​ឃាត់​​ខ្លួន​ ជន​សង្ស័យ​​ម្នាក់​ទៀត​​ ទាក់​ទង​ករណី​​សម្លាប់​បង​ប្រុស​ គីម ជុងអ៊ុន

  • 2017-02-18 09:18:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់ ដែល​ជា​ជន​សង្ស័យ​ក្នុង​ករណី​​សម្លាប់ លោក គីម ជុងណាម ​បង​ប្រុស​ របស់​​លោក គីម​ ជុងអ៊ុន ត្រូវ​បាន​ឃាត់​ខ្លួន​។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​ពី​ មន្ត្រី​ប៉ូលិស​របស់​ម៉ាឡេស៊ី។

តាម​ប្រភព​ BBC ជន​សង្ស័យ​ដែល​ជា​ជន​ជាតិ​កូរ៉េ​ខាង​ជើង​ ខាង​លើ​មាន​ឈ្មោះ​ Ri Jong Chol មាន​វ័យ​ ៤៦​ឆ្នាំ​។

យ៉ាង​ណា​ក្ដី​ ពុំ​ទាន់​​មាន​របាយ​ការណ៍​ថ្មី​​ អំពី​ជន​សង្ស័យ​ដែល​ទើប​​ឃាត់​ខ្លួន​បាន និង​ក្រុម​​ជន​សង្ស័យ​ឃាត់​ខ្លួន​បាន​ពី​មុន ដូច​​ជា​​ស្ត្រី​ឥណ្ឌូណេស៊ី បុរស​ម៉ាឡេស៊ី ​និង​ស្ត្រី​ជន​សង្ស័យ​ដំបូង​គេ​បង្អស់​ កាន់​កាន់​លិខិត​ឆ្លង​ដែន​វៀតណាម ឈ្មោះ Doan Thi Huong នោះ​ទេ​។ ​​​​

ប៉ូលិស​​ជំនាញ​ ជឿ​ជាក់​ថា​ លោក គីម ដែល​ជា​បង​ប្រុស មេ​ដឹក​នាំ​ផ្ដាច់​ការ​​កូរ៉េ​ខាង​ជើង ត្រូវ​គេ​បាញ់​​ ស្ព្រៃ​ពុល​ចំ​មុខ ខណៈ​ពេល​លោក រង់ចាំ​ឡើង​ជិះ​យន្តហោះ​ពី​ ម៉ាឡេស៊ី ទៅ​ ទី​ក្រុង​ម៉ាកាវ​ ប្រទេស​ចិន​។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ កូរ៉េខាងជើង បាន​បញ្ជូន​អ្នក​តំណាង​របស់​ខ្លួន​ជា​ច្រើន​រូប ទៅ​កាន់​នាយកដ្ឋាន​​កោសល្យ​វិច័យ​​នៃ​​មន្ទីរពេទ្យ Kuala Lumpur General Hospital ដែល​ធ្វើ​ការ​ពិនិត្យ​សាកសព​របស់ លោក ជុងណាម ហើយ​បាន​ស្នើសុំ​យក​សាកសព​នោះ​ត្រលប់​ទៅ​វិញ។

​លោក​ជុងណាម ត្រូវ​បាន​​គេ​លួច​ធ្វើ​ឃាត​នៅ​​ម៉ោង​៩​យប់ នៅ​​ព្រលាន​យន្តហោះ​អន្តរជាតិ​​កូឡាឡាំពួរ អំឡុង​​ពេល​រង់​ចាំ​ធ្វើ​ដំណើរ​ចាកចេញ​នា​ម៉ោង​​១០​យប់​ ទៅ​ម៉ាកាវ។

លោក គីម ជុងណាម ដែលមិន​ពេញ​ចិត្ត​នឹង​​ការ​តែងតាំង​ប្អូន​ប្រុស​ គឺ​លោក​​គីម ជុង​អ៊ុន​ ឲ្យ​ស្នង​តំណែង​ជា​​​មេដឹកនាំ​ពី​ឪពុក​​គីម ជុង​អ៊ីល ​ដែល​បាន​ស្លាប់​កាល​ឆ្នាំ​ ២០១១ ​តែង​តែ​​ចំណាយ​ពេល​​ភាគ​ច្រើន​រស់​នៅ​ទីក្រុង​ម៉ាកាវ​ ចិន​ដីគោក និង​សិង្ហបុរី៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ មាន រតនា

ប្រភព៖ BBC