អស្ចារ្យ! Rooney ​បំបែក​កំណត់ត្រា​ ស៊ុត​​ឲ្យ​ក្រុម​ Man Utd ២៥០​គ្រាប់​

  • 2017-01-22 02:55:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney ​ខ្សែ​ប្រយុទ្ធ​ក្រុម​ Manchester United ​បាន​បំបែក​កំណត់ត្រា​វីរបុរស​ក្លឹប​​ Sir Bobby Charlton ​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រុម​បិសាច​ក្រហម​ ​បន្ទាប់​ពី​ស៊ុត​​គ្រាប់​ទី​២៥០ យ៉ាង​អស្ចារ្យ​យប់​មិញ។

Rooney (លេខ​១០) រត់​អបអរ ក្រោយ​ស៊ុត​ចូល​យប់​មិញ

កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ ​ស៊ុត​ហ្វ្រីឃីក​ដ៏​អស្ចារ្យ​នៅ​នាទី​៩០+៤ ជួយ​ឲ្យ​ Man Utd ​តាម​ស្មើ​ម្ចាស់​ផ្ទះ​ Stoke City ​១-១ ​យប់​មិញ។ កំណត់ត្រា​ចាស់​ Sir Bobby ធ្លាប់​ស៊ុត​ឲ្យ​ Man Utd ​ច្រើន​ជាង​គេ​បំផុត​ ២៤៩​គ្រាប់ ក្នុង​៧៥៨​ប្រកួត ចន្លោះ​ឆ្នាំ​១៩៥៦-១៩៧៦។ ប៉ុន្តែ​កំណត់ត្រា​ថ្មី​ Rooney ​ស៊ុត​២៥០​គ្រាប់ ត្រឹម​តែ​៥៤៦​ប្រកួត​ តាំង​ពី​ចូល​លេង​ឲ្យ​បិសាច​ក្រហម ឆ្នាំ​២០០៤​មក។

Rooney ​ផ្ទេរ​ពី​ក្លឹប​ Everton ​ទៅ​កីឡដ្ឋាន​ Old Trafford ​កាល​ឆ្នាំ​២០០៤ ក្នុង​តម្លៃ​២៧​លាន​ផោន​ កាល​ជំនាន់​លោក​ Sir Alex Ferguson ​នៅ​ដឹក​នាំ​ក្រុម​បិសាច​ក្រហម ហើយ​តាំង​ពី​ពេល​នោះ​មក រូប​គេ​គឺជា​តួអង្គ​ដ៏​សំខាន់​បំផុត​ ដែល​ជួយ​ឲ្យ​ Man Utd ឈ្នះ​ពាន​ជា​ច្រើន។ កីឡាករ​វ័យ​៣១​ឆ្នាំ​រូប​នេះ​ ក៏​​ទើប​បំបែក​កំណត់ត្រា​ ក្លាយ​ជា​អ្នក​ស៊ុត​ច្រើន​ជាង​គេ​បំផុត​នៅ​ជម្រើស​ជាតិ​អង់គ្លេស ៥៣​គ្រាប់​ផង​ដែរ កាល​ឆ្នាំ​២០១៥៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​