចេះ​ជួយ​ធ្វើ​ការ​មេ​របស់​ខ្លួន​ឯង ព្រោះ​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​ដើម្បី​រៀន​សូត្រ​តាម​គាត់​។ អ្នកស្រី​បន្ត​ថា ត្រូវ​ចេះ​លួច​រៀន​ដោយ​ខ្លួន​ឯង​ថា មូលហេតុ​អ្វី​ទើប​ជា​គាត់​អាច​ទទួល​បាន​ដំណែង​នេះ តើ​ភាព​ជា​អ្នក​ដឹកនាំ​ត្រូវ​មាន​ចំណុច​អ្វី​ខ្លះ​? ម្យ៉ាង​វិញ​ទៀត​ការ​ជួយ​ធ្វើ​ការ​មេ​នេះ អ្នកស្រី​ប្រាប់​ថា អាច​ជួយ​ឱ្យ​សិក្សា​ពី​ការ​ងារ​កាន់​តែ​ច្បាស់ និង​ជួយ​អភិវឌ្ឍ​សមត្ថភាព​កាន់​តែ​ប្រសើរ​៕

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី