អង្គ​បុរាណ​មួយ​កន្លែង​នៅ​ខេត្ត​តាកែវ ល្បី​ខ្មោច​លង​ខ្លាំង

  • 2017-01-31 04:35:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គ​ក្តី​ចាស់ ស្ថិត​នៅ​ភូមិ​អង្គតាចាន់ ឃុំ​លាយបូ ស្រុក​ត្រាំ​កក់ ខេត្តតាកែវ ជា​ទួល​បុរាណ​ដែល​សំបូរ​ដោយ​ដើម​ឈើ​តូច​ធំ​ច្រើន ថែម​ទាំង​មាន​ត្រពាំង​ទឹក​ពី​មុខ លាយ​ឡំ​ដោយ​ព្រៃ​ដុះ​អម​​សង​ខាង មើល​ទៅ​មាន​សភាព​គួរ​ឲ្យ​ខ្លាច ហើយ​អ្នក​ស្រុក​ក៏​មិន​សូវ​ហ៊ាន​ទៅ​ក្បែរ​ដែរ។ ​

អ្នក​ស្រី អ៊ំ ផល អាយុ ៥៩ឆ្នាំ បាន​ប្រាប់ Sabayថា ទួល​អង្គបុរាណ​នេះ​មិន​សូវ​មាន​អ្នក​ដើរ​ឆ្លង​កាត់​នៅ​ពេល​យប់​ទេ ព្រោះ​កាល​ពី​មុន​មក ក្បែរ​អង្គ​នេះ​មាន​ផ្ទះ ១គ្រួសារ​មាន​មនុស្ស​ឈឺ​ស្លាប់​ទាំង​អស់។ ក្រោយ​មក​ផ្ទះ​នេះ​ត្រូវ​គេ​បោះបង់​ចោល ហើយ​អោយ​តែ​មាន​អ្នក​ដំណើរ​ឆ្លង​កាត់​តែងតែ​មាន​ខ្មោច​លង​បំពេ​កូន​និង​ទម្លាក់​សក់​រញ៉េរញ៉ៃ​ជាដើម។ ជួនកាល ​មាន​ការ​ក្លែង​បង្ហាញ​រូប​ធ្វើ​ជា​កង្កែបធំៗ អោយ​តាម​ដេញ​ចាប់ ​រហូត​ចូល​ដល់​បាត់​រួប​រាង​តែ​ម្ដង។

អ្នក​ស្រី អ៊ំ ផល

យុវជន ទ្រី ចាន់ណា អាយុ១៧ឆ្នាំ បាន​ប្រាប់​ថា យប់​មួយ​ខ្លួន​និង​មិត្តភ័ក្ដិ ២នាក់​នាំ​គ្នា​ទៅ​ឆ្លុះ​ត្រី​នៅ​ជុំវិញ​កន្លែង​ខាង​លើ ពេលនោះ​មិនទាន់​ឆ្លុះ​បាន​ប៉ុន្មាន​ផង​ក៏​លឺ​សំឡេង​កូន​ង៉ែត​យំ​ចេញ​ពី​ទីនោះ។ ពេល​ដែល​ឈរ​ស្ដាប់​យូរ​បន្តិច​លឺ​សូរ​សំឡេង​បំពេ​កូន​បន្ទាប់មក លឺ​សំឡេង​បង​លួង​ប្អូន​កុំ​អោយ​យំ។ ចាន់​ណា បាន​និយាយ​ថា៖ “ពួក​ខ្ញុំ​ទ្រាំ​ស្ដាប់​ទៀត​លែង​បាន​ក៏​រត់​បាត​ជើង​ស​ព្រាត​ទាំង​អស់​គ្នា​ទៅ"។

យុវជន ទ្រី ចាន់ណា

ចំណែក​បុរស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ មាន​ទី​លំ​នៅ​ចម្ងាយ ១០០ម៉ែត្រ​ពី​កន្លែង​នោះ​ប្រាប់​ថា គាត់​រស់​មិន​ដែល​ឃើញ​មាន​ហេតុ​ភេទ​អ្វី​កើត​ឡើង​ទេ លឺ​តែ​អ្នក​ភូមិ​និយាយ​ប្រាប់​ស្ទើរ​គ្រប់គ្នា។ យ៉ាង​នេះ​ក្ដី លោក​ថា​​ជួនកាល​មាន​មនុស្ស​ពឹង​អោយ​ជួយ​ជូន​ឆ្លង​កាត់​ទីនេះ​ពេល​យប់​ដែរ តែ​មិន​ហ៊ាន។

តាម​ការ​អោយ​ដឹង​ពី​ប្រភព​ខាង​លើ​ថា ទួល​អង្គ​បុរាណ​នេះ ជា​អតីត​ទី​តាំង​វត្ត​លាយបូ​ចាស់ ដែល​បាន​ប្តូរ​មក​ទីតាំង​ថ្មី​ចម្ងាយ​ពី​គ្នា​ជាង ២០០ម៉ែត្រ។ ប៉ុន្តែ​នៅ​គ្រា​មួយ​នោះ​មាន​សត្វ​ឈ្លូស ១ក្បាល​រត់​ចូល​វត្ត ហើយ​​ក្រោយ​មក​ធ្វើ​អោយ​មនុស្ស​ឈឺ​ស្លាប់​ច្រើន​នាក់ បាន​ជា​ព្រះ​សង្ឃ​និង​ពុទ្ធបរិស័ទ​នាំ​គ្នា​ប្តូរ​ទីតាំង​វត្ត​មក​កន្លែង​សព្វ​ថ្ងៃ​នេះ៕

អត្ថបទ៖ ជិន វេន

រូបថត៖ ទូរសព្ទដៃ