​រក​ឃើញ​ក្រុម​ខ្លាំង​​៦​​​នៅ​បាត់ដំបង​ពាន​ ​Tiger Street Football Festival 2017​ ហើយ​

  • 2017-02-19 23:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជយលាភី​ទាំង​​៦​ប្រចាំ​មណ្ឌល​ខេត្ត​បាត់ដំបង​នៃ​ពាន​រង្វាន់​ដ៏​ធំ​ Tiger Street Football Festival 2017 ​បាន​រក​ឃើញ​ហើយ​ដើម្បី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ប្រជែង​ប្រាក់​រង្វាន់​​រហូត​ដល់​១៥​ពាន់​ដុល្លារ​អាមេរិក។

ក្រោយ​ពេល​ប្រកួត​វគ្គ​ជម្រុះ​ដ៏​ស្វិតស្វាញ​ក្នុង​ចំណោម​ក្រុម​ទាំង​អស់​​ចំនួន​៦៨​ដែល​បាន​ចូល​រួម​ប្រកួត។ ទី​បំផុត​ក្រុម​៤​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដែល​វគ្គ​នេះ​​មាន​ភាព​តឹងតែង​ខ្លាំង​មែន។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង​ C (សសយក​បាត់ដំបង​ C)​បាន​យក​ឈ្នះ​ក្រុម​ សសយក​បាត់ដំបង​ A ដោយ​លទ្ធផល​ ២-១ ខណៈ​ក្រុម​ Fox Zone FC បាន​លត់​ក្រុម​ BMS Club យ៉ាង​ចាស់​ដៃ​ ១០-៥។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​​ជើង​ឯក​ Fox Zone FC បាន​សោក​ស្តាយ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​នាំ​មុខ​​ សសយក​បាត់ដំបង​ C ដោយ​លទ្ធផល​ ១-០ តាំង​ពី​វគ្គ​ទី​១​ និង​ឈាន​ចូល​វគ្គ​ទី​២​ជិត​បញ្ចប់​ហើយ។ ស្រាប់​តែ​នៅ​នាទី​ចុង​ក្រោយ​ សសយក​បាត់ដំបង​ C បាន​ស៊ុត​តាម​ស្មើ​១-១។ ការ​​បន្ថែម​ម៉ោង​តែ​១​នាទី​ប៉ុណ្ណោះ​ ​សសយក​បាត់ដំបង​ C​ បាន​ស៊ុត​ចូល​១​គ្រាប់​ទៀត​យក​ឈ្នះ​ Fox Zone FC ២-១ ដើម្បី​​ទទួល​បាន​ជើង​ឯក​ប្រចាំ​មណ្ឌល​បាត់ដំបង​តែ​​ម្តង ខណៈ Fox Zone FC បាន​ត្រឹម​ជើង​ឯក​រង។

ចំពោះ​ការ​ប្រកួត​យក​ចំណាត់​ថ្នាក់​លេខ​៣​វិញ​​ សសយក​បាត់ដំបង​ A បាន​​បំបាក់​ក្រុម​ BMS Club ដោយ​មិន​ឲ្យ​ត​ដៃ​រួច​ក្នុង​លទ្ធផល​ ៨-០។ ដូច្នេះ​ សសយក​បាត់ដំបង​ A​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ ខណៈ​ក្រុម​ BMS Club ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤។ ដោយ​ឡែក​ ២​ក្រុម​ផ្សេង​ទៀត​គឺ​ក្រុម​ Fox Zone A និង​ ​បាត់ដំបង​ថោន​ A​ ក៏​ទទួល​បាន​កៅអី​ក្នុង​ចំណោម​៦​កៅអី​​ប្រចាំ​មណ្ឌល​បាត់ដំបង​​បន្ត​ដំណើរ​ដំណើរ​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​ដែរ​ ពី​ព្រោះ​ផ្អែក​លើ​លទ្ធផល​ចាញ់​ល្អ​ជាង​ក្រុម​ផ្សេង​ៗ​ទៀត។

ក្នុង​ពិធី​ប្រគល់​ប្រាក់​រង្វាន់​ប្រចាំ​មណ្ឌល​បាត់ដំបង​នេះ​មាន​ការ​ចូល​រួម​ពី​លោក ទុយ វិច្ឆិកា តំណាង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពជា​ លោក​ Allan Wu ជា​​ Trade Marketing Manager របស់​ស្រាបៀរ​ថៃហ្គ័រ លោក​ លឹមហ៊ួ នីតា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​បាត់ដំបង​ និង​លោក​ស្រី Sandrine De Cara ប្រធាន​ផ្នែក​ទី​ផ្សារ​ស្រាបៀរ​ថៃ​ហ្គ័រ។

​ប្រាក់​រង្វាន់

  • ចំណាត់​ថ្នាក់​លេខ​១៖ សសយក​បាត់ដំបង C​ ​ទទួល​បាន ១៥០០​ដុល្លារ ​

  • ចំណាត់​ថ្នាក់​លេខ​២៖ Fox Zone FC​ ទទួល​បាន​ ១០០០​ដុល្លារ

  • ចំណាត់​ថ្នាក់​​លេខ​៣៖ សសយក​បាត់ដំបង​ A​ ទទួល​បាន​៥០០​ដុល្លារ​

  • ចំណាត់​ថ្នាក់​លេខ​៤៖ BMS Club​ ទទួល​បាន​២០០​ដុល្លារ​

  • ចំណាត់​ថ្នាក់​លេខ​៥៖ Fox Zone A

  • ចំណាត់​ថ្នាក់​លេខ​៦៖ បាត់ដំបង​ថោន​ A

ក្រុម​ចំណាត់​ថ្នាក់​លេខ​៤​ប្រគល់​ប្រាក់​រង្វាន់​ដោយ​លោក ទុយ វិច្ឆិកា
ក្រុម​​​លេខ​៣​ប្រគល់​ប្រាក់​រង្វាន់​ដោយ​លោក​ Allan Wu: Trade Marketing Manager of​ Tiger
ក្រុម​​​លេខ​២​ប្រគល់​ប្រាក់​រង្វាន់​​ដោយ​​លោក​ លឹមហ៊ួ នីតា អនុប្រធាន​សសយក​បាត់ដំបង
ក្រុម​លេខ​១​ប្រគល់​ប្រាក់​រង្វាន់​លោក​ស្រី Sandrine De Cara ប្រធាន​ផ្នែក​ទី​ផ្សារ​ស្រាបៀរ​ថៃ​ហ្គ័រ​

អត្ថបទ៖ ជាន ចាន់រ៉ា