ម៉ាឡេស៊ី​ព្រម​ប្រគល់​សព​​គីម ជុងណាម​​ ឲ្យ​កូរ៉េខាងជើង តែ​មាន​លក្ខខណ្ឌ​ពិសេស

  • 2017-02-17 06:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​មុន​​នេះ​បន្តិច​ អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ប្រកាស​ថា​ បន្ទាប់​ពី​ធ្វើ​កោសល្យ​វិច័យ​​រួច​រាល់ ​គេ​នឹង​ប្រគល់​​សាកសព​​ទៅ​កូរ៉េ​ខាង​ជើង​ភ្លាម ​ប្រសិន​បើ​​ក្រុម​គ្រួសារ​លោក​គីម ជុងណាម ព្រម​តាម​លក្ខខណ្ឌ​ពិសេស​ធ្វើ​តេស្ដ DNA ​ត្រឹម​ត្រូវ។

ការ​អះអាង​ជាមួយ​លក្ខខណ្ឌ​ខាង​លើ ក្រោយ​ពី​ក្រុង​ព្យុងយ៉ាង​បាន​ស្នើ​សុំ​យក​សាកសព​ដោយ​មិនទាន់​ធ្វើ​កោសលវិច័យ​​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ នេះ​​បើ​តាម​មេ​ប៉ូលិស​​ម៉ាឡេស៊ី ​Abdul Samah Mat បញ្ជាក់​​ថ្ងៃ​ទី​១៧​កុម្ភៈ។

លោក​បន្ថែម «​​មក​ទល់​ពេល​នេះ​​ មិន​ទាន់​​មាន​​សមាជិក​គ្រួសារ​​​របស់​ជន​រងគ្រោះ​ណា​ម្នាក់​ មក​អះអាង​​ទទួល​ស្គាល់​សាកសព​នៅ​ឡើយ​ទេ យើង​ត្រូវ​ការ​សំណាក DNA ​នៃ​សមាជិក​គ្រួសារ ដើម្បី​ឲ្យ​ប្រាកដ​ថា​ត្រូវ​គ្នា​​ជា​មួយ​​សាក​សព​ ឬ​អត់។ ​ប្រទេស​កូរ៉េ​ខាង​ជើង​​បាន​ដាក់​សំណើ​សុំ​​មួយ​​ ដើម្បី​​យក​សាកសព​ ប៉ុន្តែ​មុន​​ពេល​យើង​​ប្រគល់​​ជូន​ យើង​​​ត្រូវ​តែ​​កំណត់​​​ថា​​សាក​សព​ជា​របស់​អ្នក​ណា​ពិត​ប្រាកដ។»

​កាល​ពី​ថ្ងៃ​ម្សិលមិញ​​ ឧបនាយក​រដ្ឋ​មន្ត្រី​​ម៉ាឡេស៊ី​​បាន​បញ្ជាក់​ជា​ផ្លូវការ​ថា​ បុរស​ត្រូវ​គេ​ធ្វើ​ឃាត​នៅ​​ព្រលាន​យន្តហោះ​កូឡាឡាំពួរ​​មាន​ឈ្មោះ​ គីម ជុងណាម ជា​បង​ប្រុស​​មេ​ដឹកនាំ​ គីម​ ជុង​អ៊ុន តែ​ម្ដាយ​ផ្សេង​គ្នា​។ បើ​ផ្អែក​តាម​​លិខិត​ឆ្លង​ដែន​បុរស​នោះ​កាន់។ លោក Ahmad Zahid Hamidi ថ្លែង​ថា​​ម៉ាឡេស៊ី​​មាន​បំណង​ប្រគល់​​ជូន​​តាម​សំណើ​ទៅ​​ក្រុង​ព្យុងយ៉ាង​ដែរ។

គួរ​បញ្ជាក់​ថា លោក​ ជុងណាម ​អាយុ​​៤៥​ឆ្នាំ ​មក​​ប្រទេស​ម៉ាឡេស៊ី​​ដោយ​ប្រើ​លិខិត​ឆ្លងដែន​​​ឈ្មោះ Kim Chol​៕

ប៉ូលិស​នៅខាង​ក្រៅ​​បន្ទប់​​ពិនិត្យសាកសព​

ប្រភព៖ The Star   ប្រែ​សម្រួល៖ ឡេង ភារុណ