ភាពយន្ត​ខ្មែរ​ ៦រឿង​​ ត្រៀម​​ចូល​រួម​ព្រឹត្តិការណ៍​ ​មហោស្រព​ភាពយន្ត​អន្តរ​ជាតិ​

  • 2017-02-01 03:50:24
  • ចំនួនមតិ 1 | ចំនួនចែករំលែក 258

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​ភាពយន្ត​ខ្មែរ​ ៦​រឿង​​មក​ពី​ផលិតកម្ម​ផ្សេងៗ​គ្នា​ ត្រៀម​នឹង​ចូល​រួម​ព្រឹត្តិការណ៍​​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​៧​ នៅ​ថ្ងៃ​ទី​ ៤ដល់​៩​ មីនា​ខាង​មុខ​នេះ​ ដែល​កម្ម​វិធី​បាន​រៀប​ចំ​សន្និសីទ​កាសែត​​កាល​ពី​​ម្សិលមិញ​​នៅ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផា​ណា។

​ខ្សែ​ភាពយន្ត​ទាំង​នោះ​មាន​ដូចជា​រឿង​​ "ភៀស​ខ្លួន"​ របស់​លោក ប៉ាន់​ រិទ្ធី ដែល​បាន​ទទួល​ការ​ចាប់​អារម្មណ៍​ទូទាំង​ពិភពលោក​ នឹង​ត្រូវ​​បាន​បង្ហាញ​នៅ​មហោស្រព​ទីក្រុង​កាន​ ឆ្នាំ​២០១៦ ក៏​នឹង​មាន​វត្តមាន​សម្រាប់​ការ​ចាក​បញ្ចាំង​ជា​លើក​ទី​១​នៅ​កម្ពុជា​ផង​ដែរ។ ក្រៅ​ពី​នេះ​មាន​ភាពយន្ត​ រឿង "Jailbreak: ការពារ​ឧក្រិដ្ឋជន"​របស់​លោក Jimmy Henderson ​រឿង​ "ប៉ុបពី​ទៅ​ហូលីវូដ" របស់​លោក សុខ វិសាល​ រឿង "វិកលចរិត"​ របស់​លោក​ ហ៊ុយ យ៉ាឡេង​ រឿង "កោះពេជ្រ"​ របស់​ ដាវី ជូ រឿង​ "សតិ​ជាប់​ទ្រុង" របស់​ អាមីត​ ឌុយបៃ​ ដែល​ជា​ខ្សែ​ភាពយន្ត​​បែប​ភ័យ​រន្ធត់​ និយាយ​ជា​ភាសា​ខ្មែរ​ទាំង​ស្រុង​ និង​ផលិត​នៅ​កម្ពុជា​។

អ្នក​រៀប​ចំ​មហោស្រព​ភាព​យន្ត​អន្តរជាតិ​នៅ​កម្ពុជា​​លើក​ទី៧ លោក Cedric Eloy​ បាន​ឲ្យ​ដឹង​ថា​វា​ពិតជា​មោទនភាព​ណាស់ ដែល​មហោស្រព​​ភាពយន្ត​កម្ពុជា​​បាន​ត្រឡប់​មក​វិញ​ជា​ថ្មី​ម្តង​ទៀត។ ក្នុង​នោះ​ផង​ដែរ​ នឹង​មាន​ការ​ចាក់​បញ្ចាំង​ច្រើន​ជាង​ ១៦០​លើក​​រួម​ទាំង​ព្រឹត្តិការណ៍​​ផ្សេងៗ​ផង​ដែរ។ គោល​បំណង​សំខាន់​សម្រាប់​កម្ម​វិធី​នេះ​​ លោក Cedric Eloy បាន​ឲ្យ​ដឹង​ថា នេះ​ជា​ការ​បំផុស​នូវ​ទេព្យ​កោសល្យ​ ការ​ច្នៃ​ប្រឌិត​ ភាព​រស់​រវើក​ នៃ​ការ​ផលិត​ខ្សែ​ភាពយន្ត​នៅ​កម្ពុជា​ និង​ជា​ស្ពាន​ភ្ជាប់​ទំនាក់​ទំនង​សម្រាប់​ សិល្បករ​ដទៃ​ទៀត​នៅ​ជុំ​វិញ​ពិភពលោក​។

លោក Cedric Eloy

សម្រាប់​លក្ខខណ្ឌ​​នៃ​រឿង​ខ្មែរ​និង​បរទេស​ ដែល​អាច​ចូល​រួម​ក្នុង​​មហោស្រព​ភាពយន្ត​​អន្តរ​ជាតិ​នៅ​កម្ពុជា​លើក​ទី ៧​នេះ ​លោក Cedric Eloy​ បាន​ឲ្យ​ដឹង​ថា​​មិន​មាន​អ្វី​ច្រើន​ទេ ដោយ​ក្នុង​នោះ​លោក​​ព្យាយាម​​ឲ្យ​គណៈ​កម្ម​ការ​ ជ្រើស​រើស​​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ដើម្បី​បាន​យក​ទៅ​បង្ហាញ​ដល់​អន្តរ​ជាតិ​។ ម្យ៉ាង​ទៀត​ ចង់​ជំរុញ​ឲ្យ​ផលិតករ​បង្កើន​ការ​ផលិត​ក៏​ដូចជា​គុណភាព​ឲ្យ​បាន​ច្រើន​ជាពិសេស​​ប្រភេទ​រឿង​​ ដែល​គេ​កម្រ​បាន​ឃើញ​ក្នុង​ប្រព័ន្ធ អនឡាញ។

ប្រធាន​នាយក​ដ្ឋាន​ភាពយន្ត​ ស៊ិន ចន្ទសាយ៉ា

​យ៉ាង​ណា​ក្តី​ប្រធាន​នាយក​ដ្ឋាន​ភាពយន្ត​ ស៊ិន ចន្ទសាយ៉ា បន្ថែម​លើ​លក្ខខណ្ឌ​​នៃ​ការ​ជ្រើស​រើស​ភាពយន្ត​នេះ​ថា​ខ្សែ​ភាពយន្ត​ទាំង​អស់​អា​ចចូល​រួម​បាន​ ប៉ុន្តែ​ក្នុង​នោះ​ក៏​ត្រូវ​កំណត់​ដែរ​ថា​ ខ្សែ​ភាពយន្ត​ទាំង​នោះ​ស្ថិត​ក្នុង​គោល​ដៅ​មួយ​ដែល​​យុវជន​ និង​ទស្សនិកជន​មើល​ហើយ​ទទួល​បាន​ការ​អប់​រំ នេះ​ជា​អ្វី​ដែល​សំខាន់​ក្នុង​កម្មវិធី​នេះ។

លោក សុខ វិសាល

ជួប​ជាមួយ​ម្ចាស់​រឿង​ "ប៉ុបពី​ទៅ​ហូលីរូដ" លោក​ សុខ វិសាល បាន​ឲ្យ​ដឹង​ថា​ ​លោក​ពិត​ជា​សប្បាយ​ចិត្ត​ដែល​ភាពយន្ត​លោក​ត្រូវ​បាន​ដាក់​ចូល​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​លើក​ទី​៧​មួយ​នេះ ទោះ​ឈ្នះ​មិន​ឈ្នះ​ លោក​ថា​មិន​មាន​បញ្ហា​ទេ។

មិន​ខុស​ពី​លោក​សុខ វិសាល សម្រាប់​អ្នក​ដឹកនាំ​​រឿង​ "វិកលចរិត"​ វិញ​លោក ហុយ យ៉ាឡេង បាន​ឲ្យ​ដឹង​ថា​វា​ជា​មោទនភាព​ដែល​រឿង​លោក​មាន​ឱកាស​ដាក់​បញ្ចាំង​ក្នុង​មហោស្រព​ភាពយន្ត​អន្តរ​ជាតិ ដែល​ក្នុង​នោះ​មាន​ទាំង​រឿង​លោក​ថែម​ទៀត។

លោក ហ៊ុយ យ៉ាឡេង

ការ​បញ្ចាំង​ភាព​យន្ត​នឹងប្រព្រឹិត្តិ​ទៅ​នៅ​តាម​បណ្តា​រោង​ភាពយន្ត​ធំៗ​ក្នុង​រាជធានី​ភ្នំពេញ​ និង​បញ្ចាំង​ហាល​វាល​នៅ​កោះពេជ្រ​។ កម្មវិធី​នេះ​ស្ថិត​នៅ​ក្រោម​​កា​រ​គាំ​ទ្រ​របស់​ករ្សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​​ និង​អង្គការ​យូណេស្កូ រៀប​ចំ ដោយ​ CFC និង​មជ្ឈមណ្ឌល​បុប្ផាណា ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​ Legend Cinema Major Cineplex by cellcard Platinum Cineplex ព្រម​ទាំង​ឧបត្ថម្ភ​ដោយ​ក្រុម​ហ៊ុន​ភាពយន្ត​ធំៗ​មាន Westec Media Sabay MVP Puprum និង​ទី​ភ្នាក់​ងារ​បារាំង​ដើម្បី ការ​អភិវឌ្ឍ៕

លោក អាមីត​ ឌុយបៃ​ អ្នក​ដឹកនាំ​រឿង "សតិជាប់​ទ្រុង"

​​​​​ ​​​​​​​​​​​​​​​​​


អត្ថបទ៖ ថា ម៉ាលីដា