អាមេរិក ព្រមាន​តប​ស្នង កូរ៉េខាងជើង មួយ​ចាស់​ដៃ បើ​នៅ​តែ​ផ្គើន​ប្រើ​នុយក្លេអ៊ែរ

  • 2017-02-06 00:53:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក James Mattis បាន​ប្រាប់​ឲ្យ​ដឹង​ ពី​ប្រទេស​កូរ៉េខាងត្បូង មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​តូក្យូ ថា ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង អាច​នឹង​ជួប​ការ​ឆ្លើយតប​ដ៏​មាន​ប្រសិទ្ធភាព និង​លើសលប់​មួយ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក James Mattis

ជា​មួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​រូប​នេះ បាន​បញ្ជាក់​សាជាថ្មី ពី​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​អាមេរិក ក្នុង​ទឹក​ដី​កូរ៉េខាងត្បូង នៅ​ឆ្នាំ​នេះ​​ទៀត​ផង។

គួរ​បញ្ជាក់​ថា កូរ៉េ​ខាងជើង បាន​ធ្វើ​ការ​បាញ់​សាកល្បង​គ្រាប់​មីស៊ីល និង​នុយក្លេអ៊ែរ ម្ដង​ហើយ​ម្ដង​ទៀត និង​ចេញ​សេចក្ដីថ្លែងការណ៍​ឈ្លានពាន ដើម្បី​បន្ត​ជូន​ដំណឹង និង​បញ្ចេញ​កំហឹង​របស់​ខ្លួន។

ទោះ​បី​ជា​យ៉ាង​ណា កង​យោធា​សហរដ្ឋអាមេរិក​មាន​វត្តមាន​យ៉ាង​ច្រើន នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ជា​ផ្នែក​មួយ នៃ​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ក្រោយ​សង្គ្រាម។ កង​យោធា​អាមេរិក ស្ថិត​នៅ​កូរ៉េខាងត្បូង ប្រហែល ២៨ ៥០០​នាក់ ខណៈ​ប្រទេស​មួយ​នេះ ត្រូវ​ចំណាយ​ប្រាក់ ប្រហែល ៩០០​លាន​ដុល្លារ ឲ្យ​អាមេរិក​ជា​រៀង​រាល់​ឆ្នាំ។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់​បាន​ថ្លែង​ថា លោក​ចង់​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន បង់​ប្រាក់​បន្ថែម​ទៀត ដើម្បី​ថែរក្សា​វត្តមាន​កង​យោធា​ទាំង​នោះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង