Nokia បង្ហាញ​សាច់​ដុំ​​ចាប់​យក Android វិល​ចូល​ទីផ្សារ​​​កម្ពុជា

  • 2017-01-23 03:39:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Nokia បាន​បោះ​ជំហាន​ចូល​ទីផ្សារ​ស្មាតហ្វូន​​ជាថ្មី​​ ហើយ​អះអាង​មិន​ខ្លាច​​រឿង​ការ​​ប្រជែង។ ខាង​តំណាង Nokia ​​ជឿជាក់​ថា​ការ​ត្រឡប់​មក​វិញ​​នេះ នឹង​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​សំណាក់​​ពលរដ្ឋ​កម្ពុជា។

លោក សុផេង​អ្នក​គ្រប់គ្រង​មួយ​រូប​នៅ Nokia បាន​អះអាង បុគ្គលិក Nokia រួច​ទាំង​រូប​លោក ដែល​ពី​មុន​​ប្តូរ​​ទៅ Microsoft ពេល​នេះ​បាន​ប្តូរ​មក Nokia វិញ​ទាំងអស់។ ដូច្នេះ​ចាប់​ពី​ពេល​នេះ​ទៅ Nokia នៅ​កម្ពុជា​នឹង​ទទួល​ខុស​ត្រូវ​លើ​រាល់​​សេវាកម្ម​និង​ផលិត​ផល​ម៉ាក Nokia ​ដែល​ចរាចរណ៍​លើ​ទីផ្សារ។

អ្នក​គ្រប់​គ្រង​រូប​នេះ​ថា​រាល់​​ស្នាតហ្វូន Nokia បច្ចុប្បន្ន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន HMD នៅ​ហ្វាំងឡង់ សុទ្ធ​តែ​បំពាក់​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android មិន​មែន Windows Phone របស់ Microsoft ដូច​ពី​មុន​ឡើយ។

លោក សុផេង ជឿជាក់​ថា ម៉ាក​សញ្ញា Nokia នៅ​តែ​ទទួល​ការ​គាំទ្រ​និង​​ចាប់​អារម្មណ៍​មិន​ថា​​​នៅ​កម្ពុជា តែ​ទូទាំង​ពិភព​លោក ទោះ​បី​ជា​ស្មាតហ្វូន​ម៉ាក​នេះ​​ ធ្លាប់​បរាជ័យ​​​​ពេល​ជ្រើស​យក​ប្រព័ន្ធប្រតិបត្តិការ Windows Phone និង​​​បាន​អវត្តមាន​លើ​ទីផ្សារ​​ប៉ុន្មាន​ឆ្នាំ​ក្តី។ ការ​ត្រឡប់​មក​វិញ​របស់ Nokia ដោយ​ជ្រើស​យក​ Android ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ពេញ​និយម​​ នឹង​ផ្ដល់​សញ្ញា​វិជ្ជមាន​​ដល់​ក្រុមហ៊ុន។

លោក ថា ជាក់ស្ដែង Nokia 6 ដែល​បាន​​ដាក់​ចរាចរណ៍​លើ​ទីផ្សារ​ចិន​កាល​ពី​​ថ្មីៗ​នេះ ទទួល​ការ​គាំទ្រ​យ៉ាង​គំហុក រហូត​លក់​ដាច់​អស់​ពី​ស្តុក​ត្រឹម​រយៈ​ពេល​១នាទី។ មួយ​វិញ​ទៀត​ស្មាតហ្វូន​ដែល​ដំណើរការ​ដោយ Android នេះ ​ធ្លាប់​​​ទទួល​ការ​កុម្ម៉ង់​ទិញ​រហូត​ដល់​ ១លាន​គ្រឿង​មុន​ថ្ងៃ​ដាក់​លក់​ផ្លូវការ​នៅ​ចិន។ ដូច្នេះ​នេះ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​​ស្មាតហ្វូន Nokia ពេល​​វាយ​លុក​ទីផ្សារ​កម្ពុជា។

បច្ចុប្បន្ន ​អ្នក​គ្រប់គ្រង​រូប​នេះ​បាន​ផ្ញើ​​លិខិត​​ទៅ​កាន់​ក្រុមហ៊ុន HMD នៅ​ហ្វាំងឡង់​​រួចរាល់ ក្នុង​ការ​​ស្នើ​នាំ​​យក​ផលិតផល​​ម៉ាក Nokia រួម​ទាំង Nokia 6 ចូល​ទីផ្សារ​កម្ពុជា ដោយ​បច្ចុប្បន្ន​ HMD កំពុង​ត្រួតពិនិត្យ​លើ​ការ​ស្នើ​សុំ​នោះ៕

យល់​យ៉ាង​ណា​ដែរ​ ចំពោះ​ការ​ត្រឡប់​មក​វិញ​របស់ Nokia? អ្នក​ណា​ខ្លះ​​កំពុង​រង់​ចាំ​ប្រើ​ផលិតផល​ម៉ាក​ Nokia?

អត្ថបទ៖ ផាន់និត