Alves ​បក​ស្រាយ​រឿង​ ដែល​ខ្លួន​ធ្លាប់​ហៅ​​ CR7 ​​ថា​​​​កីឡាករ​អាត្មានិយម

  • 2017-02-21 01:59:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dani Alves ​អតីត​ខ្សែ​ការពារ​ក្រុម​ FC Barcelona ​បាន​​បក​ស្រាយ​​រឿង​ ដែល​ខ្លួន​ធ្លាប់​ហៅ​ Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ​ថា​ជា​កីឡាករ​អាត្មានិយម​ គឺ​មិន​មែន​​មាន​ន័យ​អាក្រក់​ ដូច​​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​​ឡើយ។

Ronaldo (ឆ្វេង) និង​ Alves

អំឡុង​ពេល​លេង​ឲ្យ​ Barcelona ​​ខ្សែ​ការពារ​ជម្រើស​ជាតិ​ប្រេស៊ីល​ ​​ត្រូវ​បាន​គេ​ជឿ​ថា​ មាន​ការ​ប៉ះ​ទង្គិច​គ្នា​ត្រង់​ពាក្យ​សម្តី ដោយ​និយាយ​ឌឺដង​​​ CR7 ​ថា​ជា​ "កីឡាករ​អាត្មានិយម”។ ​​ក្រោយ​មក​ Ronaldo ​ក៏​ជឿ​​ថា Alves ​​មាន​​ចេតនា​និយាយ​អាក្រក់​ពី​ខ្លួន​មែន ​​ហើយ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ មិន​បាន​​រាក់ទាក់​ Alves នោះ​ទេ ក្នុង​ពិធី​​ប្រគល់​ពាន​ Ballon d'Or ​កាល​ឆ្នាំ​២០១៥។

Alves ​ដែល​​ចាក​ចេញ​ពី​ Barcelona ​ទៅ​ Juventus ​កាល​​ដើម​រដូវ​កាល​នេះ​ បាន​និយាយ​​ម្សិល​មិញ​ថា៖ "ខ្ញុំ​សូម​បញ្ជាក់​ច្បាស់ៗ​ថា ​ខ្ញុំ​គោរព​ Ronaldo ​ណាស់។ គ្រប់​គ្នា​​ប្រាប់​ខ្ញុំ​ថា ​គាត់​ជា​​កីឡាករ​ដ៏​អស្ចារ្យ។ សម្រាប់​ CR7 ​គឺ​ខុស​គេ។ គាត់​ជា​គូ​ប្រជែង​របស់​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​ប្រកួត​ជាមួយ​គាត់។ ពេល​ខ្ញុំ​និយាយ​ថា ​គាត់​អាត្មានិយម​ណាស់ ​នោះ​មាន​ន័យ​ថា​ ​ពេល​អ្នក​ឈ្នះ​ អ្នក​នឹង​ក្លាយ​ជា​តារា ​ប៉ុន្តែ​ពេល​អ្នក​ចាញ់​ ​អ្នកគាំទ្រ​នឹង​​ដាក់​កំហុស​លើ​អ្នក។ ខ្ញុំ​និយាយ​ ដោយ​ការ​គោរព​ទេ។ ខ្ញុំ​ក៏​​គិត​​លើ​ Lionel Messi ឬ Neymar ​ដូច​គ្នា”។

“អ្វី​ដែល​កើត​ឡើង​គឺ ​សារព័ត៌មាន​បាន​ប្រឌិត​ ​ដោយ​ពួកគេ​បាន​ចុះ​ផ្សាយ​ថា ​ខ្ញុំ​និយាយ​អាក្រក់​ពី​គាត់។ ហើយ​ Ronaldo គាត់​ជឿ​ដូច្នោះ។ នោះ​ជា​មូលហេតុ​ ដែល​​គាត់​មិន​ស្វាគមន៍​ខ្ញុំ​ ​មិន​សប្បាយ​ចិត្ត​ជាមួយ​ខ្ញុំ​​ នៅ​ពិធី​ប្រគល់​ពាន​ Ballon d'Or ឆ្នាំ​២០១៥។ ខ្ញុំ​ជឿ​ថា ​អស់​រយៈពេល​ជា​យូរ​ Ronaldo ​គាត់​បាន​ពិចារណា ហើយ​ដឹង​ថា ​ពាក្យ​របស់​ខ្ញុំ​​មិន​មែន​មាន​ន័យ​អាក្រក់​ទេ។ ក្នុង​ប្រកួត​ El Clasico ​ក្រោយ​ពិធី​​ប្រគល់​ពាន​ Balon d'Or..គាត់​បាន​​ដើរ​មក​រក​ខ្ញុំ ​និង​ចាប់​ដៃ​ខ្ញុំ...ដូច្នេះ​​រឿង​ត្រូវ​បាន​បញ្ចប់”។ កីឡាករ​វ័យ​៣៣​ឆ្នាំ បាន​បញ្ជាក់៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​

អត្ថបទថ្មី