រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ណ៍​ម៉ាឡេស៊ី ប្រាប់​ពលរដ្ឋ​មិន​ឲ្យ​ចូល​កូរ៉េខាងជើង

  • 2017-02-23 09:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៣​កុម្ភៈ​ ​រដ្ឋមន្ត្រី​​ក្រសួង​ទេសចរណ៍ និង​វប្បធម៌​ម៉ាឡេស៊ី លោក Datuk Seri Mohamed Nazri Abdul Aziz បាន​​ណែនាំ​ប្រជាជន​​ម៉ាឡេស៊ី​ទាំង​អស់​​មិន​គួរ​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ ព្រោះ​ជា​ហេតុផល​សុវត្ថិភាព​។ នេះ​បើ​​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​ម៉ាឡេស៊ី The Star។

លោក​បាន​​រៀប​រាប់​​ក្នុង​អំឡុង​​ពេល​ចូល​រួម​ទិវា​សិប្បកម្ម​ជាតិ​លើក​ទី​១៥​​​​ (National Craft Day) ថា​ "ប្រទេស​កូរ៉េ​ខាង​ជើង គឺ​ជា​រដ្ឋ​ទុច្ចរិត (Rogue State) ដែល​យើង​​មិន​អាច​ទាយ​ដឹង​មាន​អ្វី​កើត​ឡើង​បាន​ទេ។ ខ្ញុំ​មិន​ចង់​​ឲ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​ទៅ​កាន់​កូរ៉េខាងជើង​ឡើយ​។"

ការ​​ថ្លែង​បែប​នេះ ​គឺ​​ស្រប​គ្នា​ជាមួយ​​​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ម៉ាឡេស៊ី​លោក​ Datuk Seri Anifah Aman ដែល​កូរ៉េ​ខាង​ជើង​ចោទ​​​ម៉ាឡេស៊ី​ថា​ បាន​បំផ្លាញ​ទំនាក់​ទំនង​ការបរទេស​​ តាមរយៈ​​ករណី​ឃាតកម្ម​​លោក​គីម ជុងណាម កាល​ពី​ថ្ងៃ​ទី​១៣​កុម្ភៈ។ លោក​​បន្ថែម "ពួក​គេ​ជា​រដ្ឋ​ទុច្ចរិត​។ ទីនេះ​មិន​មែន​កូរ៉េ​ខាង​ជើង​ទេ ទី​នេះ​ជា​ម៉ាឡេស៊ី។ យើង​មាន​ច្បាប់​ទម្លាប់​របស់​យើង។"

ក្នុង​​ករណី​នេះ ​កូរ៉េ​ខាង​ជើង​បាន​ទាមទារ​​យក​សាកសព​លោក​គីម ជុងណាម ត្រលប់​ទៅ​កូរ៉េ​ខាង​ជើង​វិញ​​ដោយ​មិន​បាច់​ធ្វើ​កោសល្យ​វិច័យ និង​បន្ទោស​ម៉ាឡេស៊ី​ជា​អ្នក​ធ្វើ​ឲ្យ​​គីម ជុងណាម ស្លាប់​ទៀត​ផង៕

ប្រភព៖ The Star   ប្រែ​សម្រួល៖ ឡេង ភារុណ