ចាយ​លុយ​មិន​សល់ មក​ពី​ការ​ចំណាយ​មិន​ចាំ​បាច់​ទាំង​នេះ

  • 2017-02-15 08:07:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ ជៀស​មិន​ផុត​រឿង​ចំណាយ​លុយ​ដើម្បី​បំពេញ​តម្រូវ​ការ​ផ្សេងៗ​។ ​ប៉ុន្តែ​ការ​ចំណាយ​ខ្លះ​ក៏​មិន​ចាំបាច់​ក្នុង​ការ​ចាយ​លុយ​ដែល​ខំ​រក​ ធ្វើ​ឱ្យ​អស់​លុយ​អត់​​ប្រយោជន៍​ដែរ។ ​ដូច្នេះ​តើ​ចំណាយ​ណា​ខ្លះ​ដែល​មិន​ចាំបាច់​​ក្នុង​ការ​ចំណាយ​លុយ​? ខាង​ក្រោម​នេះ​គឺ​ជា​ការ​លើក​ឡើង របស់​លោក​សាស្ត្រាចារ្យ​សេដ្ឋកិច្ច ហេង ដារ៉ារ័ត្ន ដែល​កំពុង​បង្រៀន​នៅ​សាកលវិទ្យាល័យ​ឯកជន​មួយ​។​​

១. ​​បង្កើន​ការ​ទិញ​របស់​ប្រើប្រាស់

​របស់​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ គ្មាន​អ្វីក្រៅ​ពី​សំលៀក​បំពាក់ ស្បែក​ជើង ​កាតាប​ស្ពាយ ​និង​របស់​ផ្សេង​ទៀត​។ ​ប៉ុន្តែ​ការ​ចំណាយ​ដែល​មិន​ចាំបាច់​ទៅ​លើ​របស់​ប្រើប្រាស់​រាល់​ថ្ងៃ​នោះ គឺ​ការ​ទិញ​បន្ថែម​ជា​និច្ច​ទោះ​បី​ជា​មាន​ប្រើប្រាស់​គ្រប់គ្រាន់​ហើយ​ក៏ដោយ។ ​ដូចនេះ​គួរ​កាត់​បន្ថយ​ការ​ទិញ​បន្ថែម​ដូចជា​សំលៀកបំពាក់ ស្បែក​ជើង​កាបូប​ជាដើម ​ប្រសិន​បើ​នៅ​ប្រើ​បាន​ពុំ​មាន​បញ្ហា​អ្វី​។ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ សេដ្ឋកិច្ច ហេង ដារ៉ារ័ត្ន​។

​ ​២. ​ចំណាយ​លើ​ការ​ហូប​ចុក​ក្រៅ​ផ្ទះ

លោក​សាស្ត្រាចារ្យ សេដ្ឋកិច្ច​រូប​នេះ​ លើក​ឡើង​បន្ថែម​ទៀត​ថា ទម្លាប់​មិន​ហូប​បាយ​ផ្ទះ​ក៏​ការ​ចំណាយ​មិន​ចាំបាច់​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែរ​។ នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា ​ការ​ចំណាយ​ត្រង់​នេះ​ជា​រឿង​មួយ​មិន​ត្រូវ​ចំណាយ​នោះ​ទេ ​គួរ​តែ​យក​លុយ​ដែល​ចំណាយ​អស់​ជា​ច្រើន​ ដើម្បី​ទិញ​គេ​ហូប​នោះ យក​ទៅ​ទិញ​ម្ហូប​ទុក​ធ្វើ​ខ្លួន​ឯង​នៅ​ផ្ទះ​ប្រសើរ​ជាង​។ ​ហើយ​ម្យ៉ាង​វិញ​ទៀត​ប្រសិន​បើ​នៅ​ផ្ទះ​មាន​អ្នក​ធ្វើ​ស្រាប់​កាន់​តែ​ប្រសើរ ​ពីព្រោះ​ចំណាយ​លើ​ការ​ហូប​ក្រៅ​ផ្ទះ​អាច​អស់​ច្រើន​ជាង​ចំណាយ​ណាៗ​ទាំង​អស់​។

៣. ​​​ចំណាយ​លើ​មនុស្ស​មិន​បាន​ផល

ចំពោះ​ចំណុច​នេះ​វិញ​មាន​ន័យ​ថា ជា​ធម្មតា​មនុស្ស​តែង​មាន​មិត្ត​ភក្ដិ​ការ​រាប់​អាន​​គ្នា​ទៅ​វិញ​ទៅ​មក តែង​មាន​ការ​ជួប​ជុំ​គ្នា​ និង​មាន​កម្ម​វិធី​ផ្សេងៗ​។ ​ប៉ុន្តែ​ដោយ​ឡែក​មនុស្ស​ខ្លះ​តែង​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ ដើម្បី​ប៉ាវ​អ្នក​ដទៃ​​ញ៉ាំ​នេះ​ញ៉ាំ​នោះ ហើយ​ជួន​កាល​អ្នក​ទាំង​នោះ​ជា​មនុស្ស​ពុំ​បាន​ផ្ដល់​ផល​ប្រយោជន៍​ត្រឡប់​មក​វិញ​ទេ​។

​លោក​សាស្ត្រាចារ្យ សេដ្ឋកិច្ច​ ហេង ដារ៉ារ័ត្ន​ លើក​ឡើង​ថា នៅ​ក្នុង​ផែន​ការ​ចាយ​លុយ មាន​លុយ​មួយ​ចំណែក​ត្រូវ​យក​ទៅ​ប៉ាវ​អ្នក​ដទៃ​ដែរ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​ប៉ាវ​នោះ​លុះ​ត្រា​ជា​បុគ្គល​ជោគជ័យ អ្នក​រកស៊ី​ជា​ដើម​ ដើម្បី​បាន​គំនិត​ ការ​រៀន​សូត្រ​ពី​គេ​។ ​ប៉ុន្តែ​ចំពោះ​មិត្ត​ភក្ដិ​ធម្មតា​គួរ​ចេញ​ស្មើ​គ្នា​ទៅ មិន​ចាំ​បាច់​ធ្វើ​អ្នក​មាន​នោះ​ទេ​។​​​

៤. ​សេវា​មិន​ចាំបាច់​ផ្សេងៗ

លោក​សាស្ត្រាចារ្យ​ ហេង ដារ៉ារ័ត្ន​ បន្ត​ទៀត​ថា ចំពោះ​សេវា​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​ខ្លះ មិន​ចាំ​បាច់​ត្រូវ​ចំណាយ​នោះ​ទេ​ ឧទាហរណ៍​សេវា​អ៊ីន​ធឺ​ណេត​ចំពោះ​អ្នក​មិន​ចាំ​បាច់​ភ្ជាប់​វា ​លើក​លែង​តែ​អ្នក​មាន​អាជីវកម្ម​ត្រូវ​ប្រើ​អ៊ីន​ធឺ​​ណេត​។ ​ក្រៅ​ពី​នោះ​នៅ​មាន​សេវា​ផ្សេង​ទៀត​ដូចជា សេវា​បោក​គក់ ​សំអាត​ផ្ទះ គឺ​សុទ្ធ​តែ​អាច​ធ្វើ​ខ្លួន​ឯង​មិន​ចាំបាច់​ត្រូវ​ចំណាយ​លុយ​នោះ​ទេ​។

​​​ ៥. ​ទម្លាប់​បង្កើត​បំណុល

ចំណុច​នេះ​គឺ​ជា​រឿង​សំខាន់​បំផុត​ដើម្បី​ចង់​សល់​លុយ​សល់​កាក់​។ ​យក​ល្អ​កុំ​ទម្លាប់​ធ្វើ​ឱ្យ​ខ្លួន​ឯង​ក្លាយ​ជា​កូន​បំណុល​ឱ្យ​សោះ​ ព្រោះ​នឹង​ធ្វើ​ខ្លួន​ឯង ត្រូវ​បង្កើន​ការ​ចំណាយ​បន្ថែម​ទៀត​ក្នុង​ជីវភាព​របស់​នៅ​ប្រចាំ​ថ្ងៃ​។ ​លោក ហេង ដារ៉ារ័ត្ន​ ​និយាយ​ថា មនុស្ស​ខ្លះ​ច្រើន​មាន​ទម្លាប់​ធ្វើ​អ្វី​មុន​មាន​លុយ​ ដូចជា​ទិញ​ទូរសព្ទ​បង់​រំលស់ ទិញ​ម៉ូតូ ឬ​របស់​ផ្សេង​ទៀត​បង់​រលស់​ ដែល​សុទ្ធ​សឹង​តែ​ជា​ការ​បង់​រំលស់​មិន​ចាំ​បាច់​។

​ក្រៅ​ពី​ចំណុច​នេះ ​អ្នក​ខ្លះ​មាន​ទម្លាប់​លេង​តុង​ទីន ក៏​អាច​បង្កើន​ការ​ចំណាយ​របស់​ខ្លួន​ឯង​កាន់​តែ​ច្រើន​ផង​ដែរ។ ប្រសិន​បើ​អាច​គួរ​ទុក​លុយ​ខ្លួន​ឯង​តែ​ម្ដង​ទៅ​មិន​ចាំបាច់​យក​លុយ​ឱ្យ​គេ​បង្វិល ចំណែក​ខ្លួន​ឯង​ជួប​ការ​លំបាក​នោះ​ទេ​៕​​

​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម