ធ្លាយ​ព័ត៌មាន ករុណា ពេជ្រ​ ឡើង​ជា​អ្នក​គ្រប់គ្រង​ផលិតកម្ម​ថោន​ជំនួស អ៊ា វឌ្ឍនា ដែល​បាត់​បង់​ជីវិត

  • 2017-02-01 07:53:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​លោក ករុណា ពេជ្រ ត្រូវ​បាន​ប្រភព​ច្បាស់​ការ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ត្រូវ​បាន​ផលិតកម្ម​ថោន ប្រគល់​តំណែង​ជា​អ្នក​គ្រប់គ្រង​ទូទៅ ជំនួស​លោក អៀ វឌ្ឍនា ដែល​ស្លាប់​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ខាង​លើ​​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​​ទៀត​ថា លោក ករុណា ពេជ្រ ទើបតែ​ចូល​មក​កាន់​តំណែង​​​នៅ​ថ្ងៃ​នេះ ដែល​ដំបូង​តារា​ចម្រៀង​រូប​នេះ​ហាក់​ដូច​ជា​មិន​ព្រម​ទទួល​ប៉ុន្តែ ដោយ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ជុំវិញ​ខ្លួន ទើប​សាមី​ខ្លួន​ក៏​សម្រេច​​សាក​ល្បង​តែ​ម្ដង។

ប្រភព​ដដែល​បន្ត​ថា បច្ចុប្បន្ន​លោក ករុណា ពេជ្រ កំពុង​តែ​មមាញឹក​ខ្លាំង​ជា​មួយ​នឹង​តំណែង​ថ្មី​នេះ ដោយ​មួយ​ថ្ងៃៗ​ឃើញ​តែ​ប្រជុំ រៀបចំ​ផែនការ​ ដើម្បី​ផលិត​នៅ​ស្នាដៃ​ដំបូង​របស់​ខ្លួន​ឲ្យ​ចេញ​ជា​ផ្លែផ្កា។

ទន្ទឹម​នឹង​ព័ត៌មាន​ខាង​លើ ​ងាក​មក​​មើល ​Facebook លោក ករុណា ពេជ្រ ​វិញ​នៅ​ព្រឹក​នេះ​បាន​​បញ្ចេញឲ្យ​ដឹង​ដែរ​​ថា ​ខ្លួន​បាន​ឡើង​កាន់​​ការងារ​ធំ​ថ្មី​មួយ ដែល​តំណែង​នេះខុស​ជំនាញ​ដែល​ខ្លួន​រៀន​ចប់ ដោយ​គ្រាន់​តែ​​ធ្លាប់​មាន​បទ​ពិសោធ​ខ្លះៗ ។ សារ​នោះ​ដែរ ​លោក​បាន​បួង​សួង​ដល់​ម្ចាស់​ទឹក​ដី ឲ្យ​ការងារ​​នោះ​ជោគជ័យ ហើយ​បុគ្គលិក​ទាំង​អស់ ចេះ​សហការ​គ្នា។

យ៉ាង​ណា​ក៏​ដោយ ម្ចាស់​បទ​ "ឱប​គេ​ទៅ" ​រូប​នេះ មិន​បាន​បញ្ចេញ​ឲ្យ​ចំ​ថា ជា​ការងារ​ធំ​ដុំ​អ្វី​ទេ។ បន្ថែម​ពីលើ​នេះ លោក​ក៏​មិន​និយាយ​ទៀត ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Sabay។

លោក​បាន​និយាយ​យ៉ាង​ខ្លី​ថា " សុំទោស​បង​ ខ្ញុំ​សូម​មិន​និយាយ​ទេ​រឿង​ហ្នឹង...!"៕

អត្ថបទ៖ ខុត សីហា