រក​ឃើញ​មូល​​ហេតុ​ពិត​​ ដែល​​ធ្វើ​ឲ្យ​កុមារ​​​ខ្លះ​អាច​ចាំ​ជាតិ​​​បាន

  • 2017-01-30 10:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​​ជា​​ធ្លាប់​បាន​លឺ​ថា​មាន​កុមារ​​មួយ​ចំនួន​​ដែល​មាន​អាយុ​​ត្រឹម​ ៥-​៨​ ​ឆ្នាំ​អាច​ចាំ​ជាតិ​​របស់​ខ្លួន​ឯង​បាន​ ហើយ​រៀប​រាប់​ថា​ជាតិ​មុន​ខ្លួន​ជា​នរណា​ មក​ពី​ណា​ ​និង​ ​ស្លាប់​ដោយ​សារ​​អ្វី​​ទៀត​ផង​។​ ​​ចំណុច​​នេះ​ហើយ​ដែល​ធ្វើ​អោយ​​មាន​មនុស្ស​ជា​ច្រើន​បាន​ឆ្ងល់​ និង ជឿ​ជាក់​ថា​វា​ជា​ការ​ពិត​។​ ​ប៉ុន្តែ​តើ​មនុស្ស​​​យើង​ពិត​ជា​អាច​ចាំ​ជាតិ​របស់​ខ្លួន​ឯង​បាន​​មែន​រឺ​យ៉ាង​ណា​?​

រូបតំណាង

តាម​​ការ​សិក្សា​​ស្រាវជ្រាវ​របស់​សាស្ត្រាចារ្យ​ ប្រាជ្ញ ​ជុំ ដោយ​​​​​បាន​​​​​ធ្វើ​ការ​វិភាគ​ផ្អែក​លើ​​វិជ្ជា​ពេទ្យ​ ​ជីវសាស្ត្រ​ និង ទស្សនៈ​វិជ្ជា​​​ផង​នោះ​បាន​បង្ហាញ​ថា​ កុមារ​ដែល​កើត​មក​ហើយ​អាច​ចាំ​ជាតិ​បាន​​នោះ​ គឺ​ ដោយ​សារ​ វា​មាន​​ជាប់​ទាក់​ទង​ទៅ​​នឹង​ម្ដាយ​បង្កើត​របស់​ខ្លួន​ ​តាំង​ពី​​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម្ល៉េះ​។​

​លោក​បាន​ពន្យល់​​ថា​ នៅ​ក្នុង​ស្បូន​របស់​ម្ដាយ​ មាន​សរសៃ​វិញ្ញាណ​ជា​ច្រើន​ដែល​បាន​ត​ភ្ជាប់​ទៅ​នឹង​ទារក​ ដូច​ជា​ការ​ទទួល​​យក​អាហារ​ជាមួយ​ម្តាយ​ ការ​បញ្ចេញ​ចោល​ជា​មួយ​ម្តាយ​ ការ​ដក​ដង្ហើម​ជា​មួយ​ម្តាយ​ជា​​ដើម​។​ ទាំង​អស់​នេះ​វា​បាន​​ធ្វើ​អោយ​ឈាម​របស់​ទារក​ធ្វើ​ចលនា​ស្រប​គ្នា​ទាំង​ស្រុង​ជាមួយ​ឈាម​ម្តាយ​ ដែល​ជា​ហេតុ​នាំ​អោយ​​ទារក​ និង ម្តាយ​​អាច​​មាន​ទំនាក់​ទំនង​ផ្លូវ​ចិត្ត​​ជា​មួយ​គ្នា​​។​​

ប្រសិន​បើ​ម្តាយ​មាន​អារម្មណ៍​​មិន​ស្រួល​ នោះ​ក៏​​អាច​នាំ​អោយ​ទារក​ក្នុង​ផ្ទៃ​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ​។​ ​ជា​ពិសេស​ពេល​ដែល​ស្រ្តី​ជា​ម្តាយ​​រំភើប​ខ្លាំង​ រឺ ភ័យ​​តក់​ស្លុត​ខ្លាំង ​វា​នឹង​​ធ្វើ​អោយ​ខួរ​ក្បាល​របស់​គាត់​កម្រើក​ឡើង ​ដោយ​បង្កើត​​ជា​រូប​ភាព​ស្រមើ​ស្រមៃ​ដូច​ទៅ​នឹង​ព្រឹត្តិការណ៍​​មួយ​នោះ​។ ​បន្ទាប់​​មក​ វា​ក៏​បញ្ជូន​ព័ត៌មាន​ទាំង​នោះ​​​ទៅ​​កាន់​ខួរ​ក្បាល​របស់​ទារក​​ក្នុង​ផ្ទៃ​ផង​ដែរ​ ដោយ​បាន​​​កត់​ត្រា​នូវ​​​ព្រឹត្តិការណ៍​​មួយ​នោះ​​​។​​​​​

រូបតំណាង

ជាក់​ស្ដែង​ មាន​រឿង​មួយ​ដែល​​លោក​ សាស្ត្រាចារ្យ​ ប្រាជ្ញ ​ជុំ បាន​លើក​ឡើង​យក​មក​​បរិយាយ​នៅ​ក្នុង​សៀវភៅ​​របស់​គាត់​។​ ​រឿង​នេះ​កើត​ឡើង​នៅ​កំពង់​កន្ទួត​ ​ដោយ​មាន​ក្មេង​ស្រី​ម្នាក់​អាយុ​មិន​ទាន់​​បាន​១០​ឆ្នាំ​ផង​ ប៉ុន្តែ​នាង​អាច​និយាយ​រៀបរាប់​អំពី​ជាតិ​មុន​របស់​នាង​បាន​។​ នាង​ប្រាប់​​ថា​ ​ជាតិ​មុន​នាង​ជា​ស្រ្តី​មេម៉ាយ​ រក​ស៊ី​ទូល​អំបុក​លក់​ ស្រាប់​តែ​ថ្ងៃ​មួយ​ ពេល​នាង​ដើរ​កាត់​តាម​វាល​ស្រែ​ ចេញ​មក​ថ្នល់​ធំ​​ក៏​ត្រូវ​ពួក​បារាំង​បាញ់​​ ធ្វើ​អោយ​នាង​ដួល​ស្លាប់​មួយ​រំពេច​។ ​​​​​​​​​​ ​​​​

​ក្រោយ​ការ​ស្រាវ​ជ្រាវ​របស់​លោក​ ប្រាជ្ញ​ ជុំ​​ ជាង​មួយ​ឆ្នាំ​មក​ លោក​បាន​​រក​ឃើញ​ថា​ ​តាម​ការ​ពិត​​​ស្រ្តី​មេម៉ាយ​នោះ​ ​កាល​នៅ​រស់​គឺ​មាន​ទំនាក់​ទំនង​ស្និទ្ធ​ជាមួយ​មីង​សាន​ ដែល​​ត្រូវ​ជា​ម្តាយ​របស់​ស្រី​អូន​ ក្នុង​ជាតិ​ថ្មី​​នេះ​។​ ពេល​ដែល​មីង​សាន​ដើរ​​ទៅ​ផ្ទះ​ ស្ត្រី​មេម៉ាយ​នោះ​ដើម្បី​ទៅ​លក់​អំបុក​ជាមួយ​គ្នា ​ស្រាប់​តែ​ គាត់​ឃើញ​ឡាន​​មួយ​គ្រឿង​សុទ្ធ​តែ​ទាហាន​បារាំង​។​ ភ្លាម​នោះ​គាត់​លឺ​ស្នូរ​កាំ​ភ្លើង​ផាំង ហើយ​លឺ​​ស្ត្រី​មេម៉ាយ​ស្រែក​អូយៗ ​រួច​ក៏​ឃើញ​នាង​​ដួល​ស្លាប់​តែ​ម្ដង​។ ព្រឹត្តិការណ៍​នេះ​ធ្វើ​អោយ​​មីង​សាន​ ភ័យ​រន្ធត់​ជា​ខ្លាំង​ ហើយ​បាន​ទៅ​ចាប់​អង្រួន​សព​ស្ត្រី​មេម៉ាយ​នោះ​ទាំង​ទឹក​ភ្នែក​រហាម​។

ក្រោយ​ការ​ស្លាប់​​របស់​នាង​ មីង​សាន​ចេះ​តែ​នឹក​អាណិត​ និង ​ស្រមៃ​ដល់​ស្ត្រី​មេម៉ាយ​នោះ​​ដែល​ជា​​មនុស្ស​ស្លូត​បូត​។ ហើយ​មាន​ពេល​ខ្លះ​ គាត់​យល់​សប្ដិ​ឃើញ​ នាង​​យក​អំបុក​មក​លក់​អោយ​គាត់​ទៀត​ផង​។​​​​​​ រហូត​ដល់​ថ្ងៃ​ឆ្លង​ទន្លេ​ គឺ​គាត់​សង្កេត​ឃើញ​មាន​​ស្នាម​​ជាំ​ក្រហម​នៅ​នឹង​ស្មង​ជើង​របស់​កូន​ស្រី​គាត់​ ដូច​ទៅ​នឹង​​​ស្លាក​ស្នាម​ពេល​​ដែល​ស្ត្រី​មេម៉ាយ​នោះ​បាន​ស្លាប់​ផង​ដែរ​​​។​ គាត់​ក៏​ជឿ​ថា​ស្ត្រី​មេម៉ាយ​នោះ​ បាន​មក​ចាប់​ជាតិ​ជា​កូន​របស់​គាត់​ ហើយ​គាត់​​ក៏​ដាក់​ឈ្មោះ​នាង​ថា​ ស្រី​អូន​​​ៗ​នេះ​ឯង​។

សូម​​បញ្ជាក់​ថា​ ​តាម​ការ​ពិត​ទៅ​​ពេល​ដែល​មីង​សាន​​​បាន​ឃើញ​ស្រ្តី​មេម៉ាយ​ស្លាប់​​​ គឺ​គាត់​​មាន​ផ្ទៃ​ពោះ​២​ខែ​រួច​ទៅ​​ហើយ​។​ ប្រការ​នេះ​ហើយ ​ទើប​វា​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ខួរ​ក្បាល​របស់​ស្រី​អូន​តាំង​ពី​កំណើត​​មក​ម្ល៉េះ​ ​ដែល​​ធ្វើ​​អោយ​នាង​អាច​រៀប​រាប់​​ប្រាប់​អ្នក​ភូមិ​ពី​ព្រឹត្តិការណ៍​​​នៃ​ការ​ស្លាប់​នោះ​បាន​ ដោយ​មិន​ចាំ​បាច់​មាន​នរណា​​មក​និទាន​ប្រាប់​នាង​ឡើយ​​​៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?