គន្លឹះ​​សំខាន់​ៗ​ ដើម្បី​ឲ្យ​រៀន​ចប់​បរិញ្ញា​បត្រ​ភ្លាម​ មាន​ការងារ​ល្អ​ប្រាក់​ខែ​ខ្ពស់

  • 2017-02-23 00:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​និស្សិត​មួយ​ចំនួន​ ក្រោយ​បញ្ចប់​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ តែង​មាន​ផលវិបាក​ក្នុង​ការ​ស្វែង​រក​ការងារ​ធ្វើ ជា​ពិសេស​ការងារ​ល្អ​ៗ​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​។ ​ដូច្នេះ​តើ​មាន​គន្លឹះ​សំខាន់​ៗ​អ្វី​ខ្លះ ដើម្បី​ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​មាន​ការងារ​ល្អ​ធ្វើ​ភ្លាម​? ​ខាង​ក្រោម​នេះ​ជា​ការ​ចែក​រំលែក ពី​យុវជន​មួយ​ចំនួន​ដែល​ទទួល​ការងារ​​ល្អៗ​ក្រោយ​បញ្ចប់​ការ​សិក្សា​ភ្លាម​ៗ​។

១. ​កំណត់​គោលដៅ​ការងារ​ឱ្យ​បាន​ច្បាស់លាស់

តាម​ការ​លើក​ឡើង​របស់​​និស្សិត​ សែម សុ​ធីតា ​ទើប​បញ្ចប់​ការ​សិក្សា​ផ្នែក​ធុរកិច្ច ​នៅ​សាកលវិទ្យាល័យ​បៀលប្រាយ ​បច្ចុប្បន្ន​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​ធំ​មួយ​ បាន​លើក​ឡើង​ថា "ចំពោះ​ខ្ញុំ​ដើម្បី​ក្រោយ​បញ្ចប់​ការ​សិក្សា​មាន​ការងារ​ល្អ​ធ្វើ​ភ្លាម យើង​គួរ​កំណត់​ពី​ប្រភេទ​ការងារ​ដែល​យើង​ចង់​ធ្វើ​ មិន​មែន​ចេះ​តែ​រៀន​ៗ​នោះ​ទេ​"។ ​ធីតា បន្ត​ទៀត​ថា ​នៅ​ពេល​កំណត់​ការងារ​ដែល​ចង់​ធ្វើ​ហើយ អំឡុង​ពេល​សិក្សា​គួរ​តាម​ដាន​ការងារ​នោះ​ឱ្យ​ជាប់ ​ប្រសិន​បើ​មាន​ឱកាស​ណា​មួយ​ដូចជា​វគ្គ​បណ្ដុះ​បណ្ដាល​អ្វី​មួយ​ដែល​ពាក់ព័ន្ធ​គួរ​តែ​ចូលរួម​។

​២. ​បង្កើត​ទំនាក់ទំនង​ជាមួយ​លោកគ្រូ​អ្នក​គ្រូ

ចំពោះ​លោក​ នូ សុភា និស្សិត​ផ្នែក​សេដ្ឋកិច្ច នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បច្ចុប្បន្ន​ជា​មន្ត្រី​ក្របខណ្ឌ​រដ្ឋ​មួយ​កន្លែង​បាន​ប្រាប់​ថា ទំនាក់ទំនង​ជាមួយ​លោកគ្រូ​អ្នក​គ្រូ ក្នុង​សាកលវិទ្យាល័យ​ពិត​ជា​សំខាន់​ តែ​និស្សិត​ខ្លះ​ពុំ​បាន​ចាប់​អារម្មណ៍​នោះ​ទេ។ ត្រូវ​ដឹង​ថា​​លោកគ្រូ អ្នក​គ្រូ​នេះ​ហើយ​គឺ​ជា​ជង្រុក​នៃ​ព័ត៌មាន​ល្អៗ​មិន​ថា​តែ​បញ្ហា​ការងារ​នោះ​ទេ​។ ​សុភា ប្រាប់​ថា​គួរ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោកគ្រូ​អ្នក​គ្រូ​ក្នុង​សាកលវិទ្យាល័យ​ ព្រោះ​ពួក​គាត់​ប្រឡូក​ក្នុង​សង្គម​ច្រើន​អាច​ដឹង​អ្វី​ច្រើន​ពី​ពួក​គាត់​។

​​​​ ៣. ​ចូលរួម​កម្មវិធី​នានា​ក្នុង​សង្គម​ឱ្យ​ច្រើន

ដោយ​ឡែក​ គីម​សុង ជា​បុគ្គលិក​កំពុង​ធ្វើ​ការងារ​​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ ក្នុង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ប្រាប់​ថា ការ​ចូលរួម​កម្មវិធី​នានា​ក្នុង​សង្គម​ពិត​ជា​សំខាន់​ណាស់ ​ដូចជា​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ សកម្មភាព​មនុស្ស​ធម៌ ​ការ​ប្រឡង​ប្រជែង​នានា​ជាដើម​ សុទ្ធ​តែ​ឱកាស​កសាង​សមត្ថភាព និង​ធ្វើ​ឱ្យ​មាន​(Credit) ចំពោះ​ខ្លួន​ឯង​ទៀត​ផង​។ ​ជាក់​ស្ដែង​ដូចជា​រូប​លោក​ផ្ទាល់ ​មុន​នឹង​បាន​បម្រើ​ការងារ​ក្នុង​អង្គការ​អន្តរជាតិ​នេះ ព្រោះ​រូប​លោក​មាន​ប្រវត្តិរូប​ល្អ ​ជា​ពិសេស​វិញ្ញាបនបត្រ​​ជា​ច្រើន​បញ្ជាក់​ពី​ការ​ងារ​ក្នុង​សង្គម​នេះ​តែ​ម្ដង​ ព្រោះ​អង្គការ​អន្តរជាតិ​ភាគ​ច្រើន​ផ្ដល់​តម្លៃ​លើ​ការងារ​សង្គម​ណាស់​។

​៤. ​សាក​ល្បង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ក្នុង​ឆ្នាំ​ទី២

មក​ចំណុច​នេះ ធីតា លើក​ឡើង​ថា ​គួរ​សាក​ល្បង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត​ខ្លះៗ​ពេល​កំពុង​សិក្សា​ក្នុង​ឆ្នាំ​ទី​២។ ​ធីតា និយាយ​ថា មិន​មែន​ធ្វើ​ការ​ភ្លេច​ពី​ការ​ខំប្រឹង​រៀន​នោះ​ទេ ប៉ុន្តែ​ពេល​ទំនេរ​សល់​ពី​ការ​សិក្សា​គួរ​ចាប់​យក​ឱកាស​ណា​មួយ ដើម្បី​ធ្វើការ​ងារ​ស្ម័គ្រ​ចិត្ត​ ដូចជា​នៅ​តាម​បណ្ដា​អង្គការ​នានា ឬ​មួយ​ជា​បុគ្គលិក​បណ្ដែត​ក្រៅ​ម៉ោង​ក្នុង​ក្រុមហ៊ុន​ណា​មួយ​ក៏​បាន​។ ​ធីតា ប្រាប់​ថា ធ្វើ​បែប​នេះ​មិន​បាន​ប៉ះពាល់​ដល់​ការ​សិក្សា​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​អាច​ទទួល​បាន​បទពិសោធន៍​ពី​ការងារ ហើយ​ក៏​ជា​ចំណុច​ចាប់​ផ្ដើម​ក្នុង​ការ​សម្លឹង​មើល​ឱកាស​ការងារ​ធំៗ​នៅ​ខាង​មុខ​ទៀត​។

​​ ៥. ​ចូល​បម្រើ​ការងារ​ក្រៅ​ម៉ោង​ក្នុង​ឆ្នាំ​ទី​៣​និង​ទី​៤

មក​ដល់​ចំណុច​នេះ គីម​សុង​ លើក​ឡើង​ថា ​នៅ​ពេល​ដែល​រៀន​ដល់​ឆ្នាំ​ទី ៣ ឬ​ក៏​ទី​បួន​គួរ​ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​ការងារ​ ប៉ុន្តែ​កុំ​ប្រឡូក​ពេញ​ទំហឹង​អី​គួរ​ធ្វើ​បណ្ដើរ​ៗ​បាន​ហើយ​។ ​គីមសុង និយាយ​ថា ​ក្នុង​ឆ្នាំ​ទី ៣ និង​ទី​៤ នេះ​គឺ​ជា​ពេល​វេលា​ត្រូវ​ពង្រឹង​ទៅ​លើ​មុខ​ជំនាញ​កំពុង​សិក្សា​​នៅ​សាកលវិទ្យាល័យ ដូច្នេះ​ហើយ​ប្រសិន​បើ​សម្រុក​ការងារ​ខ្លាំង​ពេក​ អាច​ប៉ះពាល់​ដល់​ការ​សិក្សា​។ ​ដូច្នេះ​ហើយ​គួរ​រក​ក្រុមហ៊ុន​ណា​ដែល​អាច​ឱ្យ​ធ្វើ​ការងារ​ក្រៅ​ម៉ោង​បាន​គួរ​តែ​ធ្វើ​តែ​ក៏​ត្រូវ​ធ្វើ​ឱ្យ​ល្អ​ផង​ដែរ។ គីមសុង ​លើក​ឡើង​ទៀត​ថា ​ក្រោយ​ពេល​បញ្ចប់​ការសិក្សា​ប្រសិន​បើ​ក្រុមហ៊ុន​នោះ​ដំឡើង​ដំណែង​និង​ប្រាក់​ខែ​ឱ្យ​ចង់​ធ្វើ​បន្ត​ទៀត​ក៏​បាន​ ប៉ុន្តែ​បើ​មាន​ការងារ​ណា​ល្អ​ជាង​នឹង​ទៀត​ចង់​ផ្លាស់​ប្ដូរ​ក៏​បាន​ដែរ​៕ ​

​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម
អត្ថបទថ្មី