ដួង ហ្សូរីដា ទៅ​បរិច្ចាគ​ឈាម​នៅ​អតីត​សាលា​របស់​ខ្លួន​

  • 2017-02-23 23:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹកមិញនេះ​កញ្ញា ដួង ហ្សូរីដា បាន​ទៅ​បង្ហាញ​​វត្ត​មាន​បរិច្ចាគ​ឈាម​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ ដែល​ជា​អតីត​សាលា​ដែល​នាង​ធ្លាប់​សិក្សា​កន្លង​មក​។

នៅ​ក្នុង​កម្ម​វិធី​បរិច្ចាគ​ឈាម​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​នេះ​ដែរ​ ក្រោម​ប្រធាន​បទ​ "ឈាម​និស្សិត​ខ្ញុំ​" ដែល​ដឹក​នាំ​ដោយ​សមាគម​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​របស់​អ្នកនាង ចន ច័ន្ទ​លក្ខិណា ក្នុង​នោះ​ ក៏​មាន​វត្ត​មាន​កញ្ញា ដួង ហ្សូរីដា និង​អ្នក​សិល្បៈ​ជា​ច្រើន​រូប​ទៀត​។

ដួង ហ្សូរីដា បាន​ប្រាប់​ក្នុង​គ្រុប​សមាគម​សិល្បករ​ស្ម័គ្រ​ចិត្តជួយ​សង្គម​ថា នាង​មិន​អាច​ខាន​ទេ ព្រោះ​សាកល​វិទ្យាល័យ​ខាង​លើ ជា​ទី​ដែល​នាង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ។ ក្រោយ​បាន​ចូល​រួម នាង​បន្ត​ទៀត​ថា នាង​​ត្រេក​អរ ហើយ​កាន់​តែ​ត្រេក​អរ​ទៀត គឺ​នាង​បាន​​បញ្ចុះ​បញ្ចូល​ ចន ច័ន្ទលក្ខិណា បាន​សម្រេច​ក្រោយ​ព្យាយាម​ជា​ច្រើន​ឆ្នាំ ដោយ​សារ​ថា​ប្រធាន​សមាគម​រូប​នេះ ជា​មនុស្ស​ខ្លាច​ម្ជុល​ណាស់​។

"ចូល​រួម​អប​អរ​សាទរ​ដែល​បង​ស្រី​សំណព្វ​ចិត្ត​ខ្ញុំ​ បង​ ចន ច័ន្ទ​លក្ខិណា អាច​ធ្វើ​បាន​ក្នុង​ការ​យល់​ព្រម​ស្ម័គ្រ​ចិត្ត​យ៉ាង​ក្លាហាន​ក្នុង​ការ​បរិច្ចាគ​ឈាម ជា​លើក​ទី​១​នៃ​ការ​បញ្ចុះ​បញ្ចូល​ ការ​បបួល​របស់​ខ្ញុំ​ អស់​រយៈ​ពេល​ជិត​៤​ឆ្នាំ​ហើយ​ ព្រោះ​ថា​មិន​ហាន​ទេ​គាត់​ខ្លាច​ម្ជុល​និង​ឈាម​"។ នេះ​បើ​តាម​ អ្នកនាង ដួង ហ្សូរីដា បង្ហោះ​នៅ​លើ​ហ្វេស​ប៊ុក​។

ព័ត៌មាន​បន្ថែមពី​សកម្មភាព​ខាង​លើ​ Sabay មិន​អាច​ទាក់​ទង​ ដួង ហ្សូរីដា បាន​ទេ​​ ដោយ​ទូ​ស័ព្ទ​នាង អត់​មាន​អ្នក​ទទួល​៕

​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ពីហ្វេសប៊ុក