ជា​ការ​ពិត G-Devith សម្រេច​ដើរ​​ចេញ​ពី​ ហង្សមាស ហើយ?

  • 2017-02-13 06:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​មាន​​ការ​ចាក​ចេញ​ជា​បន្ត​បន្ទាប់​របស់​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​ហង្ស មាន​​ដូចជា​ ឈិត សុវណ្ណ​បញ្ញា យក់ ថិត​រដ្ឋា​ និង​អ្នក​ចាត់​ការ​ទូទៅ អ៊ិន ទីតូ ថ្មីៗ​នេះ​មាន​ប្រភព​ច្បាស់​ការមួយ​​បាន​បង្ហើប​ថា​ ងួន ចាន់ដេវីត ក៏​ដើរ​ចេញ​ពី​ហង្សមាស​ដែរ។

ប្រភព​​ខាង​លើ​បាន​ឲ្យ​ដឹង​ទៀត​ថា​​​ម្ចាស់​បទ​ "រាំ​ញី​កែងជើង" អាច​នឹង​អន់​ចិត្ត​ដោយសារ​មួយ​រយៈ​​នេះ​ ដៃគូ ធ្លាប់​តែ​ច្រៀង​រួម​គ្នា​ហាក់​មិន​សូវ​អើពើ​នឹង​លោក​ ថែម​ទាំង​ស្ងាត់​មិន​មាន​ចម្រៀង​ចេញ​រួម​គ្នា​សម្រាប់​ដើម​ឆ្នាំ​២០១៧​នេះ។​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក្នុង​គណនី​ហ្វេសប៊ុក​​របស់​តារា​ប្រុស​នេះ​​តែង​បង្ហោះ​សារ​ប្លែក​ៗ​ អមជាមួយ​នោះ​ Fan តែង​Comment ​សួរ​ថា​​ ដេវីត ចាក​ចេញ​ពីហង្សមាស​មែន​ទេ?​

ជួប​ជាមួយ​សាមី​ខ្លួន​ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់​ពី​បញ្ហា​នេះ​G-Devith ប្រាប់​ថា​មិន​មានរឿង​បែប​ហ្នឹង​កើត​ឡើង​ឡើយ​។ លោក​និង​តារា​ចម្រៀង​រៀម​ច្បង​ ពេជ្រ សោភា មិន​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​ទាល់​តែ​សោះ​។ រី​ឯ​បទ​ចម្រៀង​ ក៏​កំពុង​តែ​រៀបចំ​ចេញ​​បន្ត​បន្ទាប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុ​ខនេះ​ ។

សម្រាប់​សារ​ដែល​លោក​តែង​បង្ហោះ​ប្លែកៗ​នៅ​ក្នុង​បណ្តាញ​សង្គម​នោះ​ ដោយសារ​បន្តិច​​ទៀត​លោក​នឹង​មាន​ត្រៀម​ចេញ​បទ​ចម្រៀង​​ស្នេហា​បែក​បាក់​ ហើយ​អ្នក​ដឹកនាំ​ទាម​ទារ​មាន​ទាក់​ទង​​នឹងការ​ផុស​ក្នុង​បណ្តាញ​សង្គម​ ទើប​ទស្សនិកជន​មាន​ការ​យល់​ច្រឡំ​បែប​នេះ។

"ការ​ពិត​ដែល​ខ្ញុំ​បង្ហោះ​ប្លែក​ៗ​ហ្នឹង​ ជា​ប្លង់​ក្នុង​បទ​ចម្រៀង​ទេ​បង ដែល​គេ​តម្រូវ​ឲ្យ​ចាប់​យក​អ្វី​ដែល​ខ្ញុំ​បានបង្ហោះ​ក្នុង​ហ្វេសប៊ុក និយាយ​ទៅ Fan យល់ច្រឡំ​ច្រើ​ន​ដែរ ប៉ុន្តែ​ចាំ​ចេញ​បទ​មក ពួកគាត់​គង់​តែ​ដឹង​ទេ ថា​ខ្ញុំ​មិន​បាន​ចាក​ចេញ​ទៅ​ណា​ឡើយ​បង​"។ ដេវីត បញ្ជាក់។

ចុងក្រោយ​តារា​ប្រុស​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​បាត់​ដំបង​អះអាង​ថា​ រឿង​ចាក​ចេញ​ពី​ហង្ស​មាស និង​មាន​បញ្ហា​ជាមួយ​រៀម​ច្បង​ ពេជ្រ សោភា នោះ​លោក​សុំ​បដិសេធ​ដាច់​ខាត​ ថាមិនមាន​រឿង​នោះ​កើត​ឡើង​ទេ៕

អត្ថបទ៖ ថា ម៉ាលីដា