Cambodia ICT Awards 2017 ដាក់ពាក្យ​ប្រជែង​យក​ជយលាភី​ឆ្នាំនេះ

  • 2017-02-15 06:18:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cambodia ICT Award ឆ្នាំ ២០១៧ ជា​ពាន​រង្វាន់​ថ្នាក់​ជាតិ​លើក​ទី ៣ ដែល​រៀបចំ​ឡើង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ដើម្បី​​ជម្រុញ​លើក​ទឹកចិត្ត​ដល់​សិស្ស​និស្សិត បណ្ដា​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធដែល​មាន​ផលិតផល​និង​សេវាកម្ម​​នៃ​គំនិត​បង្កើត​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា អាច​ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​គ្នា​ដើម្បី​​ដណ្ដើម​យក​ពាន​រង្វាន់ និង​ជួយ​លើក​កម្ពស់​អភិវឌ្ឍ​វិស័យ ICT នៅ​កម្ពុជា។

ឯកឧត្តមបណ្ឌិត កាន ចន្ទមេត្តា រដ្ឋលេខាធិការក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍

ពាន​រង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​ឆ្នាំ ២០១៧ នេះ​មាន​ចែក​ចេញ​ជា​​ប្រភេទ​ពាន​រង្វាន់ និង​វិញ្ញាសា​ប្រកួត​​ខុសៗ​គ្នា​ដែល​មាន​ចំនួន​ប្រាំ​មួយ​ដូច​ខាង​ក្រោម៖

១ វិស័យ​សាធារណៈ

សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​អភិវឌ្ឍន៍​ឡើង ក្នុង​គោលបំណង​ផ្ដល់​ប្រសិទ្ធភាព កាត់បន្ថយ​ពេលវេលា តម្លា​ភាព និង​មាន​តម្លៃ​ទាប​សម្រាប់​បម្រើ​វិស័យ​សាធារណៈ។ កម្មវិធី​អាច​ត្រូវ​អភិវឌ្ឍ​ដោយ​ស្ថាប័ន​ឯកជន​ ស្ថាប័នរដ្ឋ​សហគ្រាស​រដ្ឋ​ដែល​ផ្តល់​មូលនិធិ​ដោយ​រាជរដ្ឋាភិបាល ឬ​ជំនួយ​បរទេស​និង​អាច​ស្ថិត​ក្នុង​ដំណាក់កាល​សាកល្បង​នៅឡើយ។ កម្មវិធី​មិន​មាន​ភាព​ចាំបាច់​ត្រូវ​បាន​ប្រើប្រាស់​ពេញលេញ​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ស្ថាប័ន​រដ្ឋ​ណា​មួយ ​រួច​ហើយ។ កម្មវិធី​ដែល​ត្រូវ​បាន​អភិវឌ្ឍ​ហើយ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ សហគ្រាស​រដ្ឋ​ឬ​ស្ថាប័នរដ្ឋ​សម្រាប់​គោលដៅ​រក​ប្រាក់​ចំណេញ​មិន​រាប់​បញ្ចូល​ ក្នុង​ប្រភេទ​ពានរង្វាន់​នេះ​ទេ។

២ វិស័យ​ឯកជន

សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​របស់​វិស័យ​ឯកជន​រួមមាន​ដូចជា​ កម្រង​កម្មវិធី​សម្រាប់​គ្រប់គ្រង​ឧស្សាហកម្ម, កម្រង​កម្មវិធី​សម្រាប់​គ្រប់គ្រង​ភស្តុភារ​តាម​អេឡិចត្រូនិក (e-Logistics), កម្រង​កម្មវិធី​សម្រាប់​ការ​គ្រប់គ្រង​ខ្សែ​សង្វាក់​ផលិតកម្ម, កម្រង​កម្មវិធី​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ទំនាក់ទំនង សេវា​សុខាភិបាល​តាម​អេឡិចត្រូនិក ទេសចរ និង​បដិសណ្ឋាកិច្ច​ជាដើម។ ក្រុមហ៊ុន​ចុះ​បញ្ជី​ក្នុង​ប្រទេស​កម្ពុជា។ ក្រុមហ៊ុន​មាន​ម្ចាស់​ភាគហ៊ុន​ក្នុង​ស្រុក ១០០%។ សម្រាប់​ក្រុមហ៊ុន​សហកម្មសិទ្ធិ​រវាង​ក្រុមហ៊ុន​ក្នុង​ស្រុក និង​ក្រុមហ៊ុន​បរទេស​ម្ចាស់​ភាគហ៊ុន​ក្នុងស្រុក​ត្រូវ​មាន​ភាគហ៊ុន​យ៉ាងតិច ៥១%។

៣ ការ​រួម​ចំណែក​ទទួលខុស​ត្រូវ​ក្នុង​សង្គម

សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​អភិវឌ្ឍន៍​ឡើង​សម្រាប់​គាំទ្រ​សហគមន៍​របស់​ខ្លួន ក្នុង​គោលបំណង​លើក​កម្ពស់​គុណភាព​ជីវិត ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស ក្នុង​គោលបំណង​ជួយ​កាត់បន្ថយ​គម្លាត​ឌីជីថល។

៤ មាតិកា​ឌីជីថល (Digital Content)

សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​អភិវឌ្ឍន៍​ឡើង​សម្រាប់​ផ្តល់​នូវ​ការ​គ្រប់គ្រង​និង​គាំទ្រ​ បច្ចេកទេស​ទៅ​ដល់​ព័ត៌មាន និង​ឧស្សាហកម្ម​កម្សាន្ត​ដូចជា ការ​ផ្សាយ​ទូរទស្សន៍ វិទ្យុ រោងភាពយន្ត តន្ត្រី ទស្សនាវដ្ដី កាសែត ព័ត៌មាន​លើ​អ៊ីនធឺណិត ហ្គេម​កម្សាន្ត។ ផលិតផល​នោះ​អាច​បង្កើត​ឡើង ជា​ទម្រង់​អត្ថបទ​សំឡេង រូបភាព​និង​វីដេអូ​ជាដើម។

៥ ការ​បង្កើត​​ធុរកិច្ច

សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​អភិវឌ្ឍន៍​ឡើង​ដោយ​ក្រុមហ៊ុន​ធុរកិច្ច​ បង្កើត​តិច​ជាង​រយៈពេល​៣ឆ្នាំ ពី​កាលបរិច្ឆេទ​ចុះ​ឈ្មោះ​ដាក់​ពាក្យ​ប្រកួតប្រជែង។ ម្ចាស់​ភាគហ៊ុន​ធំ​ត្រូវតែ​ជា​អ្នក​ដែល​រក​ឃើញ ឬ​ជា​អ្នក​ផ្តួចផ្តើម​គំនិត​មុន​ដំបូង និង​មិនមែន​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​មេ​ណាមួយ។

៦ ការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍

សំដៅ​លើ​កម្រង​កម្មវិធី ឧបករណ៍ ឬ ផលិតផល​ដែល​ទើប​តែ​ស្រាវជ្រាវ រក​ឃើញ​ចេញ​ពី​គំនិត​ថ្មី សម្រាប់​បម្រើ​តម្រូវការ​ទីផ្សារ​ចេញ​ពី​សាកលវិទ្យាល័យ ស្ថាប័ន​ស្រាវជ្រាវ​ ឬ​ក្រុមហ៊ុន​ដែល​រក​ឃើញ និង​បង្កើត​គំនិត​ថ្មីៗ។ កម្មវិធី​មិនទាន់​ប្រើប្រាស់​នៅឡើយ ហើយ​មិនទាន់​បាន​បញ្ចប់​រួចរាល់​សព្វ​គ្រប់ ប៉ុន្តែ​អាច​ធ្វើ​បង្ហាញ​ពី​មុខងារ​និង​ដំណើរ​ការ​របស់​វា ព្រម​ទាំង​រក្សា​កម្មសិទ្ធិ​បញ្ញា​ជា​ម្ចាស់​របស់​អ្នក​ដែល​រក​ឃើញ​ឬ​ជា​អ្នក ​ផ្ដួចផ្ដើម​គំនិត​មុន​ដំបូង (ផ្ទាល់ខ្លួន ឬ​ក្រុមហ៊ុន)។ ប្រើប្រាស់​ប្រភព​ថវិកា​ផ្ទាល់ខ្លួន​ឬ​ពី​អតិថិជន/ អ្នកប្រើប្រាស់។

អ្នក​ចូល​រួម

កាលវិភាគ​នៃ​ការ​ចូល​រួម​ប្រកួត

  • ១៥ ខែ​កុម្ភៈ ​បើក​ឲ្យ​ដាក់​ពាក្យ​ចូល​រួម​ប្រកួត
  • ១៥ ខែឧសភា បិទ​ឈប់ទទួលពាក្យ
  • ២៥ ខែ​ឧសភា ប្រកាស​លទ្ធផល​ជ្រើសរើស​វគ្គ​ទី ១
  • ១៥ មិថុនា ប្រកាស​លទ្ធផល​ជយលាភី និង​ប្រគល់​ពានរង្វាន់​ ICT Awards 2017។

លក្ខខណ្ឌ​នៃ​ការ​ចូលរួម​ប្រកួត

  • ១ ក្រុមហ៊ុន​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​កម្មវិធី​នេះ​ ត្រូវតែ​ជា​ក្រុមហ៊ុន​ចុះបញ្ជី និង​មាន​អាជ្ញាប័ណ្ណ​ជំនួញ​ត្រឹមត្រូវ​ស្រប​ទៅ​តាម​ច្បាប់​ប្រទេស​កម្ពុជា​។
  • ២ បេក្ខជន​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធីនេះ ត្រូវ​មាន​សញ្ជាតិខ្មែរ ឬ​មាន​លំនៅឋាន​អចិន្ត្រៃយ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។​ ចំពោះ​បេក្ខជន​ដែល​មិន​មាន​សញ្ជាតិ​ខ្មែរ ឬ​មិនមាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​បំណង ​ចង់​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ គឺ​តម្រូវ​អោយ​បេក្ខជន​នោះ​មាន​លិខិត​បញ្ចាក់​ច្បាស់លាស់​ពី​ក្រុមហ៊ុន​ ក្នុងស្រុក​ទើប​អាច​មាន​សិទ្ធិ​ចូលរួម​ប្រកួតប្រជែង​​ក្នុង​កម្មវិធី​នេះ​ បាន។
  • ៣ ក្រុមហ៊ុន​ដែល​ក្ស័យធន​មិនត្រូវ​បាន​អនុញ្ញាត​អោយ​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ​បាន​ឡើយ។
  • ៤ ផលិតផល​ដែល​ដាក់​ប្រកួតប្រជែង​ក្នុង​កម្មវិធី​នេះ ត្រូវតែ​ជា​ផលិតផល​រក្សា​កម្មសិទ្ធិ​បញ្ញា​ដោយ​ក្រុមហ៊ុន​សាមី​ផ្ទាល់ និង​អភិវឌ្ឍន៍ ឬ​បង្កើត​ឡើង​ដោយ​ប្រើប្រាស់​ធនធាន​យ៉ាងហោចណាស់ ៥១% នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

របៀប​នៃ​ការ​​ដាក់​ពាក្យ​ប្រកួត​ប្រជែង​

សំណុំ​បែបបទ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​នេះ អាច​ទាញ​យក​ពី​គេហទំព័រ​ cambodiaictaward ដោយ​ផ្ទាល់ រួច​បំពេញ​ពាក្យ​ចុះ​ឈ្មោះ​តាមរយៈ​ទម្រង់​ពាក្យ​អេឡិចត្រូនិក បន្ទាប់​មក​ផ្ញើ URL វីដេអូ​នៅ​លើ Youtube មុន​នឹង​ចុច Submit។

បេក្ខជន/ ក្រុមហ៊ុន ត្រូវ​ដាក់​សំណុំ​បែបបទ​ចូលរួម​កម្មវិធី​ប្រកួតប្រជែង​និង​​ឯកសារ​ពាក់ព័ន្ធ ​ដទៃ​ទៀត​ក្នុង​ស្រោមសំបុត្រ​បិទជិត​ដោយ​ដៃ ជាមួយ​ត្រា​បញ្ជាក់​ក្រុមហ៊ុន​របស់​សាម៉ីខ្លួន​ហើយ​ផ្ញើរ​ទៅកាន់​អាស័យដ្ឋាន ​ខាងលើ ឬ​អ៊ីម៉ែល​មក​អាស័យដ្ឋាន info@cambodiaictaward.com។

ទំនាក់ទំនង​ព័ត៌មាន​បន្ថែម

សម្រាប់​ព័ត៌មាន​លំអិត​ផ្សេងៗ​ទាក់ទង​ទៅនឹង​ការប្រកួតប្រជែង​ ពានរង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា ២០១៧ បេក្ខជន/ ក្រុមហ៊ុន អាច​ធ្វើការ​ទាក់ទង​តាម​រយៈ​ទូរសព្ទ លោក ស៊ុន រ៉ាពីដ ទូរសព្ទ​លេខៈ ០១៦ ៨៦៨៩៨៤។

កម្មវិធី​ប្រកួតប្រជែង​ថ្នាក់ជាតិ​នេះ​ក៏​នឹង​ផ្តល់​ឱកាស​ដល់​បេក្ខជន​ក៏ ​ដូចជា​ក្រុមហ៊ុន​ដែល​ទទួល​បាន​ជយលាភី​ពី​កម្មវិធី​នេះ​ក្លាយ​ជា​តំណាង​របស់​ប្រទេស​កម្ពុជា​ ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង​ពានរង្វាន់​បច្ចេកវិទ្យា​ គមនាគមន៍ និង​ព័ត៌មាន​ថ្នាក់​អាស៊ាន (ASEAN ICT Awards) ដែល​កម្ពុជា​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ផង​ដែរ៕

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម