បណ្ណាការ​កូន​ក្រមុំ​ថ្លៃៗ​កប់​ក្ដោង ស្ទើរ​ក្លាយ​ជា​ជំនួញ​នៅ​ប្រទេស​ចិន

  • 2017-02-23 08:07:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​អាយុ ១៨​ឆ្នាំ​ម្នាក់​នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន បាន​ក្លាយ​ជា​អ្នក​មាន​មួយ​រំពេច បន្ទាប់​ពី​ទទួល​បាន​បណ្ណាការ​ក្នុង​ពេល​ភ្ជាប់​ពាក្យ ២,៨៨​លាន​​យាន់(ប្រហែល ៤០ម៉ឺន​ដុល្លារ) កាល​ពី​ពេល​កន្លង​ទៅ។ នេះ​គ្រាន់​តែ​ជា​ករណី​មួយ ក្នុង​ចំណោម​ករណី​ជា​ច្រើន​ទៀត នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​ដោយ​កូន​កំលោះ​ត្រូវ​ចំណាយ​យ៉ាង​ច្រើន​ទៅ​លើ​បណ្ណាការ រហូត​ស្ទើរ​ក្លាយ​ជា​ជំនួញ​នៅ​ប្រទេស​ចិន។

ការ​ផ្ដល់​បណ្ណាការ​ទៅ​គ្រួសារ​ខាង​កូន​ស្រី ជា​ប្រពៃណី​ទំនៀម​ទម្លាប់​យូរ​ណាស់​មក​ហើយ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​បច្ចុប្បន្ន​វា​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង ព្រោះ​តម្លៃ​កើន​ឡើង​យ៉ាង​គំហុក រហូត​ពេល​ខ្លះ​ក្លាយ​ជា​រនាំង​សម្រាប់​បុរស​ក្រី​ក្រ។ ក្នុង​ទសវត្ស​ឆ្នាំ១៩៧០ គ្រួសារ​ទាំង​ឡាយ​នៅ​ក្នុង​ប្រទេស​ចិន បាន​ទទួល​យក​កង់ នាឡិកា ឬ​ម៉ាស៊ីន​ដេរ​ជា​ជំនូន​មាន​តម្លៃ ហើយ​នៅ​ក្នុង​ទសវត្ស​ឆ្នាំ​១៩៨០ ជំនូន​បាន​ប្ដូរ​ជា​ទូទឹកកក ទូរទស្សន៍​ពណ៌ និង​ម៉ាស៊ីន​បោក​សំលៀកបំពាក់។

យ៉ាង​ណា​ក្ដី បច្ចុប្បន្ន​ជំនូន​ទាំង​នោះ​ហាក់​គ្មាន​អ្វី​អស្ចារ្យ​ឡើយ ហើយ​ក៏​ពិបាក​ធ្វើ​ឲ្យ​គ្រួសារ​ខាង​កូន​ស្រី​ពេញ​ចិត្ត​ណាស់​ដែរ ប្រសិន​បើ​ខាង​កូន​ប្រុស​រស់​នៅ​តំបន់​ដាច់​ស្រយាល។ ​អ្វី​ដែល​សំខាន់​នោះ​គឺ​លុយ ហើយ​តម្លៃ​បណ្ណាការ​នៅ​ខេត្តHebei បាន​កើន​ឡើង ២ ទៅ ៥​ដង បើ​ប្រៀប​ធៀប​ក្នុង​ឆ្នាំ​២០១៣។ គ្រួសារ​កូន​ស្រី បាន​ទាមទារ​លុយ​សុទ្ធ​យ៉ាង​តិច ១០​ម៉ឺន​យាន់(១៤៥០០​ដុល្លារ) បូក​រួម​ទាំង​កន្លែង​ស្នាក់​នៅ ព្រម​ទាំង​ឡាន​ទៀត​ផង។

តម្លៃ​បណ្ណាការ​ជា​មធ្យម​នៅ​តាម​ខេត្ត​ក្រីក្រ​មួយ​ចំនួន​ដូច​ជា Shaanxi, Gansu, Xinjiang និង​តំបន់​ស្វយ័ត Inner Mongolia អាច​ថ្លៃ​រហូត​ដល់ ២០​ម៉ឺន​យាន់(២៩០០០ដុលល្លារ)។ ក្រៅ​ពី​លុយ​សុទ្ធ គ្រួសារ​កូន​ក្រមុំ​ខ្លះ​ក៏​បាន​ទាមទារ​គ្រឿង​មាន​តម្លៃ​ទាំង៣ (ខ្សែ​ដៃ​មាស, ចិញ្ចៀន​ពេជ្រ និង​ខ្សែ​ក​មាស) ព្រម​ទាំង​រថយន្ត​មួយ​គ្រឿង​ផង​ដែរ។ ​

ដោយសារ​តម្លៃ​បណ្ណាការ​ថ្លៃ​បែប​នេះ ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​កើត​ឡើង ហើយ​ក៏​មាន​ការ​ពិភាក្សា​គ្នា​ច្រើន​ផង​ដែរ។ កាល​ពី​ខែ​មករា​កន្លង​ទៅ កូន​កំលោះ​នៅ​ខេត្ត Henan បាន​ធ្វើ​ឃាត​ប្រពន្ធ​របស់​ខ្លួន​នៅ​រាត្រី​រៀបការ​ទី១ ដោយ​សារ​ខឹង​អស់​ថ្លៃ​បណ្ណាការ​ប្រហែល ១៦០០០​ដុល្លារ ហើយ​គ្រួសារ​ធ្លាក់​ខ្លួន​ជំពាក់​លុយ​គេ​យ៉ាង​ធ្ងន់​ក។

យ៉ាង​ណា​ក្ដី តំបន់​មួយ​ចំនួន​ដូច​ជា​ក្រុង Wuhan និង Chongqing ឪពុក​ម្ដាយ​កូន​ស្រី​ហាក់​មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ ដោយ​ផ្ដល់​ជំនូន​ទៅ​កូន​ស្រី​ដូច​ម្ដាយ​ឪពុក​កូន​ប្រុស ឬ​ផ្ដល់​បណ្ណាការ​ដែល​បាន​មក​ទាំង​អស់​ទៅ​ឲ្យ​កូន​ទាំង​២។ ចំណែក​នៅ​ប៉េកាំង និង​សៀងហៃ គ្រួសារ​ទាំង​២ ត្រូវ​ចេញ​ថ្លៃ​កន្លែង​ស្នាក់នៅ​​ទាំង​អស់​គ្នា។

ចិន ជា​ប្រទេស​មួយ​ដែល​មាន​អតុល្យភាព​ខ្លាំង​បំផុត​រវាង​មនុស្ស​ប្រុស និង​មនុស្ស​ស្រី ព្រោះ​តែ​គោលនយោបាយ​កូន​មួយ ដែល​អនុវត្ត​រាប់​សិប​ឆ្នាំ​មក​ហើយ។ គោល​នយោបាយ​នេះ បាន​ធ្វើ​ឲ្យ​គ្រួសារ​ជ្រើសរើស​យក​កូន​ប្រុស ជាង​កូន​ស្រី។ ក្នុង​ឆ្នាំ​២០១៦ ប្រទេស​ចិន​មាន​ចំនួន​បុរស​លើស​នារី​ដល់​ទៅ ៣០​លាន​នាក់ ហើយ​អតុល្យភាព​ខ្លាំង​បំផុត​នៅ​តំបន់​ដាច់​ស្រយាល៕

ប្រភព៖ CCTV   ប្រែ​សម្រួល៖ គង់ វិសាល

អត្ថបទពេញនិយម