Enrique៖ "កីឡាករ​របស់​ខ្ញុំ​ សុទ្ធតែ​អ្នក​ជំនាញ​ ​នៅ​​ប្រកួត​ធំៗ”

  • 2017-02-07 07:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ FC Barcelona ​នឹង​ប៉ះ​ Atletico Madrid ​​ក្នុង​ការ​ប្រកួត​​ធំ​ Copa del Rey ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ​ជើង​ទី​២ ​នា​កីឡដ្ឋាន​ Camp Nou ​វេលា​ម៉ោង​​០៣:០០​នាទី​យប់​នេះ។ ​អ្នកចាត់ការ​ Luis Enrique ​​​ជឿ​​ជាក់​ថា ​ក្រុម​អ្នក​មាន​បុណ្យ​របស់​លោក​ ​នឹង​អាច​ឈ្នះ​ ហើយ​អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​៤​ឆ្នាំ​ជាប់ៗ​គ្នា​បាន​ ដោយ​​លោក​និយាយ​ថា៖ "កីឡាករ​របស់​ខ្ញុំ​ សុទ្ធតែ​អ្នក​ជំនាញ​ ​នៅ​​ប្រកួត​ធំៗ”។

Barca ​បាន​យក​ឈ្នះ​ Atletico ២-១ ​កាល​ជើង​ទី​១ ​​សប្ដាហ៍​មុន ដូច្នេះ​យប់​នេះ​នៅ​ក្នុង​ទឹកដី​ខ្លួន​ឯង​ទៀត​ ពួកគេ​​សង្ឃឹម​​អាច​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ច្រើន។ ​អ្នកចាត់ការ​ Enrique ​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​ម្សិល​មិញ​ថា៖ "ពាន​រង្វាន់​ Copa del Rey ​​ជា​​ការ​ប្រកួត​ប្រជែង​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​ Barca។ យើង​រំពឹង​ថា ​នឹង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ម្ដង​ទៀត។ Atletico ត្រូវ​ការ​ឈ្នះ និង​ត្រូវ​ស៊ុត​​យើង​យ៉ាង​តិច​២​គ្រាប់ ​ដូច្នេះ​ពួក​គេ​ប្រថុយប្រថាន​ជាង​យើង”។

Barca ​នឹង​អវត្តមាន​តារា​ឆ្នើម​ Neymar ​យប់​នេះ​ ដោយសារ​ជាប់​បម្រាម (កាត​លឿង​៣) ​​​ប៉ុន្តែ​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ ​លើក​ឡើង​ថា​​ខ្សែ​បម្រើ​ Arda Turan ឬ Denis Suarez​​​ ​នឹង​ចូល​ជំនួស​តំណែង​នេះ​ ​ហើយ​លោក​ក៏​បាន​ស្នើ​ឲ្យ​អ្នកគាំទ្រ​ ​ជួយ​លើក​ទឹក​ចិត្ត​ក្រុម​ ឲ្យ​បាន​ច្រើន​ផង​ដែរ៕

ប្រភព៖ FC Barcelona   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទពេញនិយម