អាន​វិធី​សាស្ត្រ​​ប៉ុន្មាន​ចំណុច​​នេះ​ អាច​ជួយ​​​គ្រប់​គ្រង​កំហឹង​​ដោយ​ខ្លួន​​ឯង

  • 2017-01-23 01:38:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំហឹង​ជា​អារម្មណ៍​ធម្មតា​របស់​មនុស្ស​។ ទោះ​បី​អ្នក​មិន​អាច​ទប់​ស្កាត់​វា​ តែ​អ្នក​អាច​គ្រប់​គ្រង​វា​បាន​។ វា​មិន​មែន​សុទ្ធ​តែ​អាក្រក់​នោះ​ឡើយ​។ ជួន​កាល​កំហឹង​អាច​ជា​ប្រយោជន៍​ នៅ​ពេល​មនុស្ស​អាច​គ្រប់​គ្រង​វា​បាន​ និង​មិន​មាន​ការ​ប៉ុន​​ប៉ង​​បង្ក​​ឲ្យ​មាន​ការ​ឈឺ​ចាប់​ ឬ​របួស​​ស្នាម​។ វា​អាច​ជួយ​យើង​​ឲ្យ​មាន​អារម្មណ៍​​ និង​បំពេញ​កិច្ចការ​បាន​ល្អ​​​ប្រសើរ​ទៅ​វិញ​។

ដើម្បី​ជា​វិធីសាស្ត្រ​​ ណែ​នាំ​ពី​​គ្រប់​គ្រង​កំហឹង​ អង្គការ​​ចិត្ត​សង្គម​ អន្តរ​វប្បធម៌​ នៃ​កម្មវិធី​​សុខភាព​ផ្លូវ​ចិត្ត​បាន​បង្ហាញ​ពី​វិធី​ ដូច​ខាង​ក្រោម​នេះ៖

រៀន​ទទួល​ស្គាល់​​សញ្ញា​នៃ​កំហឹង​៖

កំហឹង​អាច​បង្ហាញ​​សញ្ញា​ដូច​ខាង​ក្រោម​៖

-ក្ដាប់​ដៃ និយាយ ឬ​ស្រែក​​ឮ​ៗ​

-សម្លក់​បុគ្គល​​ធ្វើ​ឲ្យ​ខឹង​

-បែក​ញើស​ ក្ដៅ​ក្រហាយ

-ទឹក​​មុខ​ប្រែ​ជា​ក្រហម​ និង​ស្លេក​

-ចង្វាក់​បេះ​ដូង​ កាន់​តែ​ញាប់​

-តឹង​ទ្រូង​

នៅ​ពេល​ កត់​សម្គាល់​​ឃើញ​​ពី​សញ្ញា​​នៃ​កំហឹង​​ចំពោះ​ខ្លួន​ឯង​ អ្នក​ត្រូវ​ការ​សម្រួល​​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ ដើម្បី​គ្រប់​គ្រង​កំហឹង​របស់​ខ្លួន៖

សម្រួល​​ផ្នែក​ផ្លូវ​កាយ​៖

ប្រើ​ប្រាស់​បច្ចេកទេស​ និង​លំហាត់​ដូច​ខាង​​ក្រោម​​ដើម្បី​សម្រួល​​ផ្នែក​​ផ្លូវ​កាយ​៖

-ងើប​ឈរ​ អង្គុយ​ចុះ​​ឡើង​​ចំនួន​​៨​ដង​

-បិទ​​ភ្នែក​- ដក​ដង្ហើម​ ចេញ​-ចូល​យឺត​ៗ​ចំនួន​៣​ដង​

-ចំណាយ​ពេល​ ៥​ ឬ​១០​នាទី​ ដើម្បី​ដើរ​ ឬ​រត់​

សម្រួល​ផ្លូវ​ចិត្ត​​របស់​អ្នក​ឲ្យ​ស្ងប់៖

**អ្នក​អាច​​ធ្វើ​​ចិត្ត​​​ឲ្យ​ស្ងប់​ ដោយ​ប្រើ​បច្ចេកទេស​ និង​លំហាត់​ទាំង​នេះ​

-គិត​ពី​ទី​កន្លែង​​ដ៏​​ស្រស់​ស្អាត​ ឬ​ដ៏​សុវត្ថិភាព​​ដែល​ធ្លាប់​ទៅ ឬ​ចង់​ទៅ

-គិត​​ពី​បុគ្គល​​ ដែល​អ្នក​ស្រលាញ់​

-គិត​ពី​រឿង​កំប្លែង​ ឬ​ធ្វើ​អ្វី​ឲ្យ​មាន​សំណើច​

ផ្លាស់​ប្ដូរ​វិធី​ដែល​អ្នក​គិត​៖​

នៅ​ពេល​អ្នក​ខឹង​ អ្នក​មើល​ឃើញ​​ពី​ទង្វើ​ ពាក្យ​​សម្ដី​ និង​មតិ​យោបល់​របស់​អ្នក​ដទៃ​ថា​ ជា​ការ​រិះ​គន់​។ វា​ធ្វើ​​ឲ្យ​អ្នក​អន់ បន្ទាប​បន្ថោក​ បំបាក់​មុខ​ ឬ​ត្រួត​​ត្រា​។ អ្នក​ចង់​​សង​សឹក​ទាំង​កំរោល​​។

នៅ​ពេល​អ្នក​គ្រប់​គ្រង​អារម្មណ៍​​​ខឹង​របស់​ខ្លួន​​ឯង​បាន​ អាកប្បកិរិយា​កោង​កាច​ នឹង​ចាក​ចេញ​ឆ្ងាយ។

រៀន​ដោះ​ស្រាយ​បញ្ហា​៖

ព្យាយាម​​ស្វែង​រក​ដំណោះ​ស្រាយ​។ ជា​ការ​ប្រសើរ​​ ត្រូវ​ត្រិះ​រិះ​ពី​ដំណោះ​ស្រាយ​ ជា​ជាង​គិត​ថា​គ្មាន​ដំណោះ​ស្រាយ​ ឬ​គិត​ពី​ដំណោះ​ស្រាយ​ដែល​មិន​អាច​ទៅ​រួច​។

ប្រើ​​ប្រាស់​សកម្មភាព​ផ្សេង​ៗ​៖

-ជជែក​កម្សាន្ត​​ពី​រឿង​សប្បាយ​ៗ​

-បង្កើត​ទំនាក់​ទំនង​​ល្អ​ជា​មួយ​ មនុស្ស​ជុំ​វិញ​ខ្លួន​

-ដើរ​ចេញ​ពី​អ្វី​​ដែល​ធ្វើ​​ឲ្យ​អ្នក​ខឹង​៕ ​​​ ​​​​​

​​

អត្ថបទ៖ មាន រតនា