គីម ជុងណាម​ ធ្លាប់​សុំ​អង្វរ​ឲ្យ​គេ​ទុក​ជីវិត​ក្នុង​ការ​ប៉ង​លួច​ធ្វើ​ឃាត​​លើក​មុន

  • 2017-02-15 07:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង​ប្រុស​របស់​មេដឹកនាំ​គីម ជុង​អ៊ុន ​គឺ​លោក​​គីម​ ជុង​ណាម​ ដែល​ត្រូវ​គេ​លួច​ធ្វើ​ឃាត​កាល​ពី​យប់​មិញ​​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​គេ​​ដឹង​ថា​ធ្លាប់​​សុំ​អង្វរ​ឲ្យ​គេ​ទុក​ជីវិត​​ខ្លួន ​បន្ទាប់​ពី​​មាន​ការ​ប៉ុនប៉ង​លួច​ធ្វើ​ឃាត​មិន​បាន​សម្រេច​ម្ដង​កាល​ឆ្នាំ​២០១២។ ​បើ​តាម​ប្រធាន​ចារកិច្ច​​​ក្រុង​សេអ៊ូល​បាន​អះអាង​​នៅ​ថ្ងៃ​ពុធ​នេះ។

ក្នុង​ឆ្នាំ ២០១២​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ព្យាយាម​លួច​ធ្វើ​ឃាត គីម ជុងណាម ដែល​​គេ​ស្គាល់​ថា​ជា​អ្នក​គាំទ្រ​​ឲ្យ​មាន​កំណែ​ទម្រង់​ក្រុង​ព្យុងយ៉ាង និង​ជា​អ្នក​រិះ​គន់​​ការ​គ្រប់​គ្រង​ទៀត​ផង​។ សមាជិក​សភា​​ក្រុង​សេអ៊ូល​ថ្លែង​ និង​សង្ខេប​​ដោយ​​ប្រធាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​​ជាតិ​លោក​លី ប៊ូយ៉ុង​ហូ Lee Byung-Ho។

​បើ​​តាម​ប្រភព​លោក​លី​ បន្ត​ថា ​មាន​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លើ​រូប​ ជុងណាម កាល​ឆ្នាំ​២០១២ ហើយ​​នៅ​ខែ​មេសា​ឆ្នាំ​ដដែល​លោក​ ជុង​ណាម បាន​ផ្ញើ​សំបុត្រ​​ទៅ​ឲ្យ​ប្អូន​ប្រុស​​គឺ គីម ជុង​អ៊ុន ​ដោយ​សរសេរ​ថា «​សូម​មេត្តា​ទុក​ជីវិត​ឲ្យ​​ខ្ញុំ​ និង​ក្រុម​គ្រួសារ​​របស់​ខ្ញុំ​ផង។ ​យើង​​មិន​មាន​កន្លែង​ត្រូវ​ទៅ​​ទេ ​យើង​ដឹង​ថា​ផ្លូវ​ដែល​រត់​គេច គឺ​ជា​ផ្លូវ​ស្លាប់។» លោក​លី ​បន្ថែម​ថា​ គីម ជុង​ណាម​ ទទួល​បាន​គាំពារ​ផ្នែក​នយោបាយ​​តិច​​តួច​ប៉ុណ្ណោះ​នៅ​ប្រទេស​​កំណើត​ ហើយ​ជា​ឧបសគ្គ​តិច​តួច​ផង​ចំពោះ​​គីម ជុង​អ៊ុន។

គ្រួសារ​របស់​លោក​ជុង ណាម ​ប្រពន្ធ​មុន និង​ប្រពន្ធ​បច្ចុប្បន្ន​រួម​ទាំង​កូន​៣​នាក់ កំពុង​រស់​នៅ​​ទីក្រុង​ប៉េកាំង និង​ម៉ាកាវសព្វ​ថ្ងៃ​។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ការពារ​ពី​អាជ្ញាធរ​ចិន។

ចំណែក​ឃាត​កម្ម​លោក ​ជុង​ណាម​​ ពេល​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​មរណភាព​របស់​បុគ្គល​សំខាន់​បំផុត​​ក្នុង​របប​ គីម ជុងអ៊ុន ចាប់​តាំង​​ពី​ការ​ប្រហារ​ជីវិត​ពូ​របស់​​គីម ជុង​អ៊ុន​​ គឺ​លោក​​ចាង សុងថេក ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​២០១៣​​ កន្លង​មក។ លោក​ ចាង ​​​ត្រូវ​គេ​ស្គាល់​ថា​​មាន​ទំនាក់​ទំនង​ជិត​ស្និត​​ជាមួយ​ចិន​ និង​គាំ​​ទ្រ​ឲ្យ​មាន​កំណែ​ទម្រង់​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង តែ​ត្រូវ​​គេ​ចោទ​ប្រកាន់​​ថា​ ក្បត់​​ជាតិ។

ចំណែក​លោក​ ជុងណាម ​គេ​ជឿ​ថា​មាន​ទំនាក់​ទំនង​ជា​មួយ​ឥស្សរជន​ក្រុង​ប៉េកាំង​ និង​ជា​មនុស្ស​តែងតែ​រិះគន់​ជា​សាធារណៈ​អំពី​របប​គ្រប់​គ្រង់​​ក្រុង​ព្យុងយ៉ាង​មិន​សំចៃ​មាត់​។ ទោះបី​ជា​ចាប់​ជន​សង្ស័យ​មិន​ទាន់​បាន អាមេរិក​បាន​ចោទ​ប្រកាន់​ត្រង់​ៗ​ទៅ​លើ​​ក្រុង​ព្យុងយ៉ាង​ ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​អំពើ​ឃាតកម្ម​នេះ​ផងដែរ៕

ប្រភព៖ Scmp   ប្រែ​សម្រួល៖ ឡេង ភារុណ