មិន​ដល់២ឆ្នាំ​ផង ណា សាឌី ប្ដូរ​ដៃគូ​រាប់​ភ្លេច

  • 2017-02-23 04:30:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ និងពិធី​ការិនី​របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​កញ្ញា ណា សាឌី បាន​ប្រាប់​ថា ខ្លួន​បោះជំហាន​វិថី​សិល្បៈ​មិន​បាន​ដល់​២ឆ្នាំ​ស្រួលបួល​ផង ប៉ុន្តែ​ឆ្លង​កាត់​ដៃគូ​រាប់ភ្លេច​ហើយ ជុំវិញ​​ការ​ធ្វើ​ជា​ពិធី​ការិនី​នេះ។

ពិធីករ​ដែល សាឌី ធ្លាប់​ចាប់ដៃគូ​​មាន លោក ជា វណ្ណារិទ្ធ លោក ជួប សុភ័ក្រ លោក អៀង វិច្ឆ័យ លោក មង្គល សេង លោក ទ្រី តារាវុទ្ធ លោក យ៉ែម សំអូន ជា​ដើម​។ មែន​ទែន​ទៅ​នៅ​បាយ័ន សាឌី កាន់​កម្មវិធី​តែ២​ប៉ុណ្ណោះ គឺ​កម្មវិធី "ពិភព​រីករាយ" និង "តន្ត្រី​ខារ៉ាបាវ" ប៉ុន្តែ​មូលហេតុ​ដែល​នាំ​ឲ្យ​តារា​សម្ដែង​ក្នុង​រឿង"មន្ត​ស្នេហ៍​​លេខា"ម្នាក់​នេះ​មាន​​ឱកាស​បាន ចាប់​ដៃគូ​ច្រើន​គ្នា​​​បែប​នេះ ត្រូវ​បាន​នាង​បញ្ជាក់​ថា ភាគ​ច្រើន​ខ្លួន​​ទៅ​ធ្វើ​កម្មវិធី​ខាង​ក្រៅ​ពី​ការងារ​​ទូរទស្សន៍ ដូច​ជា​សម្ពោធ​ហាង សម្ពោធ​ផលិតផល​​ឲ្យ​ក្រុមហ៊ុន​ធំៗ​ជា​ដើម។

សាឌី ថ្លែង​ថា សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដែល​បាន​ធ្វើ​ការងារ​មួយ​ដែល​​ខ្លួន​ពេញ​ចិត្ត​បែប​នេះ ជា​ពិសេស​ការងារ​ពិធី​ការិនី​តែ​ម្ដង។ នាង​ថា ឆ្លង​តាម​ការងារ​ដែល​បាន​ធ្វើ​ជា​មួយ​ដៃគូ​ច្រើន​ដូច​បាន​រៀប​​រាប់​ខាង​លើ ពិសេស​ជា​មួយ​​​ពិធីករ​រៀម​ច្បង ខ្លួន​ទទួល​បាន​បទ​ពិសោធន៍​ល្អ​ច្រើន​ណាស់។

ដោយសារតែ​ឃើញ​ស្នាដៃ​បែប​នេះ​នាង​បង្ហើប​ថា នៅ​ខែ​ក្រោយ​នេះ​ថ្នាក់​ដឹក​នាំ​ស្ថានីយ​ទូរទស្សន៍​បាយ័ន គ្រោង​ប្រគល់​ឲ្យ​ខ្លួន​កាន់​កម្មវិធី​​២ទៀត ដោយ​កម្មវិធី​ទាំង២នោះ ទាក់​ទង់​ការ​ផ្សាយ​ផ្ទាល់​​​លើ ការ​ប្រគំតន្ត្រី​តែ​ម្ដង។ ឈ្មោះ​កម្មវិធី សាឌី មិន​ទាន់​ដឹង​ឡើយ គ្រាន់តែ​ដឹង​តម្រុយ​ខ្លះ​ប៉ុណ្ណោះ។

ណា សាឌី ក្រៅ​ពី​ការងារ​ជា​ពិធី​ការិនី តារា​ស្រីរូប​នេះ​ធ្លាប់​បាន​ថត​MV ស្ប៉ត និង ខ្សែភាពយន្ត​ជា​ច្រើន​រឿង​មក​ហើយ។ រឿង​ដែល​មាន​​ធ្លាប់​ថត​មាន​ដូច​ជា "សុបិន​​យុវវ័យ" "ព្យុះ​ជីវិត​ចិត្ត​អ្នក​លេង" "ផ្លូវ​មរណៈ" និង រឿង "មន្ត​ស្នេហ៍​លេខា" ដែល​កំពុង​ដំណើរ​ការ​ថត៕

អត្ថបទ៖ ខុត សីហា

រូបថត៖ ផ្តល់​ឲ្យដោយ សាឌី