គ្រូ​បង្វឹក​​ Barcelona ​ថា​​នៅ​មាន​ឱកាស​​សង​សឹក​ PSG​​ ​សម្រាប់​ជើង​ទី​២

  • 2017-02-15 01:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Enrique ​អ្នកចាត់ការ​ក្រុម​ FC Barcelona ​មិន​បាត់បង់​ក្ដី​សង្ឃឹម​នោះ​ទេ ទោះ​បី​ក្រុម​អ្នក​មាន​បុណ្យ​ ចាញ់​ក្រុម​ PSG ​៤-០ ​នៅ​ UEFA Champions League វគ្គ​១៦​ក្រុម​ ជើង​ទី​១ ​​​នៅ​​កីឡដ្ឋាន​ Parc des Princes ​​យប់​មិញ​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ ​អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ​ បាន​​បញ្ជាក់​ថា ​Barca ​នៅ​តែ​មាន​​ឱកាស​ឡើង​វគ្គ​បន្ត ​​សម្រាប់​ជើង​ទី​២ នៅ​កីឡដ្ឋាន​ Camp Nou។

Luis Enrique ​អ្នកចាត់ការ​ក្រុម​ FC Barcelona

ក្រោយ​ចប់​​ការ​ប្រកួត​ដ៏​​ខក​ចិត្ត​នេះ​ លោក​ Enrique ​បាន​និយាយ​ថា៖ "ខ្ញុំ​ទទួល​ខុស​ត្រូវ​​សម្រាប់​លទ្ធផល​នេះ ដូច្នេះ​​ខ្ញុំ​មិន​ដាក់​កំហុស​លើ​កីឡាករ​រូប​ណា​ម្នាក់​ទេ។ ដៃ​គូ​របស់​យើង​ (PSG) ​ពួកគេ​លេង​បាន​ល្អ​បំផុត ពួកគេ​ដណ្តើម​បាល់​ឈ្នះ​ច្រើន ​និង​មាន​ប្រសិទ្ធភាព។ យើង​ជា​ក្រុម​មួយ ​យើង​ត្រូវ​តែ​រួបរួម​គ្នា (នៅ​ជើង​ទី​២)។ ​វា​​ពិត​ជា​ពិបាក ប៉ុន្តែ​យើង​នឹង​​មាន​ឱកាស”។

ចំណែក​ឯ​ Andres Iniesta ​ប្រធាន​ក្រុម​ ​Barca ​បាន​និយាយ​​ថា៖ "វា​​ពិបាក​ពន្យល់​ណាស់។ នេះ​ជា​ការ​ប្រកួត​ប្រជែង​ ដែល​គ្មាន​ឱកាស​សម្រាប់​អ្នក​បង្ក​កំហុស​ច្រើន​ (Error) ​នោះ​​ទេ។ យើង​បាន​ជួប​ថ្ងៃ​​ដ៏​អាក្រក់។ ​យើង​ត្រូវ​តែ​គិត​នៅ​ជើង​ទី​២។ រឿង​ខក​ចិត្ត​ដូច​នេះ​ ពេល​ខ្លះ​វា​អាច​កើត​ឡើង​យ៉ាង​ដូច្នេះ ប៉ុន្តែ​យើង​​ត្រូវ​តែ​ក្រោក​ឈរ​ឡើង ដោះ​ស្រាយ​ទាំង​អស់​គ្នា”។

Barcelona ​នឹង​ត្រូវ​ស្វាគមន៍​ PSG ​នៅ​ជើង​ទី​២ ​​នា​កីឡដ្ឋាន​ Camp Nou ​ប្រទេស​អេស្ប៉ាញ​ ​នៅ​ថ្ងៃ​ទី​០៨ ខែ​មិនា​ ខាង​មុខ៕

ប្រែសម្រួល៖ វិន ជីវ័ន្ត | ប្រភព៖ FC Barcelona , SPORT