យក់ ថិតរដ្ឋា ខ្លោច​ចិត្ត​ស្ទើរ​ស្រក់​​ទឹក​ភ្នែក​តាម ឈិត សុវណ្ណបញ្ញា រឿង​​ចេញ​ពី​ហង្ស​មាស

  • 2017-02-03 04:16:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី ឈិត សុវណ្ណបញ្ញា ប្រកាស​ដើរ​ចេញ​ពី​ផលិតកម្ម "​រស្មី​ហង្សមាស" មក អ្នក​នាង យក់ ថិតរដ្ឋា ​តារា​ចម្រៀង​ធ្លាប់​​ជ្រក​ក្រោម​ទ្រនំ​ជា​មួយ​នោះ បាន​បញ្ចេញ​សារ​ស្ទើរ​​​ស្រក់​ទឹក​ភ្នែក​​​តាម​ដែរ ។

យក់ ថិតរដ្ឋា បាន​​បង្ហាញ​អារម្មណ៍​​លើ​​Facebook​ផ្ទាល់​ខ្លួន ដោយ​​អាណិតអាសូរ បន្ទាប់​ពី​បាន​លឺ សំឡេងការ​រៀបរាប់​ការ​សម្រេច​​ចិត្ត​ដើរ​ចេញ​​ពី​ហង្ស​មាស​របស់ ឈិត សុវណ្ណបញ្ញា មក​កាន់​ Sabay​​ ​កាល​ម្សិលមិញ​។ ម្ចាស់​បទ"តើ​ឲ្យ​អូន​ក្បត់​បង​​ម្ដេច​ទៅ" បាន​សរសេរ​យ៉ាង​ដូច​នេះ​ថា៖"ស្តាប់សំលេងយាយម៉ោ ! បងឡើងចង់យំតាមហើយ ! អាណិតណាស់ប្អូនសំលាញ់ Panha Chhet ហ៊ឹម ! ទឹកត្រជាក់ត្រីកុំ កុំឆ្ងល់ពេកអូន ស៊ូស៊ូណាណប់ កុំចុះចាញ់ត្រូវតែខំប្រឹងក្រោកដើរទៅមុខបន្តទៀតណាណប់ !”។

ការ​សម្រេច​ដើរ​ចេញ របស់​ឈិត សុវណ្ណបញ្ញា បន្ទាប់​ពី​ជ្រក​ក្រោម​ដំបូល​​ផលិតកម្ម​ខាង​លើ បាន​​ជិត​១១ឆ្នាំ ហេតុផល​ចម្បង​នោះ បញ្ញា​ បាន​លើក​ថា​ ពាក់​ព័ន្ធ​នឹង​ការ​អាក់អន់ចិត្ត​​ខ្លះ​ ដែល​កន្លង​មក ផលិតកម្ម"រស្មី​ហង្ស​មាស" ​ហាក់​ដូច​ជា មិន​​សូវ​មាន​បទ​ចម្រៀង​ឲ្យ​ខ្លួន​ច្រៀង រួម​ទាំង​អ៊ាល់​ប៊ុម​ទោល​ បើ​ធៀប​ទៅ​តារា​ចម្រៀង​ផ្សេង​ទៀត។

មិន​ត្រឹម​តែ​ ឈិត សុវណ្ណបញ្ញា​ នោះ​ទេ ថ្មីៗ​នេះ​លោក អ៊ិន​ ទីតូ អ្នក​គ្រប់គ្រង​ការ​សម្ដែង ក៏​បាន​ប្រកាស​ដើរ​ចេញ​ដូច​គ្នា ដោយ​លោក​ទៅ​ចូល​នៅ​ផលិតកម្ម​ថោន។ ការ​ដើរ​ចេញ​របស់​លោក អ៊ិន ទីតូ ដែល​​ធ្លាប់​ធ្វើ​ការ​ជា​មួយ​រស្មី​​ហង្ស​មាស​ជិត៩ឆ្នាំ​មក​នេះ មិន​ត្រូវ​បាន​លោក បញ្ជាក់​ឲ្យ​ដឹង​ល្អិតល្អន់​ឡើយ គឺ​គ្រាន់​តែ​​ប្រាប់​ថា ​ចង់​ផ្លាស់ប្ដូរ​បរិយាកាស​ការងារ​ប៉ុណ្ណោះ។

ចំពោះ យក់ ឋិករដ្ឋា វិញ ម្ចាស់​បទ "ឈឺ​ចាប់​មួយ​លាន​ដង"​រូប​នេះ ក៏​បាន​បង្ហាញ​តម្រុយ​ចង់​ចាកចេញ​ពី​ផលិតកម្មៗ​រស្មី​ហង្ស​មាស"​ដូច​គ្នា។ បច្ចុប្បន្ន​​នាង​កំពុងតែ​ធ្វើការ​ចរចារ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ផលិតកម្ម ដើម្បី​ផ្ដល់​ការងារ​ឲ្យ​សក្ដិសម​​នឹង​សមត្ថភាព​​ដែល​ខ្លួន​មាន៕

អត្ថបទ៖ ខុត សីហា