ឧកញ៉ា ម៉ុង ឫទ្ធី ​​មួយ​ថ្ងៃ​ចំណាយ​ពេល​មិន​តិច​ជាង ៦ ម៉ោង​​លើ​ទូរសព្ទ​

  • 2017-02-22 03:12:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនួញ​​ផ្នែក​កសិឧស្សាហកម្ម​ល្បី​ឈ្មោះ លោក​ ឧកញ៉ា ម៉ុង ឬទ្ធី ចំណាយ​លុយ​ទៅ​លើ​ទូរសព្ទ​ទំនើបដើម្បី​​ធ្វើ​ជំនួញ មិន​មែន​ប្រើ​សម្រាប់​តែ​ការ​សប្បាយ។ រាល់​ថ្ងៃ​លោកចំណាយ​ពេល​លើ​ទូរសព្ទ​មិន​តិច​ជាង ៦ ម៉ោង​ឡើយ ​ដើម្បី​គ្រប់​គ្រង​​ការងារ​ក្នុង​ក្រុមហ៊ុន។

“ខ្ញុំ​អត់​ចង់​ឲ្យ​បង់​លុយ​ថ្លៃ​ទូរសព្ទ​ចោល​ទទេៗទេ។ មនុស្ស​មួយ​ចំនួន​ប្រហែល​គ្រាន់​តែ​​យក​ទូរសព្ទ​ជា​ការ​កម្សាន្ត ហើយ​ស្ដាប់​ចម្រៀង តែ​ខ្ញុំ​ចង់​ណែនាំ​ឲ្យ​ប្រើ​​​បច្ចេកវិទ្យា​ទាំង​នេះ ទៅ​​រក​ចំណូល​វិញ​ល្អ​ជាង។ សព្វ​ថ្ងៃ​ខ្ញុំ​ប្រើ​ទូរសព្ទ​ទំនើប​ ដើម្បី​ធ្វើ​ជំនួញ មិន​មែន​ជា​ការ​សប្បាយ​ទេ"។

អ្នក​ជំនួញ​កសិឧស្សាហកម្ម​ល្បី​​រូប​នេះ បាន​លើក​ឡើង​​បន្ត​ទៀត​ថា ​អ្នក​ខ្លះ​ទិញ​ទូរសព្ទ​ទំនើប​យក​ទៅ​លេង​ហ្វេសប៊ុក ឈ្លោះ​​គ្នា​បែក​ទឹក​បែក​ដី តែ​បើ​ជ្រុល​ចំណាយ​លុយ​ច្រើន​បែប​នេះ​ហើយ គួរ​តែ​ប្រើ​ជា​ប្រយោជន៍​ណាមួយ​ដល់​ខ្លួន​វិញ​ទើប​ជា​ការ​ល្អ។

លោក​ប្រាប់​ថា លោក​ចំណាយ​ពេល​ច្រើន​លើ​ទូរសព្ទ​ដូចជា​លើ​​បណ្តាញ​សង្គម​មាន Facebook, Whats Up និង​ Line ដើម្បី​គ្រប់​គ្រង​លំហូរ​ការងារ​​ប្រចាំថ្ងៃ​។

“...ចំពោះ​ខ្ញុំ​សំខាន់​ណាស់ បើ​គ្មាន​បណ្ដាញ​សង្គម​ទាំង​អស់​ហ្នឹង​ទេ ខ្ញុំ​មិន​អាច​គ្រប់គ្រង​ក្រុមហ៊ុន​បាន​ឡើយ ព្រោះ​អី​ច្រើន​ផ្នែក អ៊ីចឹង​ទាល់​តែ​រាយការណ៍​មក​តាម​ហ្នឹង ខ្ញុំ​មិន​អាច​ទៅ​មើល​អស់​ទេ"។

លោក​ឧកញ៉ាបាន​បញ្ជាក់​ថា បច្ចុប្បន្ន​ជំនួញ​គ្រប់​ប្រភេទ​របស់​លោក បាន​ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​កម្ពុជា​ប្រហែល ១ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់​ម៉ឺន​នាក់​ផ្សេង​ទៀត។ បំណង​ធំ​របស់​លោក គឺ​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ និង​ចង់​ឲ្យ​កម្មករ​ស្នាក់​នៅ​ផ្ទះ​ថ្ម ហើយ​ទទួល​បាន​ប្រាក់​ខែ​លើស​ពី​៥០០ដុល្លារ ក្នុង​ពេល​ដែល​លោក​នៅ​មាន​ជីវិត៕

អត្ថបទ៖ ផាន់និត

អត្ថបទថ្មី