Maybank ចំណាយ ៤៥០០ ដុល្លារ ឲ្យ​អតិថិជន ៩ រូប ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ

  • 2017-01-23 05:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ មេយប៊ែង (Maybank) កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន បាន​ធ្វើ​កម្មវិធី “Maybank Supermarket Sweep” ជា​លើក​ទី​២ ដើម្បី​ផ្តល់​រង្វាន់​ជា​ការ​ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ ដល់​អតិថិជន MayBank ៩រូប ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​នេះ ពី​ការ​ចូលរួម​សន្សំ​ប្រាក់​ក្នុង “MAYBANK SAVINGS CHALLENGE” ដែល​ជា​កម្មវិធី​លើក​កម្ពស់​ការ​ដាក់​ប្រាក់​សន្សំ​ជាមួយ​ធនាគារ។

Maybank បាន​ចំណាយ ៤៥០០ ដុល្លារ ក្នុង​រយៈ​ពេល ៥ នាទី ឲ្យ​អ្នក​ឈ្នះ​ទាំង​៩​រូប​ទិញ​ទំនិញ​ពី Giant Supermarket ក្នុង​ផ្សារ​ទំនើប​ស៊ីធីម៉ល។

កាល​ពី​ដើម​ខែ​សីហា ២០១៦ “Maybank Supermarket Sweep” ត្រូវ​បាន​រៀបចំ​ម្តង​រួច​ទៅ​ហើយ ដោយ​មាន​អតិថិជន ៦ នាក់ ឈ្នះ​រង្វាន់​នេះ​ពី​ការ​ចូលរួម​សន្សំ​ប្រាក់​ក្នុង​កម្មវិធី “MAYBANK SAVINGS CHALLENGE” ដែល​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ប្រមាណ​ជាង ៦០០០ នាក់ គិត​ត្រឹម​ខែ​សីហា ២០១៦។

កម្មវិធី​នេះ ក៏​ជា​កម្មវិធី​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ រៀបចំ​ឡើង​ដោយ Maybank ដែល​តម្រូវ​ឲ្យ​អតិថិជន​ចុះ​ឈ្មោះ​ចូលរួម នោះ​ពួកគេ​នឹង​ទទួល​បាន​អត្រា​ការ​ប្រាក់​កាន់​តែ​ខ្ពស់ ដរាបណា​មាន​អតិថិជន​ចុះ​ឈ្មោះ​កាន់​តែ​ច្រើន រួម​ជាមួយ​ឱកាស​ទទួល​បាន​រង្វាន់​ការ​ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ។

លោកស្រី CYNTHIA LIAW នាយិកា​ប្រតិបត្តិ Maybank ថ្លែង​ថា៖ "អំឡុង​ពេល ៥ ខែ​ប៉ុណ្ណោះ គិត​មក​ត្រឹម​ខែ​ធ្នូ ២០១៦ អតិថិជន​ចុះ​ឈ្មោះ​ចូលរួម​កម្មវិធី​នេះ កើន​ឡើង​ដល់ ១៥ ០០០ នាក់ ដែល​ជា​ចំនួន​លើស​ការ​រំពឹង​ទុក។ រៀង​រាល់​គម្រប់​អតិថិជន ១០០០ នាក់ ដែល​បាន​ចុះ​ឈ្មោះ​ចូល​រួម មាន​អតិថិជន​ម្នាក់​នឹង​មាន​ឱកាស​ទទួល​បាន​រង្វាន់​ចូលរួម​កម្មវិធី “Maybank Supermarket Sweep” ដែល​ជា​រង្វាន់​នៃ​ការ​ទិញ​ទំនិញ​ដោយ​ឥត​គិត​ថ្លៃ។ គិត​ចាប់​ពី​ក្រោយ​ពេល​កម្មវិធី “Maybank Supermarket Sweep” លើក​ទី​១ រួច​មក យើង​សង្កេត​ឃើញ​មាន​អតិថិជន​កើន​ឡើង ៩០០០ នាក់​បន្ថែម​ទៀត បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​កម្មវិធី​ដាក់​ប្រាក់​សន្សំ​របស់ Maybank ដូច្នេះ​មាន​ន័យ​ថា អតិថិជន ៩ នាក់ បន្ថែម​ទៀត​ត្រូវ​បាន​ជ្រើស​រើស​ចូលរួម​កម្មវិធី “Maybank Supermarket Sweep” លើក​ទី​២ នេះ"។

លោក​ស្រី CYNTHIA LIAW បន្ថែម​ថា៖ "កម្មវិធី​នេះ​ជា​ការ​ផ្ដួចផ្ដើម​មួយ​បន្ថែម​ទៀត​របស់ Maybank ដើម្បី​ផ្ដល់​ជូន​ដល់​អតិថិជន កាន់​តែ​ប្រសើរ ដោយ​ពួកគេ​អាច​ទទួល​បាន​ការ​រីករាយ​ត្រលប់​ទៅ​វិញ នៅ​ពេល​ពួកគេ​សម្រេច​ចិត្ត​ធ្វើ​ប្រតិបត្តិការ​ជាមួយ Maybank ជា​ប្រចាំ"។

ការ​ពី​ថ្ងៃ​ទី​១៤ មករា ២០១៧ Maybank បាន​ផ្ដល់​រង្វាន់​ដ៏​ធំ​មួយ​ផង​ដែរ​ដល់​អតិថិជន​ម្នាក់​មាន​សំណាង​ឈ្នះ​រង្វាន់​ខុនដូ ១ បន្ទប់ គិត​ជា​ទឹក​ប្រាក់​​ប្រមាណ​ជាង ៤ ២០០០ ដុល្លារ ពី​កម្មវិធី​ដាក់ ប្រាក់​ស​ន្សំ “SAVE NOW & WIN BIG”។ ក្នុង​កម្មវិធី​ផ្ដល់​រង្វាន់​ខុនដូ នោះ Maybank ក៏​បាន​ចាប់​ផ្ដើម​កម្មវិធី​ដាក់​ប្រាក់​សន្សំ​ថ្មី​មួយ​ទៀត “Premier Wealth Lucky 888” ដែល​​អតិថិជន​ថ្មី ៨៨ នាក់​ដំបូង​គេ​បង្អស់​ដែល​បាន​បើក​គណនី PREMIER WEALTH ជាមួយ​​ធនាគារ នឹង​ទទួល​បាន​អាំងប៉ាវ​ចាប់​ពី ៣៨ ដុល្លារ ទៅ ៨៨៨ ដុល្លារ។

Maybank ក៏​បាន​ប្រកាស​ចាប់​ផ្តើម​កម្មវិធី​សន្សំ​ប្រាក់ គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ផ្សេង​ទៀត “Maybank #iLike” ដែល​នឹង​ផ្តល់​ឱកាស​ដល់​អតិថិជន​ឈ្នះ​រង្វាន់​ពិសេស​មួយ​គឺ ពួកគេ​អាច​ជ្រើស​រើស​យក​ការ​ផ្តល់​ជូន​ណា​មួយ​ដែល​មាន​តម្លៃ​ស្មើ ៥០០ ដុល្លារ ហើយ​សមស្រប​ទៅ​នឹង​ចំណង់​ចំណូ​ល​ចិត្ត និង របៀប​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួកគេ ពី Maybank។ ការ​ផ្តល់​ជូន​ទាំង​នោះ រួម​មាន ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​ទំនើប ឬ​សំលៀក​បំពាក់​ទំនើប​ម៉ាក់​ល្បីៗ ឬ​គ្រឿង​បច្ចេកវិទ្យា ឬ​ដំណើរ​កម្សាន្ត​ផ្សេងៗ។ ការ​ផ្តល់​ជូន​នេះ​មាន​រយៈ​ពេល ៦ ខែ ចាប់​ផ្តើម​ពី​ខែ មករា ដល់ មិថុនា ២០១៧ ដោយ​អតិថិជន​គ្រាន់​តែ​បើក​ប្រើ​ប្រាស់​គណនី Maybank ឬ​ដាក់​ប្រាក់​ស​ន្សំ​បន្ថែម​ក្នុង​គណនី៕

ដោយ៖ សុផាត