មាន​កត្តា​អ្វី​ខ្លះ​ គួរ​រៀប​ចំ​មុននឹង​ក្លាយ​ជា​សហគ្រិន?

  • 2017-02-07 08:15:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​យើង​សង្កេតឃើញ​មាន​កំណើន​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម​រីក​ចំរើន​គួរ​អោយ​កត់​សំ​គាល់ តើ​អ្វី​ដែល​នៅ​ក្រោយ​ការ​រីក​ចំរើន​នេះ ហើយ​សហគ្រិន​គួរ​រៀបចំ​អ្វី​ខ្លះ​ ដើម្បី​ធានា​ថា​ការ​ចាប់​ផ្តើម​អាជីវកម្ម​របស់​គាត់​ពិតជា​ត្រូវ​បាន​ត្រៀម​រួចរាល់ ​ដើម្បី​ប្រ​ឈម​នឹង​ឧបសគ្គ​ ដែល​អាច​នឹង​កើតមានឡើង​ក្នុង​ដំណើរ​ផ្លូវ​។ ​ ​ឆ្លើយតប​ជាមួយ​ចម្ងល់​ទាំង​នេះ ផាក​កាហ្វេ​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​វិស័យ​អប់​រំ​រៀ​ប​ចំ​កិច្ច សន្ទនា​ពាណិជ្ជកម្ម​ដែល​រៀ​ប​ចំ​ឡើងជា​រៀ​ង​រាល់​ខែ​នៅ​ផាក​កាហ្វេ​សាខា​ត្រសក់​ផ្អែម​។

ជាក់​ស្តែង​កាលពី​ពេល​ថ្មីៗ​នេះ មាន​ការពិភាក្សា​មួយ​ ដែល​បាន​ធ្វើ​ឡើងលើ​ប្រធានបទ “​ដំណើរការ​នៃ​ការ​ចាប់ផ្តើម​អាជីវកម្ម​នៅ​កម្ពុជា​” ដែល​ផ្តោត​ទៅលើ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ​ដែល​ហៅ​កាត់​ថា FinTech “Financial Technology” និង​យុទ្ធសាស្ត្រ​ក្នុង​ការ​ស្វែង​រក​ឥណទាន​។ វត្តមាន​នៃ​វាគ្មិន​កិត្តិយស​ចំនួន ២​រូប ដែល​បាន​ចូលរួម​ពិភាក្សា​ក្នុង​កម្មវិធី​នេះ​គឺ លោក ឡែម ចាន់​សំ​រេច ជា​នាយក​គ្រប់​គ្រង​នៃ​Cambodia Investor Club (CIC) និង លោក ស៊ីម ចាន់គិរី​រ័ត្ន ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​Banhji ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក ហេង សេង​លី ជា​នាយក​គ្រប់​គ្រង​ទូទៅ​នៃ​Park Café​។​

បើ​តាម​លោក​ គី​រីរ​ត្ន័ បាន​បញ្ចាក់​ថា​ បើ​ចង់​ចាប់​ផ្តើម​អាជីវកម្ម​ក្នុង​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន អ្នក​ដែល​ចង់​រកស៊ី​គួរ​ផ្តោត​ទៅលើ E-commerce ព្រោះថា​វា​ជា​ពិតជា​នឹង​មាន​សក្ដានុពល​គួរ​អោយ​កត់​សំគាល់​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។ ចំណែក​ឯ​លោក​ចាន់​សំ​រេច ក៏​បាន​អោយដឹង​ថា​ សម្រាប់​ក្លឹប​អ្នក​វិ​និ​យោគ​កម្ពុជា​របស់​លោកមា​ន​ឥណទាន​មួយ​ចំ​នួន​ធំ​ ដែល​អាច​ផ្តល់​ជូន​សហគ្រិន តែ​ត្រង់​ថា​សហគ្រិន​ត្រូវ​មាន​គោលដៅ​ច្បាស់លាស់ និង​គម្រោង​អាជីវកម្ម​ត្រឹមត្រូវ​ដើម្បី​ស្នើ​សុំ​ខ្ចី​ឥណទាន​ទាំង​នោះ​។​

​ការ​លើកឡើង​របស់​ លោក​ ហេង សេង​លី ក្នុង​ការ​បិទ​កម្មវិធី​ថ្ងៃ​ថ្ងៃទី​ ៣០​ មករា ​បាន​បញ្ជាក់​ថា​ការពិភាក្សា​ពាណិជ្ជកម្ម​នេះ​នឹង​មាន​ធ្វើឡើង​រៀ​ង​រាល់​ខែ ហើយ​ផាក​កាហ្វេ​នឹង​រៀបចំ​មានការ​ចុះ​អនុស្សរណៈ (MOU) ជាមួយ​នឹង​វិទ្យាស្ថាន​អភិ​វ​ឌ្ឍ​ន៍​វិស័​យ​អប់​រំ​ក្នុង​ពេល​ឆាប់ៗ​នេះ​។ លោក​បាន​បន្តថា​សម្រាប់​ខែ​កុម្ភៈ​នេះ ក៏​មាន​ការពិភាក្សា​ដូចគ្នា​ដែល​នឹង​ផ្ដោត​ទៅលើ​ការ ”​គ្រប់​គ្រង​ហិរញ្ញវត្ថុ​សំ​រាប់​ម្ចាស់​អាជីវកម្ម​” នា​ថ្ងៃទី ២៧​កុម្ភៈ​ ខាងមុខ៕ ​

អត្ថបទ៖ ដៃគូសហការ