ម្ចាស់​ស្នាដៃ​ "កំណត់​ហេតុ​នាង​នាថ" ត្រៀម​អង្រួន​​រឿង​ថ្មី​ ដល់​អ្នក​គាំ​ទ្រ​ទៀត​ហើយ

  • 2017-02-12 03:06:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ស្នាដៃ​​រឿង​ "កំណត់​ហេតុ​នាង​នាថ​" របស់​ផលិតកម្ម​ "ឥន្ទ្រានិមិត្ម" កំពុង​តែ​ត្រៀម​បញ្ចេញ​ស្នាដៃ​រឿង​ថ្មី​ចំណង​ជើង​ថា "សសរ​កន្លោង" ដើម្បី​យក​មក​ពញ្ញាក់​អារម្មណ៍​អ្នក​គាំ​ទ្រ​ឆាប់ៗ​ខាង​មុខ​នេះ​ហើយ​។

កាល​ពី​ល្ងាចមិញ​នៅ​ភោជ​នីយដ្ឋាន​ វីហ្វេ្រន​បឹង​ត្របែក​​ម្ចាស់​ផលិតកម្ម "ឥន្ទ្រានិមិត្ម"​បាន​ធ្វើ​សន្និសីទ​បញ្ចេញ​តួ​សម្ដែង​​នៅ​ក្នុង​រឿង​ថ្មី សសរ​កន្លោង​នេះ​ ដែល​ក្នុង​នោះ​អ្នកនិពន្ធ​ក៏​ដូចជា​អ្នក​ដឹកនាំ​លោក ចាន់ណា រ៉ូណាន់​ បាន​ឲ្យ​ដឹង​ថា​ រឿង​ថ្មី​នេះ​​នឹង​ចាប់​ផ្តើម​ក្រុង​ពាលី​ចេញ​ថត​ចាប់​ពី​ថ្ងៃ​ ៦ មិនា នៅ​តំបន់​ខេត្ត​កែប​។

រ៉ូណាន់ ចាន់ណា ថ្លែង៖ "​សម្រាប់​រឿង​ថ្មី​នេះ​ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ នឹង​ជោគជ័យ​ ដោយសារ​ខ្ញុំ​បាន​ស្ទាបស្ទង់​អ្នក​គាំ​ទ្រ​ កាល​ពី​ស្នាដៃ​រឿង​ចាស់ ​ក៏​ដូចជា​ការ​ប្រកាស​ចាប់​ផ្តើម​ថត​រឿង​ថ្មី​ គឺ​ឃើញ​ថា​សន្ទុះ​នៃ​ការ​ចាំ​តាម​ដាន​របស់​បងប្អូន​មា​ន​ច្រើន។ ម្យ៉ាង​ស្នាដៃ​ថ្មី​នេះ​ ខ្ញុំ​សម្រិត​សម្រាំង​និង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន​ ផង​ដែរ"។

អ្នក​ដឹកនាំ រ៉ូណាន់ ចាន់ណា

ស្នាដៃ​រឿង​ថ្មី "សសរ​កន្លោង​" នេះ​អ្នក​ដឹកនាំ រ៉ូណាន់ ចាន់ណា បន្ត​ឲ្យ​ដឹង​ទៀត​ថា​​បាន​ដក​ស្រង់​ចេញ​ពី​រឿង​ព្រេងនិទាន​ខ្មែរ និងចេញ​ពី​ការនិទាន​តគ្នា​ពី​ចាស់ៗ​រួម​ផ្សំ​ពី​គំនិត​ច្នៃ​ប្រឌិត​ ដែល​លោក​បាន​រៀប​ចំ​ច្នៃ​សារ​ជា​ថ្មី​ ដើម្បី​ឲ្យ​រឿង​នេះ​កាន់​តែ​ប្លែ​ក​។​ សម្រាប់​ទី​តាំង​លោក​ប្រាប់​ថា​ជ្រើស​យក​ទឹក​ដី​នៃ​ខេត្ត​កែប និងកំពត ព្រោះ​នៅ​ទីនោះ​មាន​សំណង់​អគារ​បារាំង​ចាស់ៗ ដែល​សមស្រប​ឲ្យ​លោក​អាច​យក​មក​ថត​រឿង​ថ្មី​នេះ​។

តួសម្តែង​នៅ​ក្នុង​រឿង​នេះ​មាន​កញ្ញា យ៉ែម​ ស្រីពេជ្រ អ្នកនាង​ ប៉េង​ប៉ោង លោក ភីម៉ៃ លោក ទ្រី តារាវុធ អ្នក​នាង​ ឆៃលី ដាឡែន លោក​ ហេង ចាន់​វិសាល លោក ហ៊ុន សុភី ព្រម​ទាំង​ Frehie Boy Freshie Girl ​ក្មេង​ៗ​ជា​ច្រើន​ដួង​ទៀត។​ ដើម្បី​ចង់​ពង្រឹង​រឿង​ថ្មី​នេះ​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន​ លោក រ៉ូណាន់​ ផ្ទាល់ មិន​បាន​ចូលរួម​សម្តែង​ដូច​កាល​រឿង "កំណត់​ហេតុ​នាង​នាថ"​ ឡើយ៕

អត្ថបទ៖ ថា ម៉ាលីដា