Tiger Street Football Festival 2017​ នៅ​បាត់ដំបង​បំពេញ​ចិត្ត​ក្រុម​​ចូល​រួម ទោះ​ច្រើន​​លើស​​

  • 2017-02-17 09:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​ហ្វូតសាល​ Tiger Street Football Festival 2017 រដូវ​កាល​ទី​៥​ឈាន​ដល់​មណ្ឌល​​បាត់ដំបង​​ ​ស្អែក​​នេះ​ហើយ​ បន្ទាប់​ពី​មណ្ឌល​ព្រះសីហនុ​បាន​ធ្វើ​ការ​ប្រកួត​រួច​កាល​ពី​សប្តាហ៍​មុន។ នៅ​មណ្ឌល​ខេត្ត​បាត់ដំបង​នេះ​ពិត​ជា​ពិសេស​មែន​ទែន​ដោយ​ក្រុម​បាន​ចូល​រួម​លើស​ពី​ការ​កំណត់ ប៉ុន្តែ​អ្នក​រៀបចំ​ការ​ប្រកូត​បំពេញ​បំណង​របស់​ពួក​គេ។

ពិធី​ចាប់​ឆ្នោត​

តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ទុយ ​វិច្ឆិកា ប្រធាន​អាជ្ញា​កណ្តាល​នៃ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ដែល​បាន​ចូល​រួម​ក្នុង​សន្និសីទ​​សារព័ត៌មាន​ និង​ចាប់​ឆ្នោត​ជ្រើស​ពូល​នា​រសៀល​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​នេះ​​ថា តាម​ការ​គ្រោង​ទុក​ នៅ​ខេត្ត​បាត់ដំបង​នេះ​កំណត់​យក​ត្រឹម​តែ​៥០​ក្រុម​ប៉ុណ្ណោះ​ដើម្បី​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ Tiger Street Football Festival 2017 នេះ​ ប៉ុន្តែ​ក្រុម​បាន​ដាក់​​ពាក្យ​ចូល​រួម​ច្រើន​រហូត​ដល់​​៦៨​ក្រុម។ ​ដើម្បី​បំពេញ​តម្រូវ​ការ​យុវជន​ដែល​ចង់​ចូល​រួម​ប្រកួត​ គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​សម្រេច​ទទួល​យក​ទាំង​អស់។

លោក​អាជ្ញា​កណ្តាល​រូប​នេះ​បន្ត​ថា ដោយ​សារ​តែ​ក្រុម​មាន​ច្រើន​រហូត​ដល់​៦៨​​ទើប​ធ្វើ​ឲ្យ​រៀប​ចំ​ការ​ប្រកួត​នៅ​មណ្ឌល​ខេត្ត​បាត់ដំបង​នេះ​កាន់​តែ​ពិសេស​ប្លែក​ជាង​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ។

ដំណាក់​កាលទី១

  • ជ្រើស​រើស​យក​៨​ក្រុម​​ដើម្បី​ចាប់​ឆ្នោត​ជ្រើស​រើស​ធ្វើ​ការ​ប្រកួត​ដោយ​ក្រុម​ចាញ់​៤​ត្រូវ​អស់​ឱកាស​ ខណៈ​ក្រុម​ឈ្នះ​ទាំង​៤​ត្រូវ​ឡើង​ទៅ​ចូល​រួម​ជាមួយ​​៦០​ក្រុម​ដែល​សរុប​ទាំង​អស់​៦៤​ក្រុម។

ដំណាក់​កាល​ទី​២

  • ក្រុម​ទាំង​៦៤​ត្រូវ​បាន​ចាប់​ឆ្នោត​រើស​​ដៃ​គូ​​ដែល​មាន​៣២​គូ​ដើម្បី​ធ្វើ​ការ​ប្រកួត​​​ដោយ​ក្រុម​ចាញ់​ធ្លាក់​ និង​ក្រុម​ឈ្នះ​ឡើង​ទៅ​វគ្គ​​១៦​ក្រុម​ចុង​ក្រោយ។

នៅ​មណ្ឌល​បាត់ដំបង​នេះ​ក៏​មិន​ខុស​ពី​ខេត្ត​ព្រះសីហនុ​ដែរ​គឺ​​ត្រូវ​ជ្រើស​រើស​៦​ក្រុម​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ។ យន្តការ​នៃ​ការ​រើស​រើស​៦​ក្រុម​នេះ​គឺ​៤​ក្រុម​ដែល​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទទួល​បាន​កៅអី​ឡើង​ទៅ​​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​តែ​ម្តង​ ប៉ុន្តែ​ក្រុម​ទាំង​៤​ត្រូវ​ប្រកួត​គ្នា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ និង​ផ្តាច់​ព្រ័ត្រ​ដើម្បី​ស្វែង​រក​ចំណាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៤​ប្រចាំ​មណ្ឌល​បាត់ដំបង។ ចំពោះ​២​ក្រុម​ទៀត​ត្រូវ​ជ្រើស​រើស​ចេញ​ពី​ក្រុម​ធ្លាក់​ទាំង​អស់​ដែល​គិត​ទៅ​​លើ​លទ្ធផល​ល្អ​ជាង​គេ​បើ​​ប្រៀប​ធៀប​នឹង​​ក្រុម​ធ្លាក់​ផ្សេង​ៗ​ទៀត។

​ប្រាក់​រង្វាន់

​រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្របខ័ណ្ឌ​តំបន់

  • ចំណាត់​ថ្នាក់​លេខ​១ ​ទទួល​បាន ១៥០០​ដុល្លារ ​

  • ចំណាត់​ថ្នាក់​លេខ​២​ទទួល​បាន​ ១ ០០០​ដុល្លារ

  • ចំណាត់​ថ្នាក់​​លេខ​៣​ទទួល​បាន​៥០០​ដុល្លារ និង​

  • ចំណាត់​ថ្នាក់​លេខ​៤​ទទួល​បាន​២០០​ដុល្លារ

រង្វាន់​សម្រាប់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​

  • ជើងឯក​ទទួល​បាន​ ១៥០០០​ដុល្លារ​

  • ជើង​ឯក​រង​ទទួល​បាន​ ៥០០០​ដុល្លារ​

  • ក្រុម​លេខ​៣​ ទទួល​បាន​២៥០០​ដុល្លារ​

  • ក្រុម​លេខ​៤​​ទទួល​បាន១០០០ ​ដុល្លារ​

ការ​ប្រកួត​នឹង​ចាប់​ពី​វេលា​ម៉ោង​៧:១៥​នាទី​ ព្រឹក ថ្ងៃ​ទី​១៨ ដល់ ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ដែល​មាន​ផ្សាយ​ផ្ទាល់តាមរយៈផេក Tiger Beer និង​ផេក Sabay News Sport៕

អត្ថបទ៖ ជាន ចាន់រ៉ា