ទិញ​ iPhone ប្រើ​ដំបូង​អត់ដឹង​ធ្វើ​អីមុន អាន​អត្ថបទ​នេះ

  • 2017-02-07 07:24:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ទិញ iPhone ថ្មី​មក​ប្រើ​មួយ​ចំនួន​ ប្រហែល​មិន​ដឹង​ថា​ត្រូវ​ធ្វើ​អី​មុន​នៅ​ឡើយ​ទេ។ ជំហាន​ដំបូង​​បង្អស់​ ​ក្រោយ​ពេល​អ្នក​ទិញ iPhone មក​ប្រើ​ គឺ​ការ​​បង្កើត Apple ID ដើម្បី​អាច​ទាញ​យក​កម្មវិធី​ផ្សេងៗ​ពី App Store មក​ប្រើ​បាន។

ចំពោះ​អ្នក​ប្រើប្រាស់​​នៅ​កម្ពុជា ពេល​ទិញ iPhone ថ្មី​ប្រើ​ដំបូង មិន​គួរ​​​ឲ្យ​​ហាង​ទូរសព្ទ​ដំឡើង​កម្មវិធី​ឲ្យ​ទេ ព្រោះ​​ខាង​ហាង​នឹង​ដាក់​ Apple ID របស់​គេ ដើម្បី​ដំឡើង​កម្មវិធី​លើ iPhone របស់​អ្នក។ បើ​​អ្នក​ប្តូរ​ Apple ID ថ្មី នៅ​ពេល​​​​​​អាប់ដេត​កម្មវិធី​​ដែល​ខាង​ហាង​ដំឡើង​ឲ្យ​ វា​នឹង​ទាមទារ​ឲ្យ​អ្នក​វាយ​លេខ​កូដ​លើ Apple ID ចាស់​។

ងាយៗ​​បង្កើត Apple ID សម្រាប់​អ្នក​ទើប​ប្រើ iPhone ដំបូង ចំណាយ​យូរ​បំផុត​តែ​​ប្រហែល ៥នាទី។

១. វគ្គ​បង្កើត Apple ID

ដើម្បី​បង្កើត Apple ID ដំបូង​ចូល​ទៅ​កាន់ App Store រួច​ចុច​លើ​ពាក្យ Free ដែល​នៅ​កណ្តាលផ្នែក​ខាង​លើ។ ស្វែង​រក​កម្មវិធី​ណា​ដែល​ចង់​ទាញ​យក ហើយ​ចុច​លើ "GET” ហើយ “INSTALL” នោះ​នឹង​លោត​ផ្ទាំង​មួយ​​ដែល​តម្រូវ​ឲ្យ​អ្នក Sign In។ ចុច​លើ Create New Apple ID ហើយ​រើស​យក Cambodia រួច​ចុច​ Next។

ចុច​លើ Agree > Agree។ បំពេញ អ៊ីម៉ែល លេខ​កូដ និង​សំនួរ​ចម្លើយ​ដែល​អ្នក​ចង់​បាន។ ត្រង់ Optional Rescue Email អ្នក​អាច​ដាក់ Email ណា​ផ្សេង​មួយ​ទៀត ទុក​សម្រាប់​ជួយ​សង្រ្គោះ​​ករណី​អ្នក​ភ្លេច​លេខ​កូដ Email ទី១​ខាង​លើ។ រួច​រាល់​ហើយ​ចុច Next។

ពេល​ចូល​ដល់​ផ្ទាំង​មួយ​ទៀត ជ្រើស​យក None ហើយ​ត្រង់ BILLING ADDRESS ត្រូវ​បំពេញ​ព័ត៌មាន​ពី​ឈ្មោះ​និង​អាសយដ្ឋាន។ សម្រាប់ Postcode អាច​ដាក់ 12000 ក៏​បាន។ ត្រង់​កន្លែង​លេខ​ទូរសព្ទ​ អាច​​ដាក់​បាន​​​តែ​ចំនួន ៧ ខ្ទង់​ប៉ុណ្ណោះ។ ពិនិត្យ​ព័ត៌មាន​ឡើង​វិញ បើ​រួច​រាល់​អស់​ហើយ អូស​ទៅ​ក្រោម​ចុច Next។

២. វគ្គ Verify Email

ក្រោយ​ឆ្លង​ដំណាក់​កាល​ខាង​លើ​ហើយ បើក​ម៉ែល​របស់​អ្នក​ដែល​ប្រើប្រាស់ ដើម្បី​បង្កើត Apple ID។ ចុចលើ Verify now។

បន្ទាប់​មក​វាយ​លេខ​កូដ​ដែល​អ្នក​​ប្រើប្រាស់​លើ Apple ID ហើយ​ចុច Continue។

ពេល​នេះ Apple ID អ្នក​បាន Verified ជោគជ័យ​​ហើយ រួច​ចុច Done។ អ្នក​អាច​ទាញ​យក​កម្មវិធី​ណា​មួយ​​លើ App Store បាន​ហើយ៕

លើក​ក្រោយ Sabay នឹង​ណែនាំ​ការ​​ប្រើប្រាស់ iCloud ដើម្បី Sync កម្មវិធី​និង​រូបថត​, កំណត់ Find My iPhone, ដាក់​អ៊ីម៉ែល និង​ការ​ប្រើប្រាស់​មុខងារ​និង​​កម្មវិធី​​មាន​ប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​លើ iPhone ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពីមុន​មក។

អត្ថបទ៖ ផាន់និត