កសិករ​មាន​ស្វាយ​កែវ​រមៀត ឧកញ៉ា ម៉ុង ឫទ្ធី នឹង​ប្រមូល​ទិញ​ទៅ​លក់​នៅ​អឺរ៉ុប

  • 2017-02-21 01:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ រហូត​ដល់​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​នាំ​ចេញ​ស្វាយ​កែវ​រមៀត​ទៅ​ប្រទេស​បារាំង​តាម​ជើង​ហោះហើរ QATAR AIRWAY បាន ១៣​ជើង​រួច​មក​ហើយ។ ស្វាយ​ទាំង​នោះ សុទ្ធតែ​ប្រមូល​ទិញ​មក​ពី​ខេត្ត​នានា​ទូ​ទាំង​ប្រទេស​កម្ពុជា ហើយ​អ្នក​ជំនួញ​ផ្នែក​កសិឧស្សាហកម្ម​រូប​នេះ បាន​បញ្ជាក់​ថា នឹង​បន្ត​ប្រមូល​ទិញ​ពី​កសិករ​បន្ថែម​ទៀត។ ​

លោកឧកញ៉ា ម៉ុង ឫទ្ធី បាន​ថ្លែង​ថា៖ “ការ​ពិត​ទៅ ស្វាយ​កែវ​រមៀត​ខ្ញុំ នៅ​មិន​ទាន់​គ្រប់​អាយុ​ទេ... គ្រប់​អាយុ​ប្រមូល​ផល​គឺ​តិច ឯ​ការ​នាំ​ចេញ​កន្លង​មក​នេះ គឺ​យើង​ប្រមូល​ទិញ​ពី​ប្រជាជន ហើយ​ទិញ​ពី​ប្រជាជន​នេះ គឺ​យើង​មិន​រើស​ថា​ទី​ណា តំបន់​ណា​ទេ ឲ្យ​តែ​ប្រជាជន​គាត់​មាន​ស្វាយ គាត់​ទាក់​ទង​មក គឺ​យើង​ទិញ​ទាំង​អស់"។

ដោយសារ​គុណ​ភាព​ខ្ពស់ រសជាតិ​ឆ្ងាញ់ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​អះ​អាង​ថា អ្នក​បញ្ជា​ទិញ​នៅ​ប្រទេស​បារាំង បាន​ស្នើ​សុំ​បង្កើន​ការ​នាំ​ចេញ​ដល់ ២​ដង​ក្នុង​មួយ​សប្ដាហ៍។ ម្ចាស់​ជំនួញ​កសិឧស្សាហកម្ម​បាន​លើក​ឡើង​ថា៖ "ម៉ូយ​យើង​នៅ​នោះ គឺ​សុំ​បង្កើន​ធ្វើ​ម៉េច​ឲ្យ​បាន ២​ជើង ព្រោះ​អី​ដោយសារ​តែ​ស្វាយ​យើង​តម្លៃ​ថោក គុណ​ភាព​ល្អ គុណ​ភាព​ខ្ពស់​មែន​ទែន ដែល​យក​ទៅ​គឺ​សហគមន៍​អឺរ៉ុប​ទទួល​ស្គាល់..."។

ស្វាយ​ដែល​នាំ​ចេញ មិន​តិច​ជាង ៤​តោន​ឡើយ​ក្នុង​មួយ​ជើង ហើយ​បន្ទាប់​ពី​បញ្ជូន​ដល់​ប្រទេស​បារាំង នឹង​មាន​ការ​ចែក​ចាយ​បន្ត​ទៅ​តាម​បណ្ដា​ប្រទេស​នានា​នៅ​អឺរ៉ុប​ទៀត។ លោក​ឧកញ៉ា បាន​បញ្ជាក់​ថា ការ​ដឹក​ជញ្ជូន​មាន​តម្លៃ​ថ្លៃ​បន្តិច ឯ​ការ​វេច​ខ្ចប់​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រោះ​សូម្បី​ជាំ​បន្តិច​ក៏​មិន​អាច​នាំ​ចេញ​បាន​ដែរ។

ចម្ការ​ដំណាំ​ស្វាយ របស់លោកឧកញ៉ា ម៉ុង ឫទ្ធី

អ្វី​ដែល​ជា​មោទនភាព​ថ្មី​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​នោះ​គឺ កាល​ពី​ពេល​ថ្មី​ៗ​នេះ សហគមន៍​អឺរ៉ុប​បាន​យល់​ព្រម​ឲ្យ​ដាក់​ឈ្មោះ​ថា​ជា​ស្វាយ​របស់​ខ្មែរ ដែល​ពី​មុន​មក​មិន​ធ្លាប់​មាន​ទាល់​តែ​សោះ។ សកម្មភាព​ខាង​លើ នឹង​ធ្វើ​ដំណាំ​កម្ពុជា កាន់​តែ​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ទីផ្សារ​អន្តរជាតិ ហើយ​ចាប់​ពី​សប្ដាហ៍​នេះ​ទៅ ការ​នាំ​ចេញ​ស្វាយ​កែវ​រមៀត​ទៅ​បារាំង នឹង​បង្កើន​ដល់ ២​ជើង​ក្នុង​មួយ​សប្ដាហ៍៕

រូបភាព៖ FB ឧកញ៉ា ម៉ុង ឫទ្ធី

អត្ថបទ៖ គង់ វិសាល