ក្តៅៗ! តុលាការ​អាមេរិក ចេញ​មុខ​ត​ទល់​ច្បាប់​ជនអន្តោប្រវេសន៍​របស់ ត្រាំ ហើយ!

  • 2017-02-04 02:24:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​សុក្រ​នេះ ចៅក្រម​សហព័ន្ធ​អាមេរិក នៅ​ក្នុង​ទីក្រុង Seattle រដ្ឋ Washington បាន​ផ្អាក​ច្បាប់​ថ្មី​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បណ្តោះ​អាសន្ន នៅ​ទូទាំង​ប្រទេស ដែល​ហាមឃាត់​ជនភៀសខ្លួន និង ពលរដ្ឋ​មក​ពី​ប្រទេស​មូស្លីម ចំនួន​៧ មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក។

ជាមួយ​គ្នា​នេះ​ដែរ អង្គ​រដ្ឋ​អាជ្ញា​នៃ​រដ្ឋ Washington លោក Bob Ferguson ​បាន​អះអាង​ដែរ​ថា ការ​ហាម​ឃាត់​ជន​អន្តោប្រវេសន៍ គឺ​មិន​ស្រប​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ​ឡើយ។ ​ក្នុង​ពាក្យ​បណ្ដឹង អង្គ​​រដ្ឋ​អាជ្ញា​រូប​នេះ បាន​អះអាង​ថា រដ្ឋាភិបាល​របស់​លោក ត្រាំ កំពុង​តែ​រំលោភបំពាន លើ​ការ​ការពារ​របស់​រដ្ឋធម្មនុញ្ញ សម្រាប់​សេរីភាព​សាសនា។ មិន​តែ​ប៉ុណ្ណោះ រដ្ឋ New York និង Virginia ក៏​បាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ប្រឆាំង​នឹង​បម្រាម​របស់​ប្រធានាធិបតី ត្រាំ ផង​ដែរ។

លោក Ferguson បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍ ប្រាប់​ទៅ​សារព័ត៌មាន CNBC ថា ៖«ទោះ​បី​ជា​យ៉ាង​ណា ខ្ញុំ​ជឿជាក់​ថា គ្មាន​នរណា​ម្នាក់​នៅ​ពី​លើ​ច្បាប់​នោះ​ទេ ហើយ​ខ្ញុំ​មាន​កាតព្វកិច្ច​ដើម្បី​ការពារ ពលរដ្ឋ Washington ពី​សកម្មភាព​ខុស​ច្បាប់ ដែល​រំលោភ​លើ​រដ្ឋធម្មនុញ្ញ។ ខ្ញុំ​នឹង​បន្ត​ការ​ប្រយុទ្ធ​នេះ រហូត​ដល់​តុលាការ​កំពូល​អាមេរិក បើ​សិន​ជា​ចាំបាច់ ដើម្បី​លើក​កម្ពស់​នីតិរដ្ឋ»៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង