អធិការ​ស្រុក​កោះ​ធំ សុខ​ចិត្ត​​ផ្ដល់​ជម្រើស​​ទិញ​មួក​ការពារ ជំនួស​ការ​ផាក​ពិន័យ

  • 2017-01-20 11:46:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អធិការ​នគរបាល​ស្រុក​កោះ​ធំ ឈឿន ប៊ុនឆន បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​នៅ​រសៀល​នេះ​ថា លោក​បាន​សម្រេច​ចិត្ត​ផ្ដល់​ជម្រើស​២ សម្រាប់​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ដោយ​ទី១ ផាក​ពិន័យ​តាម​ច្បាប់​ចេញ​វិក្កយបត្រ និង​ទី២ គឺ​តម្រូវ​ឲ្យ​ទិញ​មួក ទិញ​កញ្ចក់​ភ្លាម​ៗ​តាម​តម្លៃ​ដើម ដោយ​មិន​មាន​ការ​ផាក​ពិន័យ​បន្ថែម។

អធិការ​នគរបាល​ស្រុក​កោះ​ធំ ឈឿន ប៊ុនឆន

តាម​បណ្ដាញ​សង្គម Facebook ផ្ទាល់​ខ្លួន លោក​វរសេនីយ៍​ទោ ឈឿន ប៊ុនឆន បាន​បង្ហោះ​ថា "ខ្ញុំ​ហ៊ាន​ចុះ​លើ​ផ្លូវ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្ងៃ​នេះ ខ្ញុំ​ក៏​ហ៊ាន​ទទួល​យក​ការ​ជេរ ឬ​រិះគន់​គ្រប់​បែប​យ៉ាង​ផង​ដែរ។ រវាង​អត់​មួក​អត់​កញ្ចក់​ផាក​សរុប ៣៥.០០០ រៀល ហើយ​និង​ទិញ​មួក​ទិញ​កញ្ចក់​ថ្មី​ពាក់​ភ្លាមៗ តើ​ជ្រើសរើស​មួយ​ណា?”

លោក​ក៏​បាន​បញ្ជាក់​បន្ថែម​ថា នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​មករា​នេះ កម្លាំង​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​សហការ​ជាមួយ​កម្លាំង​ផ្សេង​ទៀត ដែល​មាន​គ្នា​សរុប​ប្រមាណ ៤០​នាក់ ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី នៅ​គោល​ដៅ​២ គឺ​ភូមិ​កំពង់ស្វាយ​ក្រោម និង​ភូមិ​ព្រែក​ធន់ ឃុំ​ព្រែក​ថ្មី ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល។

សម្រាប់​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ត្រូវ​បាន​ផ្ដល់​ជម្រើស២ ឲ្យ​ជ្រើស​រើស៖

ទី១៖ បើ​សិន​ជា​គាត់​អត់​មួក គឺ​ធ្វើការ​ផាក​ពិន័យ​តាម​ច្បាប់​ដោយ​ចេញ​វិក្កយបត្រ ១៥.០០០ រៀល ។ ទី២៖ បើ​សិន​ជា​គាត់​មិន​ចង់​អោយ​ផាក​ពិន័យ គឺ​កម្លាំង​មាន​សមត្ថកិច្ច​សម្រួល​ចែក​ជូន​មួក​សុវត្ថិភាព​ចំនួន​១ ក្នុង​តម្លៃ ១៥.០០០រៀល ដោយ​មិន​មាន​ការ​ផាក​ពិន័យ​បន្ថែម ។

ជា​លទ្ធផល ក្នុង​ការ​អប់រំ​ចែក​ជូន​មួក​សុវត្ថិភាព​នេះ ឃើញ​ថា​ប្រជាពលរដ្ឋ​មាន​ការ​សប្បាយ​ចិត្ត និង​ព្រម​ទទួល​យក​មួក​សុវត្ថិភាព​អស់​ចំនួន ៧០មួក ។ ដោយ​ឡែក​កញ្ចក់​ម៉ូតូ​ក៏​ធ្វើ​រូប​មន្ត​បែប​នេះ​ដែរ បើ​មិន​ចង់​អោយ​ផាក​ពិន័យ គឺ​ទិញ​ថ្មី​មក​បំពាក់​មុខ​សមត្ថកិច្ច៕

អត្ថបទ៖ គង់ វិសាល

អត្ថបទពេញនិយម