ឈិត សុវណ្ណបញ្ញា ​អួល​ដើម​ក ពេលដើរ​ចេញពី​ហង្សមាស

  • 2017-02-02 09:10:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​​ជាង​១១​ឆ្នាំ​ហើយ​ ដែល​តារា​​ចម្រៀង​ស្រគត់​ស្រគំ​ ឈិត សុវណ្ណបញ្ញា ជ្រក​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​​ តែមុន​នេះ បញ្ញា បញ្ជាក់​ថា​នាង​​បានសម្រេច​ចិត្ត​ចាក​ចេញ​ពី​ ហង្សមាស ហើយ។

ម្ចាស់​បទ​ "អូន​ជា​ចំណែក​លើស" បញ្ជាក់​មក​កាន់ Sabay ថា តាំង​ពី​នាង​ក្លាយ​ជា​តារា​ចម្រៀង​របស់​ផលិតកម្ម ហង្សមាស​ប្រមាណ​១១ ឆ្នាំ​មក​នេះ​ នាង​ពុំ​ទាន់​មាន​ឱកាស​ចេញ​​អាល់ប៊ុម​ទោល​ផ្ទាល់​ខ្លួន​នោះ​ទេ ទោះ​បី​នាង​ស្នើ​សុំ​ទៅ​អ្នក​គ្រប់​​គ្រងក៏​ដោយ។ "និយាយ​ទៅ​អ្នក​គាំទ្រ​ទាំង​អស់​គាត់​ដឹង​ហើយ​ថា​ ១១ ឆ្នាំ​នេះ​ខ្ញុំ​គ្មាន​​អាល់ប៊ុម​ផ្ទាល់​ខ្លួន​នោះ​ទេ ប្រហែល​ក្រុម​ហ៊ុន​គិត​ថា​ខ្ញុំ​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់"។

បញ្ញា បន្ត​ថា​ ទម្រាំ​នាង​សម្រេច​ចិត្ត​​ចាក​ចេញ​បែប​នេះ​នាង​ប្រើ​ពេល​វេលា​គិត​គូរ​យ៉ាង​ល្អិត​ល្អន់ ព្រោះ​នាង​ស្រលាញ់​ក្រុមហ៊ុន​ខ្លាំង ប៉ុន្តែ​ចុង​ក្រោយ​នាង​សម្រេច​ត្រូវ​ចាក​ចេញ​ទៅ​សាង​អនាគត​ថ្មី ព្រោះ​មិន​ចង់​ចំណាយ​​និង លេងសើច​ជាមួយ​ពេល​វេលា​បន្ត​ទៀត​ព្រោះ​ ១១ ឆ្នាំ​វា​យូរ​គ្រប់​គ្រាន់​ដែរ​សម្រាប់​នាង​ក្នុង​ការ​រង់​ចាំ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ឈិត សុវណ្ណបញ្ញា ក៏​បាន​ថ្លែង​អំណរ​គុណ​ទៅ​ដល់​ថ្នាក់​ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់​នៃ​ផលិតកម្ម​ហង្សមាស​ និង​រៀម​ច្បង​ទាំង​អស់​ ដែល​តែង​តែ​ ផ្តល់​ដំបូន្មាន​ល្អៗ​ដល់​នាង។ ក្នុង​នោះ​ បញ្ញា សន្យា​ថា​នឹង​នៅ​តែ​បន្ត​ក្នុង​វិថី​សិល្បៈ​ ដរាបណា​ទស្សនិកជន​នៅ​តែ​គាំ​ទ្រ​នាង។

តួ​ឯក​ស្រី​ក្នុង​រឿង​ "ទេសចរណ៍​ឋាន​នរក​" បន្ថែម​ថា​សម្រាប់​គម្រោង​បន្ត​នាង​ពុំ​ទាន់​អាច​ជម្រាប​បាន​នៅ​ឡើយ​ទេ​ថា​ នាង​នឹង​បន្ត​ជា​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ផ្សេង ឬ​ជា​តារា​ចម្រៀង​ឯក​រាជ្យ។

ដូច​គ្នា​ដែរ កាល​ពី​ព្រឹក​មិញ​នេះលោក អ៊ីន ទីតូ អ្នក​គ្រប់គ្រង​ការ​សម្ដែង​ទូទៅ​របស់ ផលិតកម្មរស្មី​ហង្ស​មាស ​បាន​ប្រាប់​ Sabay ថា​លោក​​បាន​ចាក​ចេញ​ពី ហង្ស​មាស​ ដោយ​រក​បាន​ទ្រនំ​ថ្មី​គឺ​ផលិតកម្ម​ថោន៕

អត្ថបទ៖ Samedy

អត្ថបទពេញនិយម
អត្ថបទថ្មី