មាស ចាន់ណា ថា​បឹង​កេត​អត់​មាន ​ចាន់ វឌ្ឍនាកា ​ប៉ះ​ពាល់ ​តែ​មិន​ខ្លាំង​ទេ

  • 2017-02-22 07:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ មាស ចាន់ណា ​គ្រូ​បង្វឹក​របស់​ក្រុម​ណាហ្គាវើល ​បាន​និយាយ​ថា​ក្រុម​បឹងកេត​អវត្តមាន​កីឡាករ​សំខាន់​ចាន់ វឌ្ឍនាកា ​ប្រាកដ​ជា​មាន​ការ​ប៉ះ​ពាល់​ទម្រង់​លេង​នៅ​ក្នុង​ក្រុម​ហើយ ប៉ុន្តែ​វា​មិន​អាច​ធ្វើ​ឱ្យ​ក្រុម​មួយ​នេះ​ខ្សោយ​នោះ​ទេ។

លោក​ មាស ចាន់ណា

​បឹង​កេត​មិន​ទាន់​បាន​ចូល​លេង​លីគ​កំពូល​កម្ពុជា​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួកគេ​បាន​លេង​ពាន​រង្វាន់ AFC Cup ​រួច​មក​ហើយ ដោយ​បាន​យក​ឈ្នះ​ក្រុម Lao Toyota ​នៅ​ជម្រុះ​ដំបូង ​ហើយ​ឡើង​ទៅ​ដល់​វគ្គ​ចែក​ពូល​ទៀត​។ ​ក្នុង​វគ្គ​ចែក​ពូល​នេះ ​បឹង​កេត​ មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម វឌ្ឍនាកា ​នោះ​ទេ ព្រោះ​រូបគេ​បាន​ផ្លាស់​ទៅ​លេង​នៅ​ជប៉ុន​បាត់​ទៅ​ហើយ។ ខណៈ​ដែល​លទ្ធផល​អត់​មាន ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​នេះ ​បឹង​កេត​​បើក​ឆាក​ប្រកួត​នៅ​យប់មិញ​មិន​ទាន់​បាន​ល្អ​ឡើយ ​ដោយ​ចាញ់​ក្រុម Johor Darul Ta'zim ​ក្នុង​លទ្ធផល ៣-០។

​យ៉ាងណាមិញ ​ក្រុម​តំណាង​ឱ្យ​កម្ពុជា​ទៅ​លេង​នៅ​ពាន​រង្វាន់​អន្តរជាតិ​នេះ ​នឹង​ត្រូវ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​បន្ដ​ទៀត​នៅ​ចុង​សប្ដាហ៍​នេះ ​ជួប​ជាមួយ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង។ ខណៈ​ដែល​ពួកគេ​នឹង​ត្រូវ​លេង​នៅ​លីគ ​ដោយ​មិន​មាន​វត្តមាន​របស់ វឌ្ឍនាកា ​ពេញ​មួយ​រដូវ​កាល​នេះ​តែ​ម្ដង។ ចំពោះ​រឿង​បាត់បង់​កីឡាករ​សំខាន់​នេះ​ដែរ ​លោក មាស ចាន់ណា ​បាន​បញ្ជាក់​ដែរ​ថា​ក្រុម​បឹង​កេត​នឹង​មាន​ផល​ប៉ះ​ពាល់​នៅ​តំបន់​ប្រយុទ្ធ ប៉ុន្តែ​នេះ​មិន​មែន​បញ្ជាក់​ថា​បឹង​កេត​ខ្សោយ​ជាង​ឆ្នាំ​មុន​ឡើយ។

គ្រូ​បង្វឹក​ខាង​លើ​បាន​បន្ថែម​ថា​ក្រុម​បឹង​កេត​មាន​កីឡាករ​ល្អ​ៗ​ច្រើន ដូច្នេះ​វា​ពិត​ជា​រឿង​ពិបាក​ណាស់​សម្រាប់​ក្រុម​ដទៃ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ខ្លាំង​មួយ​នេះ។ បើ​ទោះ​អត់ វឌ្ឍនាកា ​ក៏​បឹង​កេត​មាន​កីឡាករ​ល្អ​ៗ​ផ្សេង​ទៀត អាច​នឹង​ជំនួស​តំណែង​ប្រយុទ្ធ​នេះ​បាន​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទពេញនិយម