គួច សុគុម្ភៈ ​បន្ត​អវត្តមាន​២​សប្ដាហ៍​ទៀត ​ព្រោះ​មាន​របួស​ពេល​ប្រកួត...

  • 2017-02-23 02:26:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“គួច សុគុម្ភៈ ​​នឹង​ត្រូវ​អវត្តមាន​២​សប្ដាហ៍​ទៀត ព្រោះ​គាត់​មាន​របួស​កាល​ពី​មុន​បើក​រដូវកាល​នេះ ពេល​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​អាស៊ីអឺរ៉ុប”។ នេះ​បើ​តាម​លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល​បាន​បញ្ជាក់។

សុគុម្ភៈ ​បាន​ខកខាន​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​ក្នុង​ប្រកួត​ផ្លូវ​ការ​អស់​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ​ក្រោយ​ពី​រង​របួស​ធ្ងន់ធ្ងរ​ពេល​លេង​ទល់​ក្រុម​​ស៊ីម៉ាក់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​កាល​ពី​រដូវ​កាល​មុន។ យ៉ាងណាមិញ ​ក្រោយ​ពី​ព្យាបាល​អស់​ពេល​ជា​យូរ​មក​នោះ ខ្សែ​បម្រើ​រូប​នេះ​បាន​ត្រលប់​មក​ចូល​ហ្វឹកហាត់​វិញ ​ហើយ​ក៏​បាន​ត្រៀម​ខ្លួន​ដើម្បី​ចូល​រួម​ប្រកួត​នៅ​រដូវ​កាល​ថ្មី​នេះ​ដែរ។

តែ​គួរ​ឱ្យ​សោកស្ដាយ ​កាល​ពី​ប្រកួត​មិត្តភាព​កន្លង​ទៅ​នេះ រូបគេ​បាន​រងរបួស​ជា​ថ្មី​ម្ដង​ទៀត ​ដោយ​ប៉ះ​ជាមួយ​កីឡាករ​របស់​ក្រុម​អាស៊ីអឺរ៉ុប ​ហើយ​របួស​នោះ​ក៏​ត្រូវ​ឱ្យ​រូបគេ​នៅ​ក្រៅ​ទីលាន​រយៈ​ពេល​២​សប្ដាហ៍​ទៀត​ដែរ ​ទើប​អាច​ចូល​លេង​វិញ​បាន។ បើ​តាម​ការ​បញ្ជាក់​ពី​លោក មាស ចាន់ណា ​គឺ​អតីត​កីឡាករ​ភ្នំពេញ​ក្រោន​រូប​នេះ ​អាច​នឹង​ចូល​វិញ​បាន ​ពេល​ក្រុម​ណាហ្គាវើល​ប៉ះ​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ ​ក្នុង​សប្ដាហ៍​ទី​៤​នៃ​លីគ​កំពូល​កម្ពុជា។

កីឡាករ​មក​ពី​ខេត្ត​កំពង់​ធំ​ខាង​លើ​នេះ ​បាន​ចាប់​ផ្តើម​លេង​បាល់ទាត់​នៅ​ពេល​រូប​គេ​ជា​សិស្ស​​​សាលា​បឋម​សិក្សា​កំពង់ធំ​ និង​បន្ត​លេង​ឲ្យ​ក្រុម​វិទ្យាល័យ​បល្ល័ង្គ​​​​។ ​ឆ្នាំ​២០០២ រូប​គេ​​​​​បាន​ជួយ​​ឲ្យ​​​វិទ្យាល័យ​បល្ល័ង្គ​ ជាប់​ចំណាត់​ថ្នាក់​លេខ១​​ក្នុង​ការ​ប្រកួត​​​ជ្រើស​រើស​បាល់ទាត់​ទូទាំង​ប្រទេស។ ​ដោយ​​សារ​តែ​មាន​ទម្រង់​លេង​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង លេច​ធ្លោ​​អ្នក​គ្រប់គ្រង​ក្លឹប​ ខេមរាកីឡា ​លោក​ លាស់ សាឡាក់ខាន់​ ​បាន​យក​ គួច សកុម្ភៈ​ មក​ធ្វើតេស្ត​ ហើយ​ក៏​ជាប់​លេង​​ក្រុម​​ខេមរា​កីឡា​នៅ​​​​ឆ្នាំ​ ២០០៦។ ក្រោយ​មក​រូប​គេ​បាន​​​​លេង​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន​ឆ្នាំ​២០១១​ មុន​ពេល​ប្ដូរ​មក​លេង​ឲ្យ​ក្លឹប​ណាហ្គាវើល​ក្នុង​ឆ្នាំ​២០១៥​៕

អត្ថបទ៖ មុន្នីរម្យ