Man Utd ​ឡើង​វគ្គ​១៦​ក្រុម Europa League ​តែ​​របួស​កីឡាករ​អស់​២​នាក់

  • 2017-02-23 02:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បិសាច​ក្រហម​ Manchester United ​បាន​កក់​កៅអី​ឡើង​វគ្គ​​១៦​ក្រុម​ UEFA Europa League​ បន្ទាប់​ពី​ឈ្នះ​ Saint-Etienne ​១-០ ​នៅ​ទឹក​ដី​បារាំង​យប់​មិញ​ និង​​សរុប​ទាំង​២​ជើង​ ឈ្នះ​ ៤-០។ ប៉ុន្តែ​​កីឡាករ​​ក្រុម​ Man Utd ​២​នាក់​​រង​របួស​ នឹង​ត្រូវ​អវត្តមាន​ប្រកួត​ផ្ដាច់ព្រ័ត្រ​ EFL Cup ​នៅ​ថ្ងៃ​អាទិត្យ​​ខាង​មុខ​នេះ។

Henrikh Mkhitaryan (ស្តាំ) ​ស៊ុត​ចូល​យប់មិញ

Henrikh Mkhitaryan ​ជា​អ្នក​ស៊ុត​គ្រាប់​ជ័យ​ជម្នះ​ឲ្យ​ Man Utd ​យប់​មិញ​ នៅ​នាទី​១៦​ បន្ទាប់​ពី​ Juan Mata ​បញ្ជូន​ឲ្យ។ ​​ចំណែក​ឯ​ខ្សែ​ការពារ​ Eric Bailly ​​​បាន​ទទួល​​កាត​ក្រហម (លឿង​២​ដង) ​នាទី​៦៣ នឹង​ត្រូវ​អវត្តមាន​​​ប្រកួត​បន្ទាប់​នៅ​​ UEFA Europa League។

បន្ទាប់​ពី​ស៊ុត​ចូល​ Mkhitaryan ​បាន​រង​របួស​​សរសៃពួរ​ ​ត្រូវ​ដូរ​ចេញ​នាទី​​២៥ ​​ខណៈ​ដែល​ Michael Carrick ​ដូរ​ចេញ​នាទី​៦២ ​ដោយសារ​របួស​​​ឈឺចាប់​កំភួន​ជើង។ អ្នកចាត់ការ​ Jose Mourinho ​បាន​​លើក​ឡើង​ ក្រោយ​ចប់​ការ​ប្រកួត​ថា ​ខ្សែ​បម្រើ​ទាំង​២​នាក់​នេះ​ នឹង​ត្រូវ​អវត្តមាន​ប្រកួត​ផ្ដាច់ព្រ័ត្រ​ EFL Cup ​ប៉ះ​ Southampton ​នៅ​ Wembley ​នា​យប់​ថ្ងៃ​​អាទិត្យ។

“ខ្ញុំ​គិត​ថា Mkhitaryan ​មិន​អាច​​ជា​ទាន់​​នៅ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ (EFL Cup) ទេ។ ​ខ្ញុំ​​គិត​​ថា​គាត់ និង​ Carrick ​នឹង​​ត្រូវ​អវត្តមាន​​ប្រកួត​នោះ។ ពួកគេ​ទាំង​២​ជា​កីឡាករ​សំខាន់​សម្រាប់​យើង​។ គ្មាន​ពួក​​គេ​នៅ​ផ្ដាច់ព្រ័ត្រ ​ពិត​ជា​ធ្វើ​ឲ្យ​យើង​ស្មុគស្មាញ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​Marouane Fellaini និង​ Bastian Schweinsteiger ​នឹង​អាច​ជំនួស​ពួកគេ​បាន”។ អ្នកចាត់ការ​រហស្សនាម​ Special One ​បាន​បញ្ជាក់៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ វិន ជីវ័ន្ត​