​​​​​​គ្រប់​ប្រព័ន្ធ​​ផ្សព្វផ្សាយ ​​ត្រូវ​ប្រាប់​ប្រជាពលរដ្ឋ​ពេញ​១​ឆ្នាំ ថា​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​មិន​មែន​ជា​របស់​រដ្ឋ​

  • 2017-02-22 05:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់​​​ស្ថាប័ន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដូច​ជា​ស្ថានីយ​ទូរទស្សន៍ វិទ្យុ​ ប្រព័ន្ធ​ទូរសព្ទ​ ​ព័ត៌មាន​តាម​អនឡាញ​​​ នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ ​រយៈ​ពេល​មួយ​ឆ្នាំ​​ពេញ​ ប្រាប់​ទៅ​ដល់​សាធារណជន​​ទាំង​អស់​ថា គ្រឹះ​ស្ថាន​​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​អស់​គឺ​ជា​របស់​ឯកជន​ ពុំ​មែន​ជា​របស់​រដ្ឋ​ឡើយ​។ នេះ​បើ​តាម​​ការ​ថ្លែង​របស់​ សម្តេច​អគ្គមហាសេនាបតី​​តេជោ​ ហ៊ុន សែន​ នៅ​ក្នុង​​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញអន្តរជាតិ (PPIU) ព្រឹក​មិញ​នេះ​។

​ចំពោះ​យុទ្ធនាការ​​ផ្សព្វផ្សាយ​​នោះ លោក​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ថា ​ជា​រៀង​រាល់​​​ព្រឹក​​គ្រប់​​សារព័ត៌មាន​ទាំង​អស់​​ ​ត្រូវ​ផ្សព្វផ្សាយ​ដំណឹង "មីក្រូហិរញ្ញវត្ថុ​ទាំង​អស់​នៅ​កម្ពុជា​ ជា​របស់​ឯក​ជន​ ពុំ​មែន​ជា​របស់​រដ្ឋ​ឡើយ​"​ តាម​មធ្យោបាយ​​ផ្សេង​ៗ​ ដូច​ជា​​​​​ការ​ដាក់​អក្សរ​រត់​ពី​ក្រោម​ ការ​សរសេរ​ផ្សាយ​ដំណឹង។ ដោយ​ឡែក​​ចំពោះ​ ​ប្រព័ន្ធ​ទូរសព្ទ នឹង​មាន​ការ​ផ្ញើ​សារ​​រំលឹក​ ព្រម​ទាំង​ចេញ​សម្លេង​​​ប្រាប់​សាធារណជន​ នៅ​ពេល​​​​តេ​​ចេញ​។​​​​​

សម្ដេច​ ហ៊ុន​ សែន បាន​និយាយ​ថា កន្លង​ទៅ​​សាធារណ​ជន​ មាន​ការ​​យល់​ច្រឡំ​ ថា​​ការ​​ខ្ចី​បំណុល​ពី​គ្រឹះ​ស្ថាន​​មី​ក្រូ​ហិរញ្ញវត្ថុ​ គឺ​ជា​ការ​ជំពាក់​ប្រាក់​រដ្ឋ។ ដូច​នេះ​ យុទ្ធនាការ​ខាង​លើ គឺ​ធ្វើ​ឡើង​ដើម្បី​បំបាត់​ការ​ភ័ន្ត​ច្រឡំ ​ និង​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ កុំ​​​ឲ្យ​ជាប់​បំណុល ប្រើ​ប្រាស់​កម្ចី​​ចំ​ទិស​ដៅ មិន​ប្រើ​ក្នុង​ភាព​ហ៊ឺហា​។

ស្ថាប័ន​ហិរញ្ញវត្ថុ​ធំ២ ដែល​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្ដូរ​ Logo (និមិត្តសញ្ញា​) របស់​ខ្លូន។ ក្នុង​នោះ មាន​ ធនាគារ​អេស៊ីលីដា កំពុង​ដំណើរ​ការ​ប្ដូរ​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជាង ៣​លាន​ដុល្លារ។ ចំណែក គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់ ត្រូវ​បាន​សម្ដេច​តេជោ ហ៊ុន សែន ប្រាប់​ឲ្យ​ប្ដូរ​ Logo បន្ទាន់​កាល​ពី​ព្រឹក​មិញ​នេះ៕

អត្ថបទ៖ មាន រតនា

អត្ថបទថ្មី