​គ្រប់​​មីក្រូហិរញ្ញវត្ថុ​ត្រូវ​និយាយ​ថា "នេះ​មិន​មែន​ជា​របស់​រដ្ឋ​ទេ" បើ​មិន​ដូច្នោះ​នឹង​ត្រូវ​បិទ​

  • 2017-02-17 10:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែង​នៅ​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមា វត្ត​ព្រែកប្រា កាល​ពី​ថ្មីៗ​នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​ ​ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​យល់​ច្រឡំ​ថា គ្រឹះស្ថាន ​មីក្រូ​ហិរញ្ញវត្ថុ​ឯកជន​ជា​របស់​រដ្ឋ​នោះ អ្នក​ដែល​អប់រំ​ប្រជាពលរដ្ឋ​សំខាន់​ជាង​គេ គឺ​មីក្រូហិរញ្ញវត្ថុ​ខ្លួន​ឯង ​ប្រាប់​ឱ្យ​ច្បាស់​ថា "​លោកពូ​អ្នក​មីង​មក​ខ្ចី​លុយ​នេះ មិន​មែន​លុយ​រដ្ឋ​នោះ​ទេ ជា​លុយ​ឯកជន"​ ហើយ​ឱ្យ​និយាយ​គ្រប់​ៗ​គ្នា ប្រសិន​បើ​គាត់​មិន​និយាយ​ទេ​នឹង​ត្រូវ​បិទ។

សម្ដេច​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​តាម​គ្រឹះស្ថាន​ទាំង​អស់​ទាំង​តាម​សាខា និង ទីស្នាក់ការ​កណ្ដាល​ទាំង​អស់​ត្រូវ​បិទ​ផ្លាក​ធំ​ៗ​ថា ​ជា​គ្រឹះស្ថាន​ឯកជន រួច​ហើយ​ត្រូវ​អប់រំ​បុគ្គលិក​ឱ្យ​និយាយ​ភាសា​មុន​គេ​ថា នេះ​ជា​គ្រឹះស្ថាន​ឯកជន​ មុន​ផ្ដល់​កម្ចី​ទៅ​ឱ្យ​ប្រជាពលរដ្ឋ បើ​មិន​និយាយ​ទេ​គឺ​ចាប់​បង្ខំ​ត្រូវ​បិទ​តែ​ម្ដង​។ ​សម្ដេច​បន្ថែម​ទៀត​ថា ​នឹង​ត្រូវ​បោះ​ពុម្ព​ជា​សៀវភៅ​តែ​ម្ដង​ទាក់​ទង​ ដើម្បី​ចែក​ចាយ​អប់រំ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​បន្ត​ទៀត​។​

សម្ដេច​ក៏​បាន​លើក​ទៀត​ថា មីក្រូហិរញ្ញវត្ថុ​ទោះ​បី​ឈ្មោះ​អ្វី​ក៏​ដោយ​ មិន​មែន​ជា​របស់​រដ្ឋ​ទេ កន្លង​មក​មាន​ការ​យល់​ច្រឡំ​ធំ​ណាស់ ប្រជាពលរដ្ឋ​តែង​លើក​ឡើង​ថា ​រដ្ឋ​តែង​ទៅ​ទារ​ការ​ប្រាក់ រឹប​អូស​ផ្ទះ​ រឹប​អូស​ដី​ធ្លី។ ដូច្នេះ​ហើយ​​សម្ដេច​សូម អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​អស់​យល់​ឱ្យ​ច្បាស់ ​ចំពោះ​បញ្ហា​នេះ​ហើយ​ឈប់​យល់​ច្រឡំ​បន្ត​ទៅ​​ទៀត​។ សម្ដេច ​ក៏​អំពាវនាវ​ ចំពោះ​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បញ្ជាក់​អត្តសញ្ញាណ​ថា "​ខ្ញុំ​ជា​ឯកជន" ហើយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ត្រូវ​តែ​ធ្វើ​កិច្ចការ​នេះ​ឱ្យ​ច្បាស់​ បិទ​ផ្លាក​ឱ្យ​ធំ​ៗ​តាម​គ្រឹះស្ថាន​​​មីក្រូហិរញ្ញវត្ថុ​ឯក​ជន​ទាំង​អស់​ទូទាំង​ប្រទេស​កម្ពុជា​៕

​ ​​​​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម