ចេញ​តម្លៃ​កៅស៊ូខ្ពស់​​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ​ប្រជាពលរដ្ឋ​កំពុង​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​

  • 2017-01-23 10:12:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តម្លៃ​ដំណាំ​កៅស៊ូ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដាំ​ជា​លក្ខណៈ​គ្រួសារ​ មាន​ការ​កើន​ឡើង​ថ្លៃ​គួរ​ឱ្យ​កត់​សម្គាល់​។ តាម​ការ​ឱ្យ​ដឹង ពី លោក​ ភារៈ រតន កសិករ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ បាន​ប្រាប់​មក​កាន់ Sabay ថា​គិត​ត្រឹម​ថ្ងៃ​ទី ២៣ ខែ​មករា​នេះ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ទិញ​កៅស៊ូ ពី​ប្រជាពលរដ្ឋ​ក្នុង​ ១​គីឡូក្រាម​ រហូត​ទៅ​ដល់ ៧០០០រៀល​ ដែល​នេះ​ជា​តម្លៃ​កើន​ឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ឆ្នាំ ២០១៦។

លោក​ រតន បានប្រាប់ថា កៅស៊ូ​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ដើម​ខែ ពី ៦៥០០ រៀល រហូត​ដល់​៧០០០​រៀល​គិត​មក​ត្រឹម​ថ្ងៃ​នេះ​។ លោកបានបន្ត​ទៀត​ថា កៅស៊ូ​អាច​នឹង​បន្ត​ឡើង​ថ្លៃ​ទៀត​ក្នុង​ឆ្នាំ​នេះ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កំពុង​មាន​កម្លាំង​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ដាំ​កៅស៊ូ​បន្ត​ទៀត​។ ប៉ុន្តែ​ចំពោះ​ការ​កើន​ឡើង​ថ្លៃ​កៅស៊ូ​នេះ​គឺ​សម្រាប់​ប្រជាពលរដ្ឋ ដែល​ដាំ​ជា​លក្ខណៈ​គ្រួសារ​តែ​ប៉ុណ្ណោះ។

​កសិករ​ដាំ​ដំណាំ​កៅស៊ូ​រូប​នេះ​បន្ត​ទៀត​ថា ក្នុង​មួយ​ហិច​តា ​ជា​ទូទៅ​កៅស៊ូ​អាច​ប្រមូល​ផល​បាន ជាង​១​តោន ​គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ​ដី ជា​ទូទៅ​ប្រសិន​បើ​ដាំ​លើ​ដី​ក្រហម នឹង​ទទួល​បាន​ទិន្នផល​ល្អ បូក​ផ្សំ​នឹង​ការ​ប្រើប្រាស់​ជី​ផង​ដែរ​។ ​ចំពោះ​ការ​នាំ​ចេញ​វិញ លោក​ពូ រតន ប្រាប់​ថា នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម ដែល​ជា​ឈ្មួញ​កណ្ដាល។ បន្ទាប់​មក​ទៀត​វៀតណាម​នឹង​នាំ​ចេញ​បន្ត​ទៅ​កាន់​ប្រទេស​ចិន ម៉ាឡេស៊ី សិង្ហបុរី​ជា​ដើម​។

លោក​ពូ​ក៏​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​តម្លៃ ៧០០០ រៀល​ក្នុង​មួយ​គីឡូ​នេះ​សម្រាប់​ជ័រ​កៅស៊ូ​ស្រស់​យក​ចេញ​ពី​ដើម តែ​នៅ​ពេល​ដែល​ចម្រាញ់​ជា​កៅស៊ូ​ស្ងួត​នោះ​នឹង​បាន​តម្លៃ​ខ្ពស់​ជាង​នេះ​ទៀត​។ លោក​ពូ រតន​ លើក​ឡើង​ថា ប្រសិន​ប្រជាពលរដ្ឋ​អាច​មាន​លទ្ធភាព ក្នុង​ការ​ចម្រាញ់​ជ័រ​កៅស៊ូ ដោយ​ខ្លួន​ឯង​នោះ​ជីវភាព​កាន់​តែ​ប្រសើរ​ឡើង​ជាង​នេះ​​ទៀត ដោយ​មិន​ចាំ​បាច់​លក់​បន្ត​ឱ្យ​ទៅ​ក្រុមហ៊ុន​នោះ​ទេ​។

​បន្ថែម​ពី​លើ​​ពី​កសិករ​ដាំ​ដំណាំ​កៅស៊ូ​រូប​នេះ​​ទៀត បុគ្គលិក​ផ្នែក​ទីផ្សារ​ក្នុង​ក្រុមហ៊ុន​​ឯកជន​មួយ​កន្លែង សុំ​មិន​បញ្ចេញ​ឈ្មោះ ក្នុង​ខេត្ត​កំពង់​ចាម ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​ចំពោះ​មូលហេតុ​ដែល​តម្លៃ​កៅស៊ូ​ឡើង​ថ្លៃ​ខ្ពស់​ដូច្នេះ គឺ​មក​ពី​តម្រូវ​ការ​មាន​ការ​កើន​ឡើង​ខ្លាំង​ ចំណែក​ឯ​ការ​ផ្គត់​ផ្គង់​នៅ​មាន​ចំនួន​តិច បើ​ធៀប​នឹង​ឆ្នាំ​ចាស់​។ ​ម្យ៉ាង​វិញ​ទៀត​ដោយសារ​តែ​លក្ខណៈ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា មាន​ការ​រីក​ចម្រើន ​អាច​ឲ្យ​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ជី​មក​ប្រើប្រាស់​កាន់​តែ​ច្រើន ធ្វើ​ឱ្យ​ដំណាំ​កៅស៊ូ​មាន​គុណភាព​ល្អ ​ ឯ​តម្លៃ​ដំណាំ​កៅស៊ូ​កើន​ឡើង​ទៅតាម​នោះ​ដែរ​៕

អត្ថបទ៖ វឌ្ឍនៈ